ភ្នំពេញៈ តំណាងសមាគមសហព័ន្ធនិស្សិត សហព័ន្ធសហជីព យុវជន និងប្រជាពលរដ្ឋប្រមាណជាង ២០ នាក់បានទៅដាក់ញត្តិនៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (UNOHCHR) កាលពីម្សិលមិញ ដើម្បីស្នើឱ្យជួយអន្តរាគមន៍ដោះលែងលោក រ៉ុង ឈុន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត និងបានបន្តទៅដាក់ញត្តិនៅស្ថានទូតជប៉ុនទៀត ប៉ុន្តែត្រូវបានសមត្ថកិច្ចរារាំង។
បើតាមលោក រ៉ុង វ៉ាន់ អាយុ ២២ ឆ្នាំដែលត្រូវជាក្មួយលោក រ៉ុង ឈុន ដែលបានចូលរួមដាក់ញត្តិប្រាប់ភ្នំពេញប៉ុស្តិ៍ថា គម្រោងនៃការដាក់ញត្តិនេះមិនទទួលបានដូចអ្វីដែលពួកគាត់គ្រោងនោះទេ ដោយសារសមត្ថកិច្ចបានរារាំងមិនឱ្យហែក្បួនទៅកាន់ស្ថានទូតជប៉ុន បន្ទាប់ពីពួកគាត់បានដាក់ញត្តិរួចរាល់នៅ UNOHCHR។
លោកថ្លែងថា៖ «យើងបានដាក់ញត្តិនៅការិយាល័យ UNOHCHR ដោយជោគជ័យដោយមានការស្វាគមន៍ពីមន្ត្រីនៃអង្គការនេះ ហើយពួកគាត់បានសន្យាថានឹងជួយធ្វើការដោះស្រាយករណីលោក រ៉ុង ឈុន»។
បន្ទាប់ពីដាក់ញត្តិរួចរាល់នៅ UNOHCHR ក្រុមយុវជនទាំងនេះបានបន្តដំណើរទៅស្ថានទូតជប៉ុនដោយថ្មើរជើង ប៉ុន្តែត្រូវបានរារាំងពីសមត្ថកិច្ច។
លោក រ៉ុង វ៉ាន់ ថ្លែងថា ក្រុមអ្នកដាក់ញត្តិទាំងនេះមិនមានកម្លាំងដើម្បីធ្វើការទប់ទល់ ឬរុញច្រានជាមួយនឹងសមត្ថកិច្ចទាំងនោះទេ ដោយសារតែក្រុមពួកគាត់មានឆន្ទៈប្រកាន់ខ្ជាប់នូវអហិង្សា ទើបពួកគាត់សម្រេចធ្វើការរំសាយប៉ុន្តែក្រុមអ្នកទាមទារទាំងនេះនឹងដាក់ញត្តិដដែលនេះទៅខាងស្ថានទូតជប៉ុន នៅពេលក្រោយ។
យោងតាមញត្តិស្នើសុំការជួយអន្តរាគមន៍ពីស្ថាប័នអន្តរជាតិដែលចុះហត្ថលេខាដោយតំណាងសមាគម សហព័ន្ធនិស្សិត សហព័ន្ធសហជីព យុវជន និងប្រជាពលរដ្ឋជិត ២០ ស្ថាប័នបានអំពាវនាវទៅដល់សហគមន៍អន្តរជាតិសូមជួយអន្តរាគមន៍ឲ្យមានការដោះលែងលោក រ៉ុង ឈុន ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី ៣១ ខែកក្កដាពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា វៀតណាម ហើយត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីថ្ងៃទី ១ ខែសីហានៅពន្ធនាគារព្រៃសក្រោមបទចោទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
តំណាងសមាគមទាំងនោះមានដូចជាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្រុមយុវជនទំពាំងខ្មែរ សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម សហភាពសហជីពកម្ពុជាសហព័ន្ធសហជីពកម្ពុជា សហភាពការងារកម្ពុជាជាដើម។
ទាក់ទងនឹងការទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នេះអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៣ ខែសីហាថា ការបញ្ចេញមតិ «ដោយបំផ្លើស និងបំភ្លៃព័ត៌មានមិនពិតពីបញ្ហាព្រំដែនក្នុងចេតនាទុច្ចរិត ញុះញង់បង្កឲ្យមានភាពចលាចលប៉ះពាល់ដល់សន្តិសុខជាតិមិនមែនជាការអនុវត្តសិទ្ធិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមាន»។
លោក ជិន ម៉ាលីន បានថ្លែងបញ្ជាក់ថា បញ្ហាព្រំដែនជាបញ្ហារសើប និងមានភាពស្មុគស្មាញ ហើយការបំផ្លើស និងបំភ្លៃព័ត៌មានមិនពិតពីបញ្ហាព្រំដែននេះនឹងអាចនាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសជាតិ ជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ និងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ដូច្នេះវិធានការច្បាប់ក្នុងការទប់ស្កាត់ និងបង្ក្រាបត្រូវតែម៉ឺងម៉ាត់បំផុត ដើម្បីការពារសុខសន្តិភាពជូនប្រទេសជាតិ។
គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាប់ខ្លួនជនណាដែលញុះញង់ និងបំភ្លៃអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
លោកនាយករដ្ឋមន្ត្រីបានថ្លែងនៅក្នុងពិធីសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់លោកឧកញ៉ា លី យ៉ុងផាត់ នៅខណ្ឌជ្រោយចង្វារនាព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២០ ថា ៖ «រឿងព្រំដែនមិនមែនរឿងលេងសើចទេ កុំញុះញង់ឱ្យមានចម្បាំងរាំងជល់ជាមួយប្រទេសជិតខាងតាមរយៈនៃសាររបស់អ្នកឯងចង្អុលកន្លែងនេះ ឬកន្លែងនោះ»៕