ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបញ្ចប់យុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរដែលមិនទាន់មានឯកសារហើយកំពុងធ្វើការនៅប្រទេសថៃនៅសល់ចំនួនប្រមាណ ១ ម៉ឺននាក់ទៀតនៅត្រឹមដំណាច់ខែនេះ ឬពួកគេត្រូវត្រឡប់មកធ្វើឯកសារនៅកម្ពុជាវិញ បន្ទាប់ពីបានផ្តល់ភាពស្របច្បាប់ដល់ពលករ ១ លាន ៧ ម៉ឺននាក់។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមន្ត្រីការពារសិទិ្ធកម្មករបានថ្លែងថាចំនួនកម្មករខ្មែរដែលគ្មានឯកសារគឺអាចមានចំនួនច្រើនជាងនេះ ហើយកំពុងប្រឈមនឹងការលំបាកនៅពេលពួកគេទៅបំពេញបែបបទធ្វើឯកសារស្របច្បាប់។
នៅក្នុងសេចក្តីជូនដំណឹងមួយរបស់ក្រសួងការងារដែលចេញផ្សាយកាលពីថ្ងៃទី ១៨ ខែមិថុនាបានបញ្ជាក់ថានឹងបញ្ចប់ការបញ្ជាក់អត្តសញ្ញាណដល់ពលករខ្មែរឲ្យបានចប់មុនថ្ងៃទី ៣០ ខែមិថុនានេះ។
សេចក្តីជូនដំណឹងនោះបានបញ្ជាក់ថាគិតត្រឹមថ្ងៃទី ១៨ ខែមិថុនាប្រទេសទាំង ២ បានរួមគ្នាផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាចំនួន ១ លាន ៧ ម៉ឺននាក់។
សេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា៖ «ភាគីថៃឯកភាពអនុញ្ញាតឱ្យពលករកម្ពុជាដែលមិនទាន់មានឯកសារក្រោយបញ្ចប់យុទ្ធនាការនេះអាចត្រឡប់ទៅប្រទេសកម្ពុជា ដើម្បីស្នើសុំធ្វើឯកសារស្របច្បាប់ ហើយវិលត្រឡប់មកធ្វើការនៅប្រទេសថៃវិញ»។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារក៏បានបញ្ជាក់ផងដែរថា ភាគីថៃនឹងសហការជាមួយភាគីកម្ពុជាដោយភាពទន់ភ្លន់ក្នុងករណីរកឃើញថា មានពលករកម្ពុជាដែលមិនទាន់មានឯកសារ ឬបាត់ឯកសារ ដោយសហការជូនដំណឹងមកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។
ក្រសួងការងារបានហៅការផ្តល់ឯកសារស្របច្បាប់ដល់កម្មករនេះថាជារឿង «ជោគជ័យ» មួយដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង ២។
លោក Dy The Hoya មន្ត្រីអង្គការ Central ដែលជាអង្គការសិទ្ធិការងារបានថ្លែងថាចំនួនពលករកម្ពុជាដែលគ្មានឯកសារនៅក្នុងប្រទេសថៃគឺមានចំនួនខ្ពស់ជាងអ្វីដែលក្រសួងបានប្រកាសហើយក្រសួងប្រហែលជាមិនអាចផ្តល់ឯកសារស្របច្បាប់ដល់ពលករកម្ពុជាដែលគ្មានឯកសារទាំងអស់ឲ្យបានទាន់ពេលវេលាបានទេ ទោះបីជាបានពន្យារពេលជាច្រើនលើកច្រើនសាហើយក្តី។
លោកថ្លែងថា៖ «ដំណើរការផ្តល់ឯកសារស្របច្បាប់ប្រហែលមិនអាចទៅដល់ពលករគ្រប់គ្នាបានទេ។ ចំពោះតួលេខដែលផ្តល់ជូនដោយក្រសួង ខ្ញុំមិនគិតថាពលករដែលគ្មានឯកសារ នៅសល់តិចជាង ២ ម៉ឺនឬ ៣ ម៉ឺននាក់នោះទេ។ យើងបានសង្កេតហើយរកឃើញថាម្ចាស់អាជីវកម្មខ្នាតតូចតាមផ្ទះ និងនិយោជិតមិនបានដឹងអំពីដំណើរការផ្តល់ឯកសារនោះទេ ជាពិសេសអ្នកធ្វើការជាអ្នកលក់ដូរនៅក្នុងផ្ទះ»។
លោក Hoya បានបន្ថែមថាពលករដែលគ្មានឯកសារ ពួកគេប្រឈមនឹងការលំបាកក្នុងការទទួលបានភាពស្របច្បាប់។
លោកបន្តថា៖ «នៅពេលដែលយើងនិយាយជាមួយពលករចំណាកស្រុកទាំងនោះពួកគេបានប្រាប់យើងថា ឧទាហរណ៍ អំពីតម្លៃគឺអស់ប្រហែលពី ៣ ពាន់ទៅ ៤ ពាន់បាត ប៉ុន្តែពួកគេត្រូវចំណាយអស់ប្រមាណ ១ ម៉ឺនបាត ដោយសារតែឈ្មួញកណ្តាលប្រាប់ពួកគេ។ ដូច្នេះហើយទើបពួកគេបាត់បង់ទំនុកចិត្តក្នុងការធ្វើវា»។
លោក Hoya ថ្លែងថាទាំងពលករ និងថៅកែ ពួកគេមិនទទួលបានព័ត៌មានអំពីដំណើរការផ្តល់ឯកសារស្របច្បាប់នេះទេ ជាពិសេសម្ចាស់អាជីវកម្មខ្នាតតូច។
លោកបញ្ជាក់ថា៖ «ចំពោះក្រុមហ៊ុនធំៗដែលបានចុះបញ្ជី ពួកគេដឹងហើយបានបញ្ជូនបុគ្គលិករបស់ខ្លួនទៅធ្វើឯកសារនោះ»។
លោកបន្ថែមទៀតថា ដូចអ្វីដែលជាច្បាប់ចុងក្រោយបំផុតរបស់ប្រទេសថៃ គឺថាពួកគេអាចប្រឈមនឹងការផាកពិន័យ គឺទាំងពលករ និងនិយោជករបស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកមិនគិតថាវាអាចឈានដល់ដំណាក់កាលនេះទេ ពីព្រោះថាប្រទេសថៃនៅតែត្រូវការពលករចំណាកស្រុក ដើម្បីធ្វើការដដែល»៕ NS