សៀមរាបៈ យុវជន ១ រូប បានសម្រេចលុបបទចម្រៀងរ៉េប ដែលរិះគន់ពីបញ្ហាសង្គមចេញពីហ្វេសប៊ុក និងយូធូប (Youtube) និងបានប្រកាសឈប់បន្តច្រៀងបទចម្រៀងនេះទៀត ក្រោយពីមានមន្ត្រីចុះទៅព្រមានដល់ផ្ទះក្នុងខេត្តសៀមរាបបន្ទាប់ពីបទចម្រៀងចំណងជើងថា «សង្គមនេះ» ត្រូវបានផ្សព្វផ្សាយ ជាអ្វីដែលសង្គមស៊ីវិលថា បើមានការគំរាមមែនគឺបង្ហាញពីរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។
បន្ទាប់បទចម្រៀងនេះត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមកាលពីដើមខែឧសភា អាជ្ញាធរខេត្តនេះបានចុះទៅសួរនាំនិងតាមរកយុវជនរូបនេះដល់កន្លែងធ្វើការ និងដល់ផ្ទះចាប់តាំងពីថ្ងៃទី ១៣ ខែ ឧសភា មក ដោយតម្រូវឲ្យយុវជនរូបនេះ លុបបទចម្រៀងនេះចេញ និងសន្យាឈប់ចៀងបទបែបនេះទៀត។
បទចម្រៀងក្រោមចំណងជើងថា «សង្គមនេះ» ចៀងដោយលោក ឈុន ឌីម៉ី ឬហៅថា ឌីម៉ី ខេមបូ (DymeyCambo ឬខ្មែរមួយជីវិត) វ័យ ២៤ ឆ្នាំ ជាអនុប្រធានផ្នែកអនាម័យនៅមន្ទីរពេទ្យកុមារ រស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលបានរៀបរាប់ពីរឿងរ៉ាវអយុត្តិធម៌ក្នុងសង្គមជាច្រើនរាប់តាំងពីការប្រព្រឹត្តអំពើពុករលួយ ទុក្ខលំបាករបស់ពលរដ្ឋក្រីក្រ បញ្ហាជម្លោះដីធ្លី និងការបាញ់កាប់សម្លាប់ គាបសង្កត់លើប្រជារាស្ត្រស្លូតត្រង់ អ្នកចេះដឹង និងអ្នកស្នេហាជាតិជាហូរហែ ក្នុងន័យជំរុញឲ្យយុវជន «ក្រោកឡើងជូតទឹកភ្នែកឱ្យជ្រះ រួចបន្តដំណើរទៅទៀត»។
លោក ឈុន ឌីម៉ី បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោកបានសម្រេចលុបបទចម្រៀងនេះចេញវិញ ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ និងដោយសារបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួននិងគ្រួសារ ក្រោយពីមាន មន្ត្រី ៣ ទៅ ៥ នាក់បានចុះទៅសួរនាំឪពុកម្តាយរបស់លោកដល់ផ្ទះនៅភូមិត្រពាំងសេះសង្កាត់គោកចក។
លោកថា៖ «ខ្ញុំបានលុបបទចម្រៀងរបស់ខ្ញុំចេញហើយ រួចខ្ញុំនឹងបញ្ឈប់រឿងហ្នឹង កុំឲ្យកាន់តែខ្លាំងឡើង។ ខ្ញុំនឹងឈប់ធ្វើបទចម្រៀបបែបហ្នឹងទៀត បែរមកធ្វើចម្រៀងបែបមនោសញ្ចេតនា លើកទឹកចិត្តក្មេងជំនាន់ក្រោយឲ្យចេះស្រឡាញ់គ្នានិងចេះរួមសាមគ្គីគ្នាវិញ សូមឲ្យស្ងប់ស្ងាត់ព័ត៌មាននេះវិញទៅ បើបទចម្រៀងខ្ញុំនេះ វាមានបញ្ហាខ្ញុំសុំបញ្ចប់បញ្ហានេះវិញ»។
លោក សួស ណារិន អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តសៀមរាបបានថ្លែងពីម្សិលមិញថា លោកនឹងស៊ើបអង្កេតករណីនេះ។ ប្រសិនបើមានការគំរាមមែន នោះបង្ហាញថា សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋត្រូវបានបិទទាំងស្រុង។
លោកថា៖ «បទចម្រៀងមួយនេះ មិនមានចេតនាអាក្រក់ណាមួយទេ វាគ្រាន់តែបង្ហាញពីការពិតកើតក្នុងសង្គមមួយនេះ ដើម្បីកែលម្អប៉ុណ្ណោះ។ ខ្ញុំមិនទាញចូលរឿងនយោបាយអីទេ គ្រាន់តែបញ្ជាក់ថា ទង្វើនេះ វានឹងធ្វើឲ្យយុវជនយើងបាក់ស្បាតលែងហ៊ាននិយាយ»។
យ៉ាងណាក្ដី ក្រៅតែពីរៀបរាប់ពីភាពអយុត្តិធម៌ រឿងដីធ្លី និងការធ្វើបាបពលរដ្ឋស្លូតត្រង់ បទចម្រៀងនេះ ក៏បានរៀបរាប់់ពីភាពអវិជ្ជមានកើតឡើងគ្រប់ទិសទីផងដែរដូចជា ការស្រែកទ្រហោយំទឹកភ្នែកស្រក់លើធរណីនិងបង្ហាញពីការលើកដៃអង្វរករអ្នកមានអំណាចឲ្យឈប់ធ្វើបាបរាស្ត្រខ្មែរស្លូតត្រង់តទៅទៀតជាដើម។
លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា តាមព័ត៌មានដែលលោកទទួលបាន ការដែលអាជ្ញាធរមានចំណាត់ការ ព្រោះបទចម្រៀងនេះធ្វើឲ្យប៉ះពាល់រដ្ឋាភិបាលទើបមានការបញ្ឈប់និងតម្រូវឲ្យលុបបទចម្រៀងនេះកុំឲ្យផ្សព្វផ្សាយបន្តទៀត។
លោកបញ្ជាក់ថា៖ «ករណីនេះ ខាងខ្ញុំមិនដឹងទេ តែរឿងនេះ គាត់ច្រៀងនៅសង្កាត់គោកចកហើយបង្ហាញនៅអាយូធូប ហើយវាប៉ះពាល់ដល់រដ្ឋាភិបាល។ តែមិនដឹងប៉ះពាល់អីខ្លះទេ ព្រោះខ្ញុំមិនបានស្តាប់។ អាករណីនេះ ប៉េអឹមខេត្ត គាត់នាំខ្លួនយកទៅសួរនាំ អ៊ីចឹងទាក់ទងលម្អិតអីទៀតទាក់ទងប៉េអឹមទៅ»។
លោក អ៊ុយ ចយ នាយការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តសៀមរាប អះអាងថា មិនបានដឹងករណីនេះទេ ខណៈ លោក រិន ម៉ុន មេប៉ុស្តិ៍សង្កាត់គោកចក មិនលើកទូរស័ព្ទ។ ប៉ុន្តែ លោក ឡុង សុជាតិ នាយរងប៉ុស្តិ៍សង្កាត់គោកចក បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោកក៏ទទួលបានព័ត៌មានថាមានប៉េអឹមមួយក្រុមចុះទៅសួរនាំដល់ផ្ទះយុវជនរូបនោះដែរ តែមិនដឹងថា ភាគីណាឲ្យច្បាស់លាស់ទេ។
លោកថា៖ «តាមឮមិនច្បាស់ការដែរថាអាវុធហត្ថ តែអាវុធហត្ថច្រើនណាស់ មិនដឹងថ្នាក់ដឹកនាំណាមួយខ្ញុំកំពុងស៊ើបដែរ ដូច្នេះមិនអាចនិយាយអ្វីបានច្បាស់ ព្រោះចំពោះខ្ញុំមូលដ្ឋាន មិនទាន់បានចុះទៅផ្ទះយុវជននោះទេ»។
លោកមេធាវី លី ច័ន្ទតុលា បានថ្លែងថា តាមច្បាប់កម្ពុជាគឺវាអាស្រ័យលើបទចម្រៀងថាមានអត្ថន័យបែបណា?ប្រសិនបើខ្លឹមសារបង្កការរើសអើងនិងការញុះញង់ដល់អ្នកស្តាប់ នោះច្បាស់ណាស់ ត្រូវតែមានវិធានការ។
ទោះជាយ៉ាងណា ក្រោយប្រកាសលុបបទចម្រៀងមួយបទនេះ លោក ឈុន ឌីម៉ី ដែលជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យារូបនេះបានបញ្ជាក់ថា ការតាក់តែងបទចម្រៀងនេះឡើង គឺគ្មានការជំរុញពីក្រុមណានោះទេ តែកើតចេញពីឆន្ទៈផ្ទាល់ខ្លួន បន្ទាប់ពីសង្កេតឃើញទិដ្ឋភាពទាំងនេះជាក់ស្ដែងនឹងភ្នែកដែលធ្វើឲ្យលោកមានចិត្តចង់បង្កើតវាឡើងដើម្បីដាស់ស្មារតីប្រជាជនឬក៏ក្រើនរំឭកក្មេងៗឱ្យបានស្ដាប់ពីភាពឈឺចាប់របស់ពលរដ្ឋរងគ្រោះ៕