ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមនៅចំពោះមុខយុវជនជាប់ចោទម្នាក់ឲ្យជាប់ពន្ធនាគារ ៥ ឆ្នាំ ពាក់ព័ន្ធបទរួមភេទជាមួយមិត្តស្រីដែលជាសិស្សសាលាដូចគ្នាកាលពីអំឡុងឆ្នាំ ២០១៨ បន្ទាប់ពីបានជំនុំជម្រះកាលពីថ្ងៃទី ១៦ ខែធ្នូ បើទោះបីជនជាប់ចោទនិយាយថា ពួកគេបានស្រឡាញ់គ្នាដោយចិត្ត និងចិត្តក្តី។
នៅក្នុងបន្ទប់សវនាការពីម្សិលមិញលោកចៅក្រម គី ឫទ្ធី បានអានសាលក្រមនៅចំពោះមុខយុវជនជាប់ចោទ និងកំបាំងមុខដើមបណ្តឹងថា សំណុំរឿងដែលមានជនជាប់ចោទឈ្មោះ កែវ ម៉ានិត ហៅ ម៉ៅ អាយុ ១៩ ឆ្នាំ គឺក្រោយពីបានពិភាក្សាដេញដោល និងក្រោយពីបានស្តាប់ការសន្និដ្ឋានរបស់មេធាវី ការពារសិទ្ធិឲ្យជនជាប់ចោទ និងការសន្និដ្ឋានរបស់តំណាងអយ្យការមក ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចឲ្យជនជាប់ចោទឈ្មោះ កែវ ម៉ានិត រូបនេះជាប់ពន្ធនាគារ ៥ ឆ្នាំ និងសងសំណងជំងឺចិត្តទៅនារីរងគ្រោះ ៥ លានរៀល។
លោកចៅក្រមថា៖ «រឿងនេះសាលាដំបូងរាជធានីភ្នំពេញនឹងទុកសិទ្ធិដល់ជនជាប់ចោទឲ្យប្តឹងទាស់បន្តទៀតទៅសាលាឧទ្ធរណ៍ ប្រសិនបើជនជាប់ចោទមិនសុខចិត្តនឹងសាលក្រមនេះ»។
បន្ទាប់ពីប្រកាសសាលក្រមលោក សឹង ពន្លក មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទថ្លែងថា ករណីកូនក្តីលោកត្រូវបានចោទប្រកាន់ ២ បទល្មើសដែលទី ១ គឺបទរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ ឆ្នាំ និង ១ បទល្មើសទៀតគឺបទនាំយកអនីតិជនចេញដោយមិនស្របច្បាប់តាមបញ្ញត្តិមាត្រា ៩ និងមាត្រា ៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ។
លោកបន្តថា ការផ្តន្ទាទោសកូនក្តីរបស់លោកដាក់ពន្ធនាគារ ៥ ឆ្នាំនោះគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម។ «ទោះយ៉ាងណា ខ្ញុំនឹងជួបជាមួយកូនក្តីរបស់ខ្ញុំ និងក្រុមគ្រួសារជនជាប់ចោទទៀតថា តើត្រូវប្តឹងទាស់ទៅសាលាឧទ្ធរណ៍ ឬយ៉ាងណា»។
គួរបញ្ជាក់ថាកាលពីថ្ងៃបើកសវនាការជនជាប់ចោទ ម៉ានិត ដែលធ្លាប់ជាមនុស្សញៀនគ្រឿងញៀននិយាយប្រាប់ចៅក្រមថា គាត់ស្រឡាញ់នារីរងគ្រោះឈ្មោះ ឌ.ឆ.ល អាយុ ១៥ ឆ្នាំជាសិស្សសាលា មានផ្ទះនៅក្បែរគ្នាក្នុងសង្កាត់ស្ទឹងមានជ័យ ៣។ នៅអំឡុងឆ្នាំ ២០១៨ គាត់លេងឆាតតាមទូរស័ព្ទ បន្ទាប់មកពួកគេបានស្រឡាញ់គ្នាដោយចិត្ត និងចិត្ត ហើយគាត់តែងតែលួចឡើងផ្ទះរបស់នាងនៅពេលយប់ និងបានរួមភេទជាមួយគ្នាជាញឹកញាប់។
ជនជាប់ចោទបន្តថាទំនាក់ទំនងស្នេហារវាងពួកគេនេះបានធ្វើឲ្យឪពុកម្តាយទាំងសងខាងដឹងហើយគាត់ក៏បានឲ្យឪពុកម្តាយចូលស្តីដណ្តឹងក្មេងស្រីរងគ្រោះ ប៉ុន្តែឪពុក-ម្តាយក្មេងស្រីរងគ្រោះប្រកែកមិនព្រមព្រោះយល់ថា គាត់ជាមនុស្សប្រើប្រាស់ថ្នាំញៀន។ ទីបំផុតពួកគេបានពង្រត់គ្នាទៅរស់នៅខេត្តតាកែវ ហើយមានកូនជាមួយគ្នា ប៉ុន្តែកូននោះរលូត។
ជនជាប់ចោទថាចាប់តាំងពីទៅរស់នៅឯខេត្តតាកែវមកគឺពួកគាត់មិនដែលផ្តល់ដំណឹងឲ្យម្តាយឪពុកបានដឹងពីកន្លែងរស់នៅទេ ប៉ុន្តែក្រោយមកដោយសារសា្ថនភាពរស់នៅមានការលំបាកទើបគាត់ទូរស័ព្ទសុំលុយម្តាយ ហើយម្តាយក៏នាំពួកគាត់មកផ្ទះវិញបាន ៣ ថ្ងៃក៏ត្រូវឪពុកម្តាយខាងស្រីប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃ ១០ កក្កដា ឆ្នាំ ២០១៩៕