ភ្នំពេញៈ ក្រសួងផែនការរកឃើញពលរដ្ឋដែលធ្លាក់ខ្លួនក្រីក្រជាង ២ ម៉ឺនគ្រួសារបន្ថែមទៀតធ្វើឱ្យចំនួនគ្រួសារក្រីក្រកើនឡើងដល់ជាង ៥៨ ម៉ឺនគ្រួសារក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ ជាមួយគ្នានេះក្រសួងក៏បានដកហូតបណ្ណសមធម៌ពីគ្រួសារដែលមានជីវភាពប្រសើរឡើងបានជាច្រើនករណីដែរ។ ពលរដ្ឋក្រីក្រជាង ៤២ ម៉ឺនគ្រួសារក៏បានបើកប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល។
លោក ណុប កនណាវុឌ្ឍ អ្នកនាំពាក្យក្រសួងផែនការប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា រហូតមកដល់ថ្ងៃម្សិលមិញ ប្រហែលជាមានគ្រួសារក្រីក្រទូទាំងប្រទេស ៥៨០ ០០០ គ្រួសារ ហើយដែលជុំទី ២ នេះគឺមាន ២០ ០០០ ជាងគ្រួសារដែលធ្លាក់ខ្លួនក្រីក្រ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងសរុបទាំងអស់ ៥៨០ ០០០ គ្រួសារជាង។ វគ្គទី ១ គឺ [មាន] ៥៦០ ០០០ [គ្រួសារ] ជាង។ យោងតាមក្រសួងសង្គមកិច្ចកាលពីថ្ងៃទី ២ [កក្កដា] គឺបាន ៤២០ ០០០ គ្រួសារជាងហើយដែលបានមកបើកថវិកា»។
មន្ត្រីនាំពាក្យរូបនេះបន្តថា៖ «មន្ទីរ [ផែនការ] បានធ្វើការដកហូត [បណ្ណសមធម៌ពីគ្រួសារដែលមានជីវភាពប្រសើរឡើង] បានច្រើនករណីហើយ ប៉ុន្តែក្រុមការងារកំពុងបូកសរុបបន្ថែមទៀត។ ចាំមើលល្ងាចនេះ ប្រហែលជាមានលទ្ធផលពីហ្នឹង [កិច្ចប្រជុំ] ហើយ»។
លោក ណុប កនណាវុឌ្ឍ ថ្លែងថាមានការប្តឹងផ្តល់ជាច្រើននៅមូលដ្ឋានទាក់ទងនឹងប្រាក់ឧបត្ថម្ភនេះមកក្រសួងផែនការ។ លោកថា ដោយមូលហេតុនេះ ទើបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យក្រសួងផែនការជួយពិនិត្យឡើងវិញបន្ថែមទៀតទៅលើយន្តការដែលមានស្រាប់ គឺត្រូវដោះស្រាយដើម្បីកុំឱ្យមានបាតុភាពកើតឡើងបន្តទៀត។
លោកនិយាយថា៖ «អ៊ីចឹងដោយហេតុនេះហើយនៅរសៀលនេះ យើងបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យមើលភាពមិនប្រក្រតីហ្នឹង។ ដោះស្រាយជូនធ្វើម៉េចឱ្យវា ថាល្អទាំងអស់គ្នា ទាំងឃុំ សង្កាត់ ទាំងអីហ្នឹង គឺជួយសម្រួលជាមួយគាត់ហើយប្រជាជនគឺបានទៅដល់គ្រួសារក្រីក្រពិតប្រាកដ។ មិនអាចឱ្យមានគ្រួសារផ្សេងដែលមានជីវភាពប្រសើរឡើងហើយ ទទួលបាននូវបណ្ណសមធម៌ទទួលការឧបត្ថម្ភសាច់ប្រាក់នេះទេ»។
ហ្វេសប៊ុកក្រសួងផែនការកាលពីថ្ងៃចន្ទបញ្ជាក់ថា កិច្ចប្រជុំកាលពីថ្ងៃចន្ទនេះ គឺពិនិត្យមើលភាពមិនប្រក្រតីនៃការផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រ និងការដាក់ចេញនូវវិធានការមួយចំនួន។
វិធានការទាំងនេះមានដូចជា ការផ្តល់បណ្ណសមធម៌ជូនដល់គ្រួសារក្រីក្រពិតប្រាកដតែប៉ុណ្ណោះ ដោយមិនរើសអើងស្របតាមនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងធ្វើការដកបណ្ណសមធម៌ពីគ្រួសារដែលមានជីវភាពប្រសើរ។ ណែនាំបន្ថែមដល់មន្ទីរផែនការរាជធានី-ខេត្ត ដើម្បីឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ អនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ។
ហ្វេសប៊ុកដដែលបញ្ជាក់ថា ករណីក្រុមប្រឹក្សាឃុំ-សង្កាត់ជួបនូវបញ្ហាមិនប្រក្រតីណាមួយ ដែលមិនអាចដោះស្រាយបានត្រូវទំនាក់ទំនងសហការជាមួយមន្ទីរផែនការរាជធានី-ខេត្ត ដើម្បីដោះស្រាយលើបញ្ហានេះ។
ហ្វេសប៊ុកនោះបញ្ជាក់ថា៖ «ក្រសួងផែនការនឹងចូលរួមពិនិត្យដោះស្រាយទៅលើភាពមិនប្រក្រតីទាំងនោះ ហើយអាចធ្វើការបង្ខាំងបណ្ណសមធម៌របស់គ្រួសារដែលមានជីវភាពប្រសើរក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រមិនឲ្យប្រើបាន»។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃចន្ទថារដ្ឋាភិបាលត្រូវពង្រីកវិសាលភាព ជាពិសេសគឺសម្រាប់គណៈកម្មការវាយតម្លៃមួយដើម្បីចុះធ្វើកិច្ចការការប្តឹងតវ៉ានេះឱ្យបានលឿន។ មួយវិញទៀតរដ្ឋាភិបាលប្រហែលជាអាចធ្វើសវនកម្មបន្ថែមទៀតទៅលើការវាយតម្លៃរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីធានាថា បញ្ជីឈ្មោះសម្រាប់ទទួលបានការឧបត្ថម្ភក្នុងអំឡុងពេលកូវីដ១៩ ដោយមិនមានភាពលម្អៀង ឬបក្ខពួក។
លោកថ្លែងថា៖ «ប្រហែលជាអាចថា មានក្រុមការងារណាដែលជួយធ្វើកិច្ចការហ្នឹងបាន ឬ ក៏ធ្វើ Random Check [ត្រួតពិនិត្យដោយចៃដន្យ] ដើម្បីធ្វើការវាយតម្លៃរួមថា តើមានប៉ុន្មានឃុំ សង្កាត់ដែលមានការប៉ះពាល់បែបហ្នឹង»។
យោងតាមសេចក្តីបំភ្លឺរបស់ក្រសួងផែនការចុះថ្ងៃទី ១ កក្កដាឱ្យដឹងថា បន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ត្រូវបានប្រកាសដាក់ដំណើរការ ក្រសួងផែនការសង្កេតឃើញមានប្រជាជនមួយចំនួនមានការប្រមូលផ្តុំតាមរយៈអ្នកបំផុសឱ្យតវ៉ា ដើម្បីទទួលបានបណ្ណសមធម៌ និងទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល។
សេចក្តីបំភ្លឺបញ្ជាក់ថា បន្ទាប់ពីចុះដោះស្រាយដល់កន្លែងតវ៉ានៅខេត្តបន្ទាយមានជ័យ ប៉ៃលិន និងស្វាយរៀង ក្រសួងផែនការរកឃើញថា គ្រួសារខ្លះកាន់បណ្ណសមធម៌ហួសសុពលភាព។ គ្រួសារភាគច្រើនជាគ្រួសារដែលមានជីវភាពប្រសើរ។ សមាជិកគ្រួសារខ្លះកំពុងរស់នៅជាមួយគ្រួសារកូនដែលមានជីវភាពប្រសើរ។ គ្រួសារខ្លះឮការប្រកាសរបស់រដ្ឋាភិបាល និងឃើញគ្រួសារក្រក្រីទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ក៏ចង់បានដូចគេដែរ៕