ភ្នំពេញៈ ​យុវជន​ ១ ​ក្រុម​បាន​បង្កើត​យុទ្ធនាការ​ ១ ​សប្តាហ៍​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ប្រឆាំង​នឹង​ការផ្សព្វផ្សាយ គ្រឿង​ស្រវឹង និង​រូបភាព​សេព​គ្រឿង​ស្រវឹង​តាម​ហ្វេសប៊ុក​ដែល​ពួកគេ​ចាត់ទុក​ថា ធ្វើឲ្យ​បាត់បង់​សេចក្តី​ថ្លៃថ្នូរ និង​ជា​គំរូ​អាក្រក់​ដល់​ក្មេង​ជំនាន់ក្រោយ ខណៈ​មន្ត្រី​ថា គណៈរដ្ឋមន្ត្រី​នឹង​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ឆាប់ៗ​នេះ​។

សារ​ដែលមាន​ខ្លឹមសារ​ដូចជា​ «​រក្សា​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក សូមកុំ​ផុស និង​បង្ហោះ​គ្រឿងស្រវឹង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​» «​ពេល​ផឹកស៊ី​បង្ហោះ​លើ​ហ្វេសប៊ុក​ប្រៀប​បាន​បង្រៀន​កុមារ​ឲ្យ​ស្គាល់​រសជាតិ​ស្រា​» និង​មាន​ខ្លឹមសារ​ជា ច្រើន​ទៀត​ដែល​​បង្ហាញ​ពី​ការមិនគាំទ្រ​ដាច់ខាត​ការផឹកស៊ី​ស​ង្ហោះ​តាម​ហ្វេសប៊ុក​នេះ​ត្រូវបាន​បង្ហោះ​ដោយ​ក្រុម​យុវជន​ ១ ​ក្រុម​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់​ពួកគេ​ជា​បន្តបន្ទាប់​ចាប់​តាំងពី​ថ្ងៃ​ចន្ទ​ទី​ ២៧ ​មករា​មក​។

លោក គង់ រ៉ៃយ៉ា ដែល​បាន​ដឹកនាំ​បង្កើត​យុទ្ធនាការ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា​ការ​ដែល​ក្រុម​លោក​បង្កើត​យុទ្ធនាការ​នេះ​ដោយសារ​មើលឃើញ​មាន​កើនឡើង​នូវ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​បាន​ចូលរួម​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ទាំង​មិន​ដឹង​ខ្លួន​ដោយ​ពេល​កំពុង​សេព​គ្រឿង​ស្រវឹង​បាន​បង្ហោះ​រូបភាព​ទាំងនេះ​ជា​សាធារណៈ​។

លោក​បន្តថា យុទ្ធនាការ​នេះ​ក៏​មាន​គោលបំណង​ជំរុញ​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល​ក្នុង​ការបង្កើន​ការអនុម័ត​ច្បាប់​ស្តីពី​គ្រប់គ្រង​គ្រឿង​ស្រវឹង​ដើម្បី​ដាក់ចេញ​ជា​វិធានការ​សមស្រប និង​ត្រឹមត្រូវ​មួយ​ក្នុង​ការទប់ស្កាត់​ការប្រើប្រាស់​នូវ​គ្រឿង​ស្រវឹង​ផងដែរ​។

លោក​បន្តថា​៖ «​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​យើង​មាន​ការប្តេជ្ញា​ចិត្ត​ក្នុង​ការគ្រប់គ្រង​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ និង​ការអនុម័ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​។ ​បើ​មិន​នោះទេ​ធ្វើឲ្យ​គ្រឿង​ស្រវឹង​នេះ​មាន​ការលក់ ការប្រើប្រាស់​ និង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ខ្លាំង​ដែល​ធ្វើឲ្យ​​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ និង​ធ្វើឲ្យ​សីលធម៌​សង្គម​របស់​យើង​ធ្លាក់ចុះ​»​។

លោក គង់ រ៉ៃយ៉ា បាន​បន្តថា ពេល​កម្ពុជា​គ្មាន​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង​គឺជា​ហេតុ​បង្ក​ឲ្យ​អ្នកប្រើប្រាស់ និង​អ្នកលក់​គ្រឿង​ស្រវឹង​អាច​លក់​ និង​ប្រើប្រាស់​នៅ​ទីកន្លែង​ណា​ក៏បាន ហើយ​កុមារ​ក៏​អាច​ប្រើប្រាស់​បាន​ដែល​ខុស​ឆ្ងាយ​ពី​ប្រទេស​មួយ​ចំនួន​ដែលមាន​ច្បាប់​សម្រាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​នេះ​។

លោក អៀង ភារ៉ាញ់ វ័យ ២៧ ឆ្នាំ​ ដែល​ជា​អ្នកចូលរួម​ក្នុង​យុទ្ធនាការ​ម្នាក់​ដែរនោះ​បាន​ប្រាប់​ដែរ​ថា វា​មាន​រយៈពេល ១ ​សប្តាហ៍​ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ចន្ទ​ទៅ​ដោយ​មាន​ការចូលរួម​បង្ហោះ​សារ​ដែលមាន​ខ្លឹមសារ​អប់រំ និង​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឲ្យ​ឈប់​បង្ហោះ​សារ​ ឬ​ក៏​ផ្សព្វផ្សាយ​អំពី​គ្រឿង​ស្រវឹង​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​។

លោក​បន្ថែមថា គ្រប់គ្នា​ដែលជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក សុទ្ធតែ​អាច​ចូលរួម​​បាន​តាមរយៈ​ការ​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​សារ​មួយណា​ដែល​ខ្លួន​ពេញចិត្ត​ហើយ​ថត​ភ្ជាប់​ជាមួយ​នឹង​ខ្លួន​សម្រាប់​បង្ហោះ​នៅលើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​បាន​។

លោក អៀង ភារ៉ាញ់ បាន​​បញ្ជាក់ថា​៖ «​យុទ្ធនាការ​នេះ​ខ្ញុំ​សុំ​ឲ្យ​បងប្អូន​ទាំងអស់​ឈប់​ថត​បង្ហោះ ការសេព​គ្រឿង​ស្រវឹង ហើយ​ងាក​មក​ចូលរួម​យុទ្ធនាការ​នេះ​ទាំងអស់​គ្នា​ចាប់ពី​ពេល​នេះ​តទៅ​។ ខ្ញុំ​សូម​ឲ្យ​អ្នក​ដែល​​សេព​គ្រឿង​ស្រវឹង​គួរ​សេព​វា​នៅ​​ក្នុង​កម្រិត​ណាមួយ​ដែល​អាច​ទទួលខុសត្រូវ​ខ្លួនឯងបាន​»​។

សេចក្តី​ព្រាងច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង​ដែលមាន​ប្រមាណ​ ៣៩ មាត្រា​ និង​ ១១ ​ជំពូក​ត្រូវបាន​​ជាប់គាំង​នៅ​ក្រសួង​សុខាភិបាល បន្ទាប់ពី​បាន​រៀបចំ​ពិភាក្សា និង​ឯកភាព​ពី​អន្តរក្រសួង​ចប់​រួចរាល់​តាំងពី​ឆ្នាំ​ ២០១៥​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ពី​ម្សិលមិញ​មិន​បាន​ឆ្លើយតប​នោះទេ​ចំពោះ​ការបង្កើត​យុទ្ធនាការ​របស់​ក្រុម​​យុវជន​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នេះ​។

ក៏ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គាំទ្រ​យុទ្ធនាការ​នេះ​ដោយ​លោក​​ក៏​យល់ឃើញ​ដែរ​ថា ការ​បង្ហោះ​រូបភាព​សេព​គ្រឿង​ស្រវឹង​លើ​​បណ្តាញ​សង្គម​គឺ​ពិតជា​ប៉ះពាល់​ដល់​សង្គម​ដែល​រដ្ឋាភិបាល​ក៏​កំពុងតែ​គិតគូរ​ផងដែរ​។

លោក​បន្តថា​ក្នុង​ពេល​ឆាប់ៗ​​នេះ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​មាន​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​នេះ ប៉ុន្តែ​មិនទាន់​អាច​បញ្ជាក់​ពេលវេលា​ជាក់លាក់​បានទេ​។

លោក​បន្តថា​៖ «​សកម្មភាព​នៃ​ការ​ផឹកស្រា ហើយ​បង្ហោះ​នេះ​គឺ​មិន​សមរម្យ​ទេ​ព្រោះ​ហ្វេសប៊ុក​គឺជា​កន្លែង​សាធារណៈ​ដែល​មាន​ទាំង​កូនក្មេង​ផងដែរ​ដែល​អាច​ធ្វើតាម​។ ​ដូចនេះ​គួរ​​តែ​ទប់ស្កាត់​បន្ថយ​ការ​ញៀន​គ្រឿង​ស្រវឹង​នេះ ដូច​គ្រោះថ្នាក់​ចរាចរណ៍​ជាង​ ៨០ ​ភាគរយ​ កើត​ចេញ​ពី​គ្រឿង​ស្រវឹង​នេះ ហើយ​​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា​ក្នុង​ពេល​ឆាប់ៗ​នេះ​នឹង​បញ្ចូន​សេចក្តី​ព្រាង​ច្បាប់​នេះ​មក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​»​។

លោក ពេជ្រ ស្រស់ សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា អ្វី​ដែល​លោក​ដឹង គឺ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​គ្រឿងស្រវឹង​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​​ច្បាប់​គ្រប់គ្រង​ចំណីអាហារ​ហើយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ច្បាប់​​នេះ​បាន​បញ្ចូល​ជាមួយ​ច្បាប់​​គ្រប់គ្រង​គុណភាព​ចំណី​អាហារ​របស់​ក្រសួង​ពាណិជ្ជកម្ម​ហើយ​។ ក៏ប៉ុន្តែ​ពេលណា​ដែល​​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើប្រាស់​ខ្ញុំ​មិនទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ​»៕

វីដេអូ៖