ភ្នំពេញៈ កម្ពុជា​បាន​រកឃើញ​ករណី​វិជ្ជមាន​កូវីដ១៩​ចំនួន​ ៣ ​នាក់​ទៀត​ក្នុង​នោះ​ក៏​​មាន​ទារក​ ៧ ​​ខែ​ម្នាក់​ផង​ដែរ​ធ្វើឲ្យ​ចំនួន​អ្នក​ឆ្លង​កូវីដ​ពាក់ព័ន្ធ​នឹង​​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​បាន​កើនឡើង​ដល់​ ១៧ ​នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​សរុប​ចំនួន​ ៤ ៨៦៩ ​នាក់ ។

តាម​របាយការណ៍​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ឱ្យ​ដឹងថា ករណី​ថ្មី​ចំនួន​ ៣ នាក់​ទៀត​​នេះ​បាន​រកឃើញ​កាលពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ ដែល​ក្នុង​នោះ​​មាន​ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ​​ ៦៤ ឆ្នាំ​មាន​អាសយដ្ឋាន​នៅ​សង្កាត់​ទួលទំពូង​១ ខណ្ឌ​ចំការមនដែល​ត្រូវ​ជា​ម្តាយ​អ្នកជំងឺ​វិជ្ជមាន​ដែល​បាន​រកឃើញ​កាលពី​ថ្ងៃ​ទី​ ២៩ ខែ​វិច្ឆិកា​។ ២ ​នាក់​ទៀត​គឺ​ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ​ ២៥ ​ឆ្នាំ និង​ទារក​អាយុ​ ៧ ខែ ស្នាក់​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដែល​ត្រូវ​ជា​សែស្រឡាយ​របស់​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​។ ប៉ុន្តែ​ក៏​បាន​ព្យាបាល​ជាសះស្បើយ​ ៣ ​នាក់​ផង​ដែរ​។

នៅ​ថ្ងៃទី​ ៣០ ខែ​វិច្ឆិកា ក្រសួង​សុខាភិបាល​បាន​ធ្វើ​តេស្ត​​អ្នក​ប៉ះពាល់​ព្រឹត្តិការណ៍​សហគមន៍​សរុប​បាន​ចំនួន​ ២៦២១ ​នាក់ ទាំង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ដែល​ពាក់ព័ន្ធ។ បើ​សរុប​អ្នក​ដែល​បាន​ធ្វើ​តេស្ត​ទាំង ២ ថ្ងៃ (២៩ ​​ និង​ ៣០​ វិច្ឆិកា) មាន​ចំនួន ​៤៨៦៩ ​នាក់ ហើយ​ក្នុង​ចំនួន​ទាំងនេះ​បាន​រកឃើញ​មាន​អ្នក​វិជ្ជមាន​កូវីដ១៩​សរុប​ទាំងអស់​ចំនួន​ ១៧ ​នាក់ ចំណែក​អ្នក​ផ្សេងទៀត​គឺ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូវីដ​១៩​ទាំង​អស់។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ប្រកាស​ជា​បន្ត​បន្ទាប់​ថា នេះ​ជា​លើក​ដំបូង​ដែល​មាន​ការឆ្លង​ចូល​ក្នុង​សហគមន៍ ហើយ​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​ពីប្រភព​នៃ​ការឆ្លង​កូវីដ​នេះ​ចេញ​មកពី​ទីណា​ឡើយ។

លោក​ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​មាន​ការពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ និង​មាន​ការសង្ស័យ​ត្រូវ​ទៅ​ធ្វើ​តេស្ត​រក​កូវីដ-១៩ និង​ដាក់​ខ្លួន​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ ឬ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ដែល​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស។

រាជរដ្ឋាភិបាល​ក៏​បាន​បញ្ចេញ​សាច់ប្រាក់​ជាង ១០០០ ​លានរៀល​សម្រាប់​ផ្តល់​ជូន​ទៅ​តាម​ ២៥ ​រាជធានី-ខេត្ត​សម្រាប់​ធ្វើការ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ធ្វើ​ចត្តាឡីស័ក​ផង​ដែរ។

កាលពី​ម្សិលមិញ​លោក​ ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​បាន​ជូន​ដំណឹង​ពី​ការផ្តល់​ថវិកា​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​​​បាន​ធ្វើ​ចត្តាឡីស័ក​​ឱ្យ​មក​​ទទួល​យក​​ថវិកា​ទាំងនេះ។ រដ្ឋបាល​រាជធានី​នឹង​ឧបត្ថម្ភ​ថវិការបស់​រាជរដ្ឋាភិបាល​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចត្តាឡីស័ក​ទាំងអស់​នៅ​ភ្នំពេញ​ក្នុង​ ១ គ្រួសារ​ទទួល​បាន​ ២ ម៉ឺនរៀល​ក្នុង​ ១ ថ្ងៃ​រយៈពេល​ ១៥ ថ្ងៃ​ដែល​សរុប​ចំនួន​ ៣០ ​ម៉ឺន​រៀល។

លោក​ថា៖ «​ថវិកានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លក្ខណសម្បត្តិ​ដូចជា អ្នកពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ វិច្ឆិកា អ្នក​ដែល​បាន​ទទួល​ការធ្វើ​ចត្តាឡីស័ក ហើយ​លទ្ធផល​អវិជ្ជមាន អ្នក​ដែល​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ និង​សណ្ឋាគារ និង​អ្នក​​ដែល​មាន​ជីវភាព​ខ្វះខាត»។

ជាមួយ​គ្នា​នេះ​ដែរ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​បាន​ស្នើឱ្យ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង ពិចារណា និង​មាន​វិធានការ​ចំពោះ​តំណាងរាស្រ្ត និង​មន្ត្រី​រាជការ​រដ្ឋសភា​ដែល​ពាក់ព័ន្ធ​នឹង​លោក ឡូយ សុផាត​ តំណាងរាស្រ្ត​ ១ ​រូប ដែល​បាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​នឹង​លោក ឆែម សាវុធ ដែល​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​កូវីដ១៩។

លោក​​ឱ្យ​ដឹងថា៖ «ឥស្សរជន និង​មន្រ្តី​ដែល​បាន​ប្រាស្រ័យ​ផ្ទាល់​ដែល​បាន​ហូបបាយ​ក្នុង​បន្ទប់​ជាមួយ​គ្នា និង​បាន​ចូលរួម​ប្រជុំ​ពេញអង្គ​រដ្ឋសភា​ថ្ងៃទី ២៥ ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ និង​ប្រជុំ​ត្រៀម​រៀបចំ​ប្រជុំ​អនឡាញ​ជាមួយ​ចិន​ក្នុង​បន្ទប់​ជាមួយ​គ្នា​ដែល​បាន​ជួប​ប្រាស្រ័យ​ជាមួយ​លោក​ ឡូយ សុផាត»។

នៅ​ថ្ងៃទី​ ២៥ ខែ​វិច្ឆិកា លោក ឡូយ សុផាត បាន​ចូលរួម​សម័យ​ប្រជុំ​ពេញអង្គ​​រដ្ឋសភា​ដែល​មាន​អ្នកចូលរួម​ចំនួន​ ១១៦ រូប និង​មន្រ្តី​រាជការរដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​មក​ការពារ​ច្បាប់​មួយ​ចំនួន​ទៀត។ បើតាម​លោក ប៉េងឡុង ឥស្សរជន និង​មន្រ្តី​រាជការ​ដែល​មាន​ហានិភ័យ​ជា​មធ្យម​ក្នុង​​ការឆ្លង​កូវីដ១៩​មាន​ចំនួន​ ៣១ ​នាក់​ ឯមន្រ្តី​ដែល​មាន​ហានិភ័យ​ទាប​មាន​ចំនួន​ ៣៥ ​នាក់​។

ជាមួយ​គ្នា​នេះ​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃបាន​ចេញ​បទបញ្ជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​កូវីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា ដោយ​តម្រូវ​ឱ្យ​មន្រ្តី​ណា​ដែល​មាន​ការប៉ះពាល់​ផ្ទាល់ ​ឬប្រយោល​ហើយ​មិន​​ទាន់​បាន​ទៅ​ធ្វើតេស្ត​គឺ​ត្រូវ​រូតរះ​ទៅ​ធ្វើ​តេស្ត​ជាបន្ទាន់​ ហើយ​មិន​ត្រូវ​ដើរ​ចេញ​ពី​ផ្ទះ​ជា​ដាច់ខាត​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក​នេះ។

លោក​បាន​បញ្ជា​ឱ្យ​មាន​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការបំពេញ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ​រហូត​ដល់​មាន​ការជូន​ដំណឹង​ជាថ្មី។ ថ្នាក់ដឹកនាំ​ និង​មន្រ្តី​ពន្ធនាគារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ​ត្រូវ​បន្ត​បំពេញ​ការងារ​ពី​ចម្ងាយ​តាមរយៈ​អនឡាញ។

លោក​ ស ខេង ​បញ្ជាក់​ថា៖ «​ថ្នាក់ដឹកនាំ មន្រ្តី​រាជការ​ស៊ីវិល មន្រ្តី​នគរបាល​ជាតិ និង​មន្រ្តី​អនុរក្ស​នៅ​តាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​នានា ដែល​មាន​អាការ​ក្តៅ​ខ្លួន​ ក្អក ផ្តាសាយ​ ឬ​មាន​អាការសង្ស័យ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩​នេះ ពុំចាំបាច់​មក​បំពេញ​ការងារ​នោះ​ទេ និង​ត្រូវ​រាយការណ៍​ទៅ​ប្រធាន​ហើយ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ខ្លួន​ជា​បន្ទាន់​»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ស្ថាន​អគ្គកុងស៊ុល​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ​ដែល​មាន​វត្តមាន​នៅ​ទីក្រុង​ហូជីមិញ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ពាក់ម៉ាស់ លាង​ដៃ​នឹង​សាប៊ូ ឬ​ទឹក​លាងដៃ​ប្រឆាំង​មេរោគ​ឱ្យ​បាន​ញឹកញាប់ រក្សា​គម្លាត​ ពិសេស​គឺ​អនុវត្ត​តាម​វិធាន​សុខាភិបាល​។ ការប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការផ្សព្វផ្សាយ​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នង​សហគមន៍​នៅ​ទីក្រុង​ហូជីមិញ​។

យោងតាម​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ១ ធ្នូ ឆ្នាំ​ ២០២០ ​ប្រទេស​កម្ពុជា​មាន​អ្នកមាន​វីរុស​កូរ៉ូណា​​ចំនួន​ ៣២៦ ​នាក់ (ស្រ្តី​ ៧៣ នាក់) ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៣០៤ នាក់ និង​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​មាន​ចំនួន​ ២២ ​នាក់៕