យុទ្ធនាការ​ស្នើឱ្យ​រដ្ឋាភិបាល​បិទ​រោងចក្រ​អារឈើ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ចុង​ក្រោយ​របស់​កម្ពុជា​ តាមរយៈ​សំណើ​ពីក្រុម​សកម្មជន​បរិស្ថាន​ ​និង ​សិទ្ធិមនុស្ស​បាន​ឈានដល់​ដំណាក់​កាល​ទី ២។

​យុទ្ធនាការ​នេះ ​ត្រូវបាន​ធ្វើឡើង​៣​ដំណាក់កាល ​គឺ​ទី​១ ការធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ចាប់ពី​ថ្ងៃទី ​១ ​ដល់​ថ្ងៃទី​ ១០ ​មេសា។

​ក្រុមយុវជន​នាំគ្នា​ថត​បង្ហោះ​វីដេអូ ​ដើម្បី​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃឈើ ​ទី​២ ការធ្វើ​យុទ្ធនាការ​ដោយ​ធ្វើដំណើរ​តាម​ម​ធ្យោ​យ​បាយ​យានយន្ត​នៅ​ទូទាំង​ខេត្ត​ទាំង​៤​ នៃ​តំបន់​ ព្រៃ​ឡង់​ ចាប់ពី​ថ្ងៃទី២២ ​ដល់​ថ្ងៃទី២៧​ មេសា។ រីឯ​ទី​ ៣​ គឺជា​យុទ្ធនាការ​ធ្វើដំណើរ​តាម​ម​ធ្យោ​យ​បាយ​យានយន្ត​នៅ​ទូទាំងប្រទេស​ដែលមាន​តំបន់​ព្រៃឈើ​កំពុង​រង​ការកាប់​បំផ្លាញ។​

​លោក ​ទឹម ម៉ាឡៃ ​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា ​(CYN) ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ ថ្ងៃនេះ​​ថា​ យុទ្ធនាការ​ដំណាក់កាល​ទី​​ ២​ គឺមាន​ការរៀបចំ​ធ្វើ​សកម្មភាព​ជាច្រើន​ ក្រៅតែពី​ការចុះ​ធ្វើ​យុទ្ធនាការ​តាម​មធ្យោបាយ​យានយន្ត។ ក្នុងនោះ​ក៏មាន​ការថតរូប​បង្ហោះ​ ជុំវិញ​គ្នា​ដើម្បី​ទាមទារ​ឱ្យ​លុបបំបាត់​ការកាប់បំផ្លាញ​ព្រៃឈើ និង​ ការអញ្ជើញ​យុវជន​ធ្វើជា​វាគ្មិន​ នៅក្នុង​កិច្ចពិភាក្សា​អំពី​ការ​ចូល​រួម​ការពារ​ព្រៃឈើ​ជាដើម។​

​លោក​ ម៉ាឡៃ ថ្លែងថា​៖«នៅក្នុង​យុទ្ធនាការ​ហ្នឹង​ យើង​ក៏​ដើម្បី​រំឭ​ខួប​នៃ​ការស្លាប់​របស់​លោក​ឈុត វុទ្ធី ​ក្នុង​រយៈពេល ​៨ ​ឆ្នាំ ដើម្បី​រំឭក​អំពី​វីរភាព​របស់លោក និង​ ផ្ដល់​ការចងចាំ​ដល់​លោក ​ក៏ដូចជា​ប្រាប់​ទៅដល់​ក្រុមយុវជន​ឱ្យ​ចេះ​ស្រឡាញ់​ព្រៃឈើ​និង​ធនធាន​ធម្មជាតិ»។​

​លោក​បន្តថា​ ចំពោះ​ដំណាក់កាល​ទី​៣ ​នឹងមាន​ការរៀបចំ​សកម្ម​ភាពជា​បន្តបន្ទាប់​ទៀត ​ដែល​ផ្ដោតលើ​ការ​ហ៊ាន​និយាយ​ការពិត​អំពី​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា និង​អាចដាក់​ឯកសារ​ ឬ ​រូបភាព​ដែល​ជាភស្ដុតាង​មួយចំនួន ​ទៅ​ស្ថាប័ន​របស់​រដ្ឋាភិបាល​ អំពី​ការកាប់បំផ្លាញ​ព្រៃ​ឡង់និង​ការ​លួច​ដឹកឈើ​ចេញពី​ប្រទេស​កម្ពុជា ​ដើម្បី​យកទៅ​លក់​នៅក្រៅ​ប្រទេស។​

​លោក​បន្ថែមថា ​ការដាក់​ភ័ស្ដុតាង​ទាំងនោះ ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​រដ្ឋាភិបាល​ ប្រសិនបើ​នៅតែ​ចោទប្រកាន់ថា ​ការលើកឡើង​អំពី​ការបាត់បង់​ព្រៃ​ឡង់​របស់​សកម្មជន​ឬ​សហគមន៍ ​ធ្វើឡើង​ដោយ​គ្មាន​ភ័ស្ដុតាង​ច្បាស់​លាស់។​

​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​នេត្រ ភក្ដ្រា ​លើកឡើងថា ​ក្រសួង​គាំទ្រ​ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិ​បាល​ ឬ​សមាគម ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​នីតិវិធី​ច្បាប់ ​ក្នុង​ការធ្វើសកម្មភាព​ ដើម្បី​ចូលរួម​ដល់​ការងារ​អភិរក្ស ធន​ធាន​ធម្មជាតិ ​ជីវៈចម្រុះ​ដែល​កម្ពុជាមាន​ដោយ​ស្មោះ​ត្រង់។

​លោក​ថ្លែងថា​៖ «ការធ្វើ​យុទ្ធនាការ​ឬ​សកម្មភាព​ណាមួយ​ជា​សិទ្ធិ​របស់​ពួកគេ។ ប៉ុន្តែ​ ស្នើសុំ​ធ្វើយ៉ាងណា​ ការធ្វើ​សកម្មភាព​ ទាំង​នោះ​មាន​ភាព​ស្របច្បាប់។ ​ប្រសិនបើ​ក្នុងនាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​សមាគម​ណាមួយ ​ត្រូវមានការ​ចុះបញ្ជី​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ មិនមែន​ធ្វើ​សកម្មភាព​បែប​អនាធិបតេយ្យ ​និង​ក្នុង​បំណង​ ទុច្ចរិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ទេ​»។​

លោក​នេត្រ ភក្ត្រា ​ធ្លាប់​បញ្ជាក់ថា​ ក្រសួងបរិស្ថាន​នឹង​អាច​ចាត់វិធានការ​ទៅតាម​ច្បាប់ ចំពោះ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ឬ​អង្គការ​មួយចំនួន​ដែល​គាំទ្រ​ដល់​បណ្ដាញ​សហគមន៍​នេះ​ ប្រសិនបើ​នៅតែ​ប្រឆាំងនឹង​សេចក្ដី​ប្រកាស​របស់​ក្រសួង​បរិស្ថាន ដែល​គាំទ្រ​ឱ្យ​បណ្ដាញ​សហគមន៍​បន្ត​ចុះទៅ​ល្បាត​ក្នុង​តំបន់​ព្រៃ​ឡង់ ​ដោយ​មិនទាន់​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​ស្រប​តាម​ច្បាប់​ជាមុន។​

លោក​ ឃុត សឿម​ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ខេត្ត​ព្រះវិហារ​ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា នៅ​ថ្ងៃទី​២៤​មេសា​ ពលរដ្ឋ​ចំនួន​២​ភូមិ​នៅ​ឃុំ​រួសរាន់​និង​ឃុំ​រៀបរយ​នៃ​ស្រុក​រវៀង នឹងចូលរួម​ធ្វើ​យុទ្ធនាការ​ដោយ​ជិះ​ម៉ូតូ។ ​

លោក​ថា ព្រៃ​ឡង់​នៅ​ខេត្តព្រះវិហារ កំពុង​រង​ការកាប់​បំផ្លាញ​ដោយសារ​វត្តមាន​ក្រុមហ៊ុន​ធី​ង៉ា។​

លោក​បន្តថា​ ចាប់តាំង​ពី​ក្រសួងបរិស្ថាន​ហាម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​មិនឱ្យ​ចុះ​ល្បាត​ព្រៃ​មក គឺ​បណ្ដាញ​សហគមន៍​ទាំង​៤​ខេត្ត​ ពុំបាន​ទាក់ទង​គ្នា​ដូច​មុន​នោះ​ទេ​ ដោយសារ​អាជ្ញាធរ​នៅតាម​មូលដ្ឋាន ​ត្រូវបាន​ដាក់ពង្រាយ​ឱ្យ​តាមដាន​សកម្មភាព​រប​ស់​ក្រុម​សហគមន៍​ជាប់​ជាប្រចាំ​។​

​លោក​បញ្ជាក់ថា​៖ «​នៅ​ថ្ងៃស្អែក​នេះ ​(​ថ្ងៃទី​ ២៤ ​មេសា​) ​មិនដឹងថា​ធ្វើ​យុទ្ធនាការ​បាន​ឬ​មិន​បានទេ»៕