
ទិដ្ឋភាពដើមឈើត្រឈឹងត្រឈៃ ដុះក្នុងផ្ទៃបឹងទន្លេសាប ដែលជាតំបន់គាំទ្រដោយ យូណេស្កូ។ រូបថត UNESCO
ភ្នំពេញៈ អង្គការយូណេស្កូបានពិភាក្សាជាមួយក្រសួងបរិស្ថានដើម្បីផ្តល់ជំនួយបច្ចេកទេសក្នុងការកំណត់ ជ្រើសរើស និងវាយតម្លៃតំបន់ដែលមានសក្តានុពលសម្រាប់ធ្វើបច្ចុប្បន្នភាពបញ្ជីបេតិកភណ្ឌនៃតំបន់ធម្មជាតិដាក់បញ្ចូលក្នុងបញ្ជីត្រៀមនៃបេតិកភណ្ឌធម្មជាតិពិភពលោក។ នេះបើតាមមន្ត្រីគម្រោងវិទ្យាសាស្ត្រនៃអង្គការយូណេស្កូកាលពីចុងខែមុន។
លោក Sriharsha Masabathula មន្ត្រីគម្រោងវិទ្យាសាស្ត្រ នៃអង្គការយូណេស្កូប្រាប់ភ្នំពេញប៉ុស្តិ៍តាមរយៈ អ៊ីមែលកាលពីថ្ងៃទី ៣០ ខែវិច្ឆិកាថា គោលបំណងនៃការផ្តល់ជំនួយបច្ចេកទេសនេះគឺដើម្បីរៀបចំទម្រង់បញ្ជីដែលជាបញ្ជីសារពើភណ្ឌនៃតំបន់ទាំងនោះសម្រាប់ប្រទេសណាមួយមានបំណងពិចារណា ដើម្បីធ្វើការដាក់តំបន់ធម្មជាតិចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
លោកបន្ថែមថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានតំបន់វប្បធម៌ចំនួន ៣ គឺឧទ្យានអង្គរ ប្រាសាទព្រះវិហារ និងតំបន់ ប្រាសាទសម្បូរព្រៃគុកត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ។ ប៉ុន្តែមិនទាន់មានតំបន់ធម្មជាតិណាមួយត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោកឡើយ។ ប្រទេសកម្ពុជាមានឱកាស ដើម្បីចុះបញ្ជីទីតាំងធម្មជាតិក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិនៃបេតិកភណ្ឌពិភពលោកដោយសារប្រទេសនេះសម្បូរទៅដោយតំបន់បេតិកភណ្ឌធម្មជាតិរួមទាំងជម្រកធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។
លោកថ្លែងថា៖ «ជាជំហានដំបូងអង្គការយូណេស្កូនឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្ត្រីក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធនានាស្តីពីដំណើរការនៃការដាក់ឈ្មោះបេតិកភណ្ឌធម្មជាតិ និងអត្ថប្រយោជន៍សក្តានុពលនៃការចុះបញ្ជីបេតិកភណ្ឌពិភពលោក»។
បើតាមមន្ត្រីគម្រោងរូបនេះអង្គការយូណេស្កូក៏នឹងផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំទីតាំងបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាជាតំបន់ឋបនីយជីវមណ្ឌលយូណេស្កូ ដែលជាផ្នែកមួយនៃកម្មវិធីមនុស្សជាតិ និងជីវឧស្ម័នរបស់យូណេស្កូដែលជាអង្គការពិភពលោក។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះបឹងទន្លេសាបជាតំបន់ឋបនីយជីវមណ្ឌលយូណេស្កូតែ ១ គត់នៅក្នុងប្រទេសកម្ពុជា ហើយរហូតមកដល់ពេលនេះអង្គការយូណេស្កូបានសម្តែងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រីក និងដាក់បញ្ចូលតំបន់ថ្មីជាសម្បត្តិបេតិកភណ្ឌធម្មជាតិ ជីវមណ្ឌល និង Global Geoparks ពីប្រទេសកម្ពុជា»។
បើតាមលោក Sriharsha Masabathula បេតិកភណ្ឌធម្មជាតិរបស់អង្គការយូណេស្កូរួមជាមួយតំបន់អភិរក្ស ជីវឧស្ម័ន និង Global Geoparks ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន។ មិនត្រឹមតែពីការពង្រឹងការអភិរក្ស ការការពារ និងយន្តការគ្រប់គ្រងសម្រាប់តំបន់នោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវឱកាសសម្រាប់ការអភិវឌ្ឍជីវភាពរស់នៅរបស់សហគមន៍រួមទាំងទេសចរណ៍ធម្មជាតិ និងការធ្វើពិពិធកម្មជីវភាពសម្រាប់ការលើកកម្ពស់វិបុលភាពសេដ្ឋកិច្ចសង្គម។ ក្រៅពីនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល និងការងារនៅក្នុងឧស្សាហកម្មទេសចរណ៍ផងដែរ។
លោក លឿង កេសរោ ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌនៃក្រសួងបរិស្ថាន ឱ្យដឹងថា ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានភារកិច្ច និងកាតព្វកិច្ចក្នុងការចងក្រងរៀបចំ វាយតម្លៃ និងកំណត់តំបន់ដែលមានសក្តានុពល និងលេចធ្លោនៃតំបន់ធម្មជាតិណាមួយរបស់កម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកស្របតាមការវិនិច្ឆ័យរបស់អង្គការយូណេស្កូ។
ក្រសួងបរិស្ថានបានបើកកិច្ចប្រជុំមួយជាមួយភាគីពាក់ព័ន្ធ ដែលមានខាងអង្គការយូណេស្កូ និងអ្នកជំនាញការអន្តរជាតិមកពី ICC Angkor បានឯកភាពចំពោះតំបន់ ៣ របស់កម្ពុជាសម្រាប់ដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលរួមមានតំបន់ធម្មជាតិភ្នំត្បែង តំបន់ភ្នំក្រវាញ និងតំបន់ធម្មជាតិនៃបឹងទន្លេសាប។ នេះជាការបញ្ជាក់របស់លោក កេសរោ។
លោករំពឹងថា នៅក្នុងខែធ្នូ ឬខែមករា ឆ្នាំ ២០២១ ខាងមុខនេះ អង្គការយូណេស្កូនឹងអញ្ជើញមន្ត្រីជំនាញអន្តរជាតិដែលមានបទពិសោធ ដើម្បីបណ្តុះបណ្តាលមន្ត្រី នៃក្រសួងបរិស្ថានក្នុងការរៀបចំឯកសារ និងបំពេញព័ត៌មាននានានៃតំបន់នីមួយៗឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយវិទ្យាសាស្ត្រ។ ព័ត៌មានទាំងអស់ត្រូវឆ្លងកាត់ថ្នាក់ដឹកនាំក្រសួងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ យុទ្ធសាស្ត្រ សេដ្ឋកិច្ច និងបរិស្ថាន។
លោកថ្លែងថា៖ «យើងកំពុងរៀបចំ មិនទាន់បានដាក់ស្នើសុំនោះទេ ហើយសង្ឃឹមថា នៅក្នុងខែធ្នូ ឬខែមករា និង កុម្ភៈ ខាងមុខនេះយើងនឹងរៀបចំរួចរាល់ និងបានល្អប្រសើរ»។
លោកថានៅពេលដាក់តំបន់នេះជាតំបន់ ធម្មជាតិចូលក្នុងបេតិកភណ្ឌពិភពលោកនៃតំបន់ណាមួយនោះ កម្ពុជានឹងទទួលបានផលចំណេញច្រើន ទាំងនយោបាយ ធនធានពីដៃគូអភវិឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធទៅលើការការពារ និងអភិរក្សទៅលើតំបន់ទាំងនោះ។ ទន្ទឹមគ្នានេះក៏បានលើកស្ទួយជីវភាពក្នុងប្រទេស និងប្រជាសហគមន៍នៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ និងបានការពារ ធនធានធម្មជាតិ និងជីវចម្រុះទាំងនោះទុកដល់ក្មេងៗជំនាន់ក្រោយផងដែរ៕