កំពង់ធំៈ យុវជនម្នាក់បានស្លាប់ និង ៤ នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាលនៅក្នុងគ្រោះថ្នាក់ស្ទូចផ្ទះឈើប្រក់ក្បឿង លើកឡើងឱ្យខ្ពស់ ប៉ុន្តែនៅខណៈកំពុងស្ទូចនោះ វាបែរជាស្រុតដីធ្វើឱ្យរលំផ្ទះសង្កត់លើកម្មករទាំងនោះ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិ ជីយោគ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង នៅព្រឹកថ្ងៃទី ១១ ឧសភានេះ។
លោក វរសេនីយ៍ឯក យ៉ង សំ អធិការនគរបាលស្រុកស្ទោង ប្រាប់នៅល្ងាចថ្ងៃទី ១១ ឧសភានេះថា ជនរងគ្រោះស្លាប់ឈ្មោះ ហ៊ា សុហ៊ុន ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិ ជីមាស ឃុំម្សាក្រង ស្រុក ស្ទោង។
ចំណែកអ្នករងរបួសមានឈ្មោះ ពិន ខុម ភេទ ប្រុស អាយុ ៥២ ឆ្នាំ របួសធ្ងន់រស់នៅភូមិស៊ីវុត្ថា ឃុំប្រាសាទ ស្រុក សន្ទុក។ ញឹក យ៉ាន់ ភេទ ប្រុស អាយុ ៤៦ ឆ្នាំ រស់នៅភូមិម្សាក្រង ត្បូង ឃុំម្សាក្រង ស្រុក ស្ទោង និង បុរស ២ នាក់ទៀតរងរបួសស្រាល។
លោកថ្លែងថា៖ «ក្រុមជនរងគ្រោះស្ទូចផ្ទះនោះ ឡើងតែវាស្រុតដីទៅក៏រលំបាក់សង្កត់ទៅ»។
ម្ចាស់ផ្ទះបានជួលកម្មករបុរសប្រមាណជាពី ៥ ទៅ ៧ នាក់ ដើម្បីឱ្យមកស្ទូចផ្ទះដែលសង់ពីសម័យមុន លើកឡើងឱ្យខ្ពស់ដើម្បីដាក់សសរ។
ប៉ុន្តែនៅវេលាម៉ោងជាង ៨ ព្រឹកថ្ងៃទី ១១ ឧសភា ខណៈក្រុមជនរងគ្រោះកំពុងដាក់ជន្ទុល ដើម្បីស្ទូចផ្ទះឡើងក៏ស្រាប់តែស្រុតដីហើយក៏ទាញដែក និងឈើជន្ទុល កាច់រលំផ្ទះសង្កាត់លើក្រុមកម្មករទាំងនោះតែម្តង។
ក្រោយកើតហេតុភ្លាមៗ ទាំងកម្លាំងសមត្ថកិច្ចទាំងប្រជាពលរដ្ឋ បានខំស្ទុះស្ទាដើម្បីដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង។
ចំណែកសាកសពជនរងគ្រោះគឺសមត្ថកិច្ចបានប្រគល់ជូនគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណី។
ចំពោះការប្តឹងពីសំណាក់គ្រួសារជនរងគ្រោះដល់ម្ចាស់ផ្ទះឬយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ៕