
ក្រុមគ្រូពេទ្យរៀបចំយកសំណាកពីប្រជាពលរដ្ឋនៅមជ្ឃមណ្ឌលម៉ូឌឺន ៥ កាលពីថ្ងៃទី ១ ឧសភា។ រូបថត Tyda Page
ភ្នំពេញ៖ មនុស្សចំនួន ៨៤១ នាក់ ត្រូវបានរកឃើញឆ្លងកូវីដបន្ថែមទៀត ខណៈមានអ្នកជាសះស្បើយតែចំនួន ៦១ នាក់ប៉ុណ្ណោះ ឯស្លាប់ថ្មីមានចំនួន ៤ នាក់ទៀតដែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភានេះ។
ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា អ្នកដែលបានរកឃើញឆ្លងថ្មីនេះ មាននៅរាជធានីភ្នំពេញចំនួន ៥២៥ នាក់ ខេត្តបន្ទាយមានជ័យចំនួន ១៥៣ នាក់ ខេត្តព្រះសីហនុ ៦២ នាក់ ខេត្តកណ្ដាល ៣៣ នាក់ ខេត្តកំពង់ចាម ២១ នាក់ ខេត្តកំពង់ធំ ១៥ នាក់ ខេត្តតាកែវ ៩ នាក់ ខេត្តត្បូងឃ្មុំ ៩ នាក់ ខេត្តសៀមរាប ៧ នាក់ ខេត្តកំពង់ស្ពឺ ៦ នាក់ និងខេត្តព្រៃវែងចំនួន ០១ នាក់។
នៅថ្ងៃនេះដែរ ក្រសួងបានប្រកាសមានករណីអ្នកជំងឺទទួលមរណភាពដោយសារជំងឺកូវីដ ១៩ ចំនួន ៤ នាក់បន្ថែមទៀត ដែលធ្វើឱ្យអ្នកស្លាប់ដោយសារជំងឺឆ្លងដ៏កាចសាហាវនេះ ក្នុងប្រទេសកម្ពុជា កើនដល់ចំនួន ១០៦ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២១ នេះ សរុបអ្នកមានវីរុសកូវីដ ១៩ ទូទាំងប្រទេសចំនួន ១៥ ៣៦១ នាក់ ក្នុងនោះអ្នកឆ្លងដោយសារព្រឹត្តិការណ៍ ២០ កុម្ភៈមានចំនួន ១៤ ៨០៦ នាក់ អ្នកជាសះស្បើយចំនួន ៥ ៤៣០ នាក់ អ្នកកំពុងព្យាបាលមានចំនួន ៩ ៨១៨ នាក់ និងអ្នកស្លាប់ចំនួន ១០៦ នាក់។
អ្នកជំងឺដែលបានទទួលមរណភាពដោយសារជំងឺកូវីដ ១៩ ចំនួន ៤ នាក់បន្ថែមទៀត មានបុរសជនជាតិខ្មែរអាយុ ២៤ ឆ្នាំ អាយុ ៤០ ឆ្នាំ អាយុ ៥៥ ឆ្នាំ និងអាយុ ៦១ ឆ្នាំ ដែលពួកគាត់ទាំងនេះ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ០១ ទី ០២ និងទី ០៣ ខែ ឧសភា ឆ្នាំ ២០២១៕