ភ្នំពេញៈ ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​សុក្រ​ទី ១៤ ខែ ឧសភា នេះ​បាន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៣៥៨ នាក់​បន្ថែមទៀត ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៤៨ នាក់​ និង​អ្នកស្លាប់​ថ្មី​មាន​ចំនួន ៥ នាក់។

ក្រសួង​បញ្ជាក់ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី ៣៥៨ នាក់​នេះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍ ៣៥០ នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន ០៨ នាក់។

គិត​ត្រឹម​ថ្ងៃទី ១៤ ខែ​ឧសភា​នេះ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន ២១ ៤៩៩ នាក់ អ្នកជា​សះស្បើយ​ចំនួន ៩ ៨៦៧ នាក់ និង​អ្នកស្លាប់​ដោយសារ​ជំងឺឆ្លង​កាច​សាហាវ​នេះ​កើន​ដល់ ១៤៧ នាក់។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ចាប់ពី​ថ្ងៃទី ១០ ខែកុម្ភៈ ២០២១ ដល់​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ ពលរដ្ឋ​ទទួលបាន​ការចាក់​វ៉ាក់សាំង​កូវីដ១៩ សរុប​ចំនួន ២០ ៦៤ ៨៣៣ នាក់។ ក្នុងនោះ​អ្នក​ចាក់​វ៉ាក់សាំង Sinopharm ចំនួន ៨៦៩ ៩៨៤ នាក់ Sinovac ចំនួន ១ ០៣៣ ៨២៩ និង​អ្នក​ចាក់​វ៉ាក់សាំង Covishield (AstraZeneca) មាន​ចំនួន ១៦១ ០២០ នាក់៕