កំពតៈ កម្លាំង​យោធា​កម្ពុជា​-​ចិន​ ប្រ​មាណ​ជិត​ ២ ៨០០​ នាក់​ បាន​បញ្ចប់​ការ​ធ្វើ​លំហាត់​នាគ​មាស​រួម​គ្នា​កាល​ពី​ម្សិល​មិញ​នៅ​ទី​លាន​បាញ់​គ្រាប់​ពិត​ ​សាលា​ហ្វឹក​ហ្វឺន​តេ​ជោ​សែន​ជុំ​គិរី​ របស់​កង​ពល​តូច​លេខ​ ៧០ ​នៅ​ស្រុក​ជុំ​គីរី ​ខេត្ត​កំពត​ ក្រោយ​ពី​ហ្វឹក​ហាត់​អស់​រយៈពេល ២៨ ថ្ងៃ។​

យោង​តាម​គេហ​ទំ​ព័រ​របស់​ក្រសួង​ការពារ​ជាតិ​ បានឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​លំហាត់​នាគ​មាស​ឆ្នាំ​ ២០១៩​ មិន​មាន​ការ​គំរាម​កំហែង​អ្នក​ណា​ទាំង​អស់ ​ផ្ទុយ​ទៅ​វិញ ​សម​យុទ្ធ​នេះ​គឺ​ជា​ការ​បង្ហាញ​នូវ​ការ​ចូល​រួម​​ថែ​រក្សា​សន្តិ​សុខ​ក្នុង​តំបន់ ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធគ្នា​តែ​ប៉ុណ្ណោះ ​ជា​ពិសេស​បទ​ពិសោធ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋពេល​មាន​ គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ជាដើម។

លំហាត់​ហ្វឹក​ហ្វឺន​នាគ​មាស​ផ្តោត​សំខាន់​លើ​ប្រធាន​បទ​កិច្ចការ​ មនុស្ស​ធម៌​ និង​ការ​ប្រឆាំង​ភេរវកម្ម​ដែល​ជា​ឱកាស​សម្រាប់​កង​ទ័ព​ប្រទេស​ទាំង ​២ ​ត្រូវ​សិក្សា​រៀន​សូត្រ​ទៅ​វិញ​ទៅ​មក​ ដើម្បី​បង្កើន​សមត្ថ​ភាព​វិជ្ជា​ជីវៈ ​សម្រាប់​បំពេញ​ភារ​កិច្ច​ការ​ពារ​ប្រទេស​ជាតិ ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព ​និង​ ខ្លាំង​ក្លា​ថែម​ទៀត​។​

​គេ​ហ​ទំ​ព័រ​ដដែល​នេះ​បាន​ឲ្យដឹង​ថា ក្នុង​លំហាត់​នាគ​មាស​នេះ ​មាន​ការ​ហ្វឹក​ហាត់​ក្នុង​ទី​បញ្ជា​កា​រ ​និង​ទីលាន ​ដោយ​ផ្តោត​សំខាន់​លើ​វិញ្ញាសា​មួយ​ចំនួន​ ដូច​ជា​ការ​ប្រឆាំង​ភេរវ​កម្ម​​ ការ​រំដោះ​ចំណាប់​ខ្មាំង​ ការ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ​ពី​គ្រោះ​ធម្ម​ជាតិ,​ ​ការ​បំពេញ​ភារ​កិច្ច​ក្រោម​ឆត្រ​​អង្គការ​សហ​ប្រជាជាតិ​ និង​វិស្វ​កម្ម​ជា​ដើម​។​ អាវុធ​យុទ្ធ​ភណ្ឌ​សំខាន់​ៗ​ ដែល​ប្រើ​ប្រាស់​នៅ​ក្នុង​លំហាត់​នាគ​មាស​ឆ្នាំ​នេះ​ ដូច​ជា​ រថពាស​ដែក​ រថក្រោះ ​កាំ​ភ្លើង​ធំ ​កាំ​​ភ្លើង​ត្បាល់​ ឧទ្ធម្ភា​គចក្រ​ ​អាវុធ​គាំទ្រ​ពី​លើ​អាកាស​ជាដើម។​

លោក ​ថោង ​សូលី​ម៉ូ​ អ្នក​នាំ​ពាក្យ​អគ្គ​បញ្ជាការ​ដ្ឋាន​នៃ​ក្រសួង​ការពារ​ជាតិ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​៖​ «​តាម​រយៈ​ការ​ជោគ​ជ័យ​នៃ​សម​យុទ្ធ​នេះ​ ប្រទេស​កម្ពុជា ​និង​ប្រទេស​ចិន​ បាន​ឯក​ភាព​បង្កើត​ឱ្យ​មា​ន​​លំ​ហាត់​ហ្វឹក​ហ្វឺន​បែប​នេះ និង​រឹតតែ​ធំ​ជាង​មុនៗ​ រៀង​រាល់​ ១ ឆ្នាំ​ម្តង ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោធា ​ហើយ​នឹង​ធ្វើ​លើ​វិស័យ​ផ្សេង​ទៀត​ ដែល​កម្ពុជា​ នៅ​ខ្វះ​ខាត​ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព​កម្ពុជា»។

​​គេហ​ទំ​ព័រ​ក្រសួង​ការ​ពារ​ជាតិ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ ​«​បច្ចុ​ប្បន្ន​នេះ​ទំនាក់​ទំនង​ចិន​-​កម្ពុជា​ បាន​ឈានដល់​ចំណុច​កំពូល ​និង​ល្អ​ជាង​ពេល​ណាៗ​ទាំង​អស់​ ដែល​មិត្ត​ភាព​ជា​ដែក​ថែប​នេះ ​បាន​កើត​ឡើង ​ក្នុង​ដំណាក់កាល​ដឹក​នាំ​រ​បស់ សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណាចក្រកម្ពុជា​ និង​លោក ​ស៊ី ​ជីន​ភីង​ ប្រធា​នា​ធិបតី​ចិន​។​ ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​ នឹង​បន្ត​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​​ដ៏​រឹង​មាំ​នេះ​បន្ថែម​​ទៀត ​ដើម្បី​អភិវឌ្ឍ​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ»។

​កង​ទ័ព​កម្ពុជា​-​ចិន ​បាន​ផ្ដើម​ធ្វើ​លំហាត់​នាគ​មាស​កម្ពុជា​ចំនួន​​ ២ ​លើក​រួច​មក​ហើយ​ៗ ភាគី​ទាំង​ ២ បាន​ឯក​ភាព​​បង្កើត​ឱ្យ​មាន​លំហាត់​ហ្វឹក​ហ្វឺ​ន នេះ​រៀង​រាល់​ ១ ​ឆ្នាំ​ម្តង​ ដើម្បី​ពង្រឹង​កិច្ច សហ​ប្រតិបត្តិការ​យោធា៕