ភ្នំពេញៈ អង្គការ​យូនីសេហ្វ ពង្រីក​ការគាំទ្រ​ដល់​ប្រទេស​ចំនួន​ ១៤៥ ​រួមទាំង​កម្ពុជា​ ដើម្បី​ជួយ​កុមារ​ឲ្យ​បន្ត​ការរៀនសូត្រ បន្ទាប់ពី​សាលារៀន​នៅ​ទូទាំង​សកលលោក​ត្រូវ​បាន​បិទទ្វារ​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ខណៈ​អង្គការ KOICA ប្រចាំ​កម្ពុជា​បាន​ផ្ដល់​មូលនិធិ​គាំទ្រ​ការបង្កើត​កម្មវិធី Khmer e-learning platform ដែល​ឲ្យ​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​ ៧ ដល់​ថ្នាក់​ទី​ ១២ ​បាន​រៀន​តាម​អនឡាញ​ដោយ​មិន​គិតថ្លៃ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ទីក្រុង​ញូវយ៉ក​ចុះ​ថ្ងៃទី​ ២៦ ខែមីនា បាន​ឲ្យ​ដឹងថា ខណៈ​ដែល​ការបិទ​សាលារៀន​ទូទាំងប្រទេស​បាន​បង្ក​ការរំខាន​ដល់​ការអប់រំ​សិស្ស​ជាង ៨០ ​ភាគរយ​ នៅ​ទូទាំង​សកលលោក​យូនីសេហ្វ​បានប្រកាស​ពង្រីក​ការគាំទ្រ​បន្ថែម​ទៀត​នៅ​គ្រប់​ប្រទេស​ទាំងអស់ ​ដើម្បី​ជួយ​កុមារ​ឲ្យ​បាន​បន្ត​ការសិក្សា​ហើយ​ក៏​ជួយ​ឱ្យ​សាលារៀន​នៅតែ​ជា​កន្លែង​ដែលមាន​សុវត្ថិភាព​។

លោក រ៉ូបឺត ជិនឃីនស៍ (Robert Jenkins) ប្រធាន​ផ្នែក​អប់រំ​សកល​របស់​យូនីសេហ្វ​បាន​លើកឡើង​ថា​៖ «​សាលារៀន​ក្នុងប្រទេស​ភាគច្រើន​បាន​បិទទ្វារ​។ នេះ​គឺជា​ស្ថានភាព​ដែល​ពុំ​ធ្លាប់​មាន​កន្លងមក ហើយ​ប្រសិនបើ​យើង​មិន​ធ្វើ​សកម្មភាព​រួមគ្នា​នៅពេល​នេះ ដើម្បី​ការពារ​ការអប់រំ​របស់​កុមារ​នោះទេ សង្គម និង​សេដ្ឋកិច្ច​ប្រាកដ​ជា​ទទួលរង​បន្ទុក​ក្នុង​រយៈពេល​វែង​ក្រោយ​ពេលដែល​យើង​យក​ឈ្នះ​មេរោគ​កូវីដ​១៩​នេះ​ជាមិនខាន​។ ក្នុង​សហគមន៍​ដែល​ងាយ​រងគ្រោះ​ជាងគេ​ផលប៉ះពាល់​នឹង​បន្តទៅ​រាប់​ជំនាន់​ក្រោយ​ទៀត​»​។

លោក​ ជិនឃីនស្ស ​បាន​បន្តថា ផ្អែក​តាម​មេរៀន​ទទួលបាន​ជាមួយ​នឹង​ករណី​បិទ​សាលារៀន​ដែល​ជា​ការឆ្លើយតប​ចំពោះ​ករណី​ជំងឺ​អេបូឡា​កន្លង​មក នៅពេល​កុមារ​នៅ​ឆ្ងាយ​ពី​សាលារៀន​កាន់តែ​យូរ​ពួកគេ​កាន់តែ​មិន​ទំនង​ជា​ត្រឡប់​ទៅ​រៀន​វិញ​ឡើយ​។ ​លោក​ថា ការផ្ដល់​ឱ្យ​កុមារ​នូវ​វិធីសាស្ត្រ​ជា​ជម្រើស​ផ្សេងៗ ដើម្បី​ឱ្យ​ពួកគេ​អាច​បន្ត​ការរៀនសូត្រ និង​ការកសាង​ទម្លាប់​បែបនេះ គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ការឆ្លើយតប​។

ដើម្បី​ជួយ​ទប់ទល់​នឹង​ការរំខាន​ដល់​ការអប់រំ​របស់​កុមារ និង​ជួយ​ឱ្យ​កុមារ​បន្ត​រៀនសូត្រ​ប្រកប​ដោយ​សុវត្ថិភាព​យូនីសេហ្វ​បាន​វិភាជន៍​ថវិកា​បន្ថែម​ប្រមាណ ១៤៥ ​ប្រទេស​ ក្នុង​កម្រិត​ថវិកា​វិភាជន៍​សកល​ចំនួន​ ១៣ ​លាន​ដុល្លារ​ដោយ​ក្នុងនោះ​ជិត ៩ ​លាន​ដុល្លារ​ បាន​ពី​ការផ្ដល់​វិភាគទាន​ពី​ភាព​ជា​ដៃគូ​សកល​សម្រាប់​ការអប់រំ​ (GPE) ដែល​នឹងត្រូវ​ប្រើប្រាស់​គាំទ្រ​ដល់​រដ្ឋាភិបាល​នៅ​ថ្នាក់ជាតិ​ និង​ដៃគូ​អប់រំ​នានា​ក្នុង​ប្រទេស​នីមួយៗ​ក្នុង​ការធ្វើ​ផែនការ​ដើម្បី​អាច​ធ្វើការ​ឆ្លើយតប​ទូទាំង​ប្រព័ន្ធ​ទាំងមូល​ឱ្យបាន​កាន់តែ​ឆាប់រហ័ស​។

សម្រាប់​ប្រទេស ​កម្ពុជា យូនីសេហ្វ កំពុង​គាំទ្រ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ផ្ដល់​ឱកាស​សិក្សា​ជា​ជម្រើស​ផ្សេងៗ​ដល់​សិស្សានុសិស្ស​ដូចជា​ «​ថ្នាក់រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (e-learning)» លើ​មុខវិជ្ជា​សំខាន់ៗ​។ យូនីសេហ្វ បញ្ជាក់ថា​៖ «​កម្មវិធី​នេះ​អាច​គ្របដណ្ដប់ និង​ផ្ដល់​ប្រយោជន៍​ដល់​សិស្ស​ថ្នាក់​ទី​ ៩ និង​ទី​ ១២ ប្រមាណ ២៥០ ០០០ ​នាក់​ នៅ​ទូទាំងប្រទេស​ដែល​ត្រូវ​ប្រឡង​នៅ​ឆ្នាំនេះ​។ ថ្នាក់រៀន​តាម​អនទ្បាញ​នឹង​ជួយ​គាំទ្រ​ដល់​សិស្ស​ជាច្រើន​ឲ្យ​បាន​រៀនសូត្រ អំទ្បុង​ពេល​សាលា​បិទ​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩»​។

ជាមួយ​គ្នា​នេះ​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​កាលពី​ថ្ងៃ​សៅរ៍​ថា អង្គការ KOICA ប្រចាំ​នៅ​កម្ពុជា​បាន​ផ្ដល់​មូលនិធិ​គាំទ្រ​ការបង្កើត​កម្មវិធី Khmer e-learning platform ដែល​មាន​ឈ្មោះថា «Khmer Academy» ដែល​អាចឱ្យ​សិស្ស​ពី​ថ្នាក់​ទី​ ៧ ដល់ទី​ ១២ អាច​ចូល​ប្រើប្រាស់​ស្រាវជ្រាវ​រក​មេរៀន​តាម​អនឡាញ​ដោយ​មិន​គិតថ្លៃ​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​កាលពី​ម្សិលមិញ​មិនបាន​បញ្ជាក់​លម្អិត​នោះទេ​ជុំវិញ​គម្រោង​គាំទ្រ​នេះ ដោយ​គ្រាន់តែ​ណែនាំ​ដល់​បុគ្គលិក​អប់រំ​គ្រប់លំដាប់​ថ្នាក់​ និង​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​អនុវត្ត​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ស្តីពី​វិធានការ​ទប់ស្កាត់​ការរាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ យូនីសេហ្វ អង្គការ​នេះ​កំពុង​សហការ​ជាមួយ​នឹង​ក្រសួង​អប់រំ​ដោយ​មាន​ការគាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ពង្រីក​កម្មវិធី​របស់​ខ្លួន​ដែល​កំពុង​អនុវត្ត​សម្រាប់​ផ្ដល់​សេវា​រៀនសូត្រ​ជា​ជម្រើស​ដល់​សិស្ស​នៅ​កម្រិត​អប់រំ​ថ្នាក់មូលដ្ឋាន​ចាប់ពី​កម្រិត​អប់រំ​កុមារ​តូច និង​បឋមសិក្សា​រហូត​ដល់​មធ្យម​សិក្សា​។

យូនីសេហ្វ​បញ្ជាក់ថា​៖ «​ជាមួយ​នឹង​ការគាំទ្រ​ដែល​ឧបត្ថម​ដោយ​រាជរដ្ឋាភិបាល​ជប៉ុន​នេះ មេរៀន និង​កម្មវិធី​ជា​ទម្រង់​ e-learning ​ជាច្រើន​ត្រូវបាន​បង្កើតទ្បើង និង​ផ្សព្វផ្សាយ​តាមរយៈ​វេបសាយ និង​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ យុវជន និង​កីទ្បា​»​។

អង្គការ KOICA កាលពី​ម្សិលមិញ​មិនអាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​បានទេ ដោយសារ​ទូរស័ព្ទ​ចូល តែ​មិនមាន​អ្នកទទួល​៕