ភ្នំពេញៈ កម្ពុជា​នៅតែ​បន្ត​រកឃើញ​អ្នក​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ខណៈ​ការសិក្សា​ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក រកឃើញ​ថា​ការរាតត្បាត​ជំងឺ​នេះ​ធ្វើឱ្យ​ប៉ះពាល់​ការផ្តល់​សេវា​សុខភាព​ផ្លូវចិត្ត​ដល់​ទៅ​ ៩៣ ​ភាគរយ​ក្នុងប្រទេស​ចំនួន​ ១៣០ ​ទូទាំង​ពិភពលោក​ និង​ធ្វើឱ្យ​មាន​ការភ័យខ្លាច​ដែល​បង្ក​ឱ្យ​ប៉ះពាល់​សុខភាព​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​។

ក្រសួង​សុខាភិបាល​ឱ្យ​ដឹងពី​ថ្ងៃទី​ ៥ តុលា ថា​កម្ពុជា​បាន​រកឃើញ​អ្នកធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩​ ថ្មី​ចំនួន ២ ​នាក់​ទៀត​។ ម្នាក់​ជា​បុរស​ជនជាតិ​បារាំង អាយុ​ ២៧ ​ឆ្នាំ ស្នាក់នៅ​ក្រុង​សៀមរាប និង​ម្នាក់ទៀត​ជា​ស្ត្រី​ជនជាតិ​ឥណ្ឌា អាយុ​ ៣៤ ​ឆ្នាំ​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​នៅ​រាជធានី​ភ្នំពេញ​។

យោង​តាម​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ៥ ខែ​តុលា មាន​អ្នកឆ្លង​ជំងឺ​កូវីដ​ ១៩​ ទូទាំង​ប្រទេស​សរុប​ចំនួន​ ២៨០ ​នាក់ ​ក្នុង​នោះ​មាន ២៧៥ ​នាក់​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ និង​ ៥ ​នាក់ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

តាម​ការរកឃើញ​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ឱ្យ​ដឹងពី​ម្សិលមិញ​ថា ការរាតត្បាត​ជំងឺ​កូវីដ​១៩​បាន​រំខាន​ ឬ​បញ្ឈប់​សេវាកម្ម​សុខភាព​ផ្លូវចិត្ត​សំខាន់ៗ​ចំនួន​ ៩៣% នៅ​បណ្តា​ប្រទេស​ទូទាំង​ពិភពលោក ខណៈ​តម្រូវការ​សុខភាព​ផ្លូវចិត្ត​កំពុង​កើនឡើង​។

ការស្ទង់មតិ​ថ្មី​របស់​ WHO ដែល​បាន​ទទួល​ទិន្នន័យ​ពី​បណ្តា​ប្រទេស​ចំនួន​ ១៣០ ក្នុង​រយៈពេល​ ៣ ​ខែ​គឺ​វា​ជា​ទិន្នន័យ​ពិភពលោក​ដំបូងបង្អស់​។ នេះ​បង្ហាញ​ពី​ផលប៉ះពាល់​ដ៏អាក្រក់​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ ​១៩ ​លើ​លទ្ធភាព​ទទួល​បាន​សេវា​សុខភាព​ផ្លូវចិត្ត ដែល​ទាមទារ​ឱ្យ​មាន​តម្រូវការ​បន្ទាន់​សម្រាប់​ការបង្កើន​មូលនិធិ​នេះ​។

កន្លង​មក​អង្គការ​សុខភាព​ពិភពលោក​លើកឡើង​ថា បញ្ហា​សុខភាព ផ្លូវចិត្ត​រ៉ាំរ៉ៃ ក្នុង​អំឡុង​ពេល​មាន​រោគរាតត្បាត​គឺ​ប្រទេស​ជាច្រើន​ត្រូវ​ចំណាយ​យ៉ាង​តិចជាង​ ២ ​ភាគរយ​នៃ​ថវិកា​សុខភាព​ជាតិ​របស់​ពួកគេ​ទៅលើ​បញ្ហា​សុខភាព​ផ្លូវចិត្ត និង​ការជម្នះ​របស់ខ្លួន ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាជន​។

WHO ថា​៖ «​រោគរាតត្បាត គឺ​មាន​ការកើនឡើង​នូវ​តម្រូវការ​សម្រាប់​សេវា​សុខភាព​ផ្លូវចិត្ត​។ ការ​ទុកចោល ភាពឯកោ ការបាត់បង់​ប្រាក់​ចំណូល និង​ការភ័យខ្លាច​បាន​បង្ក​ឱ្យ​មាន​ស្ថានភាព​សុខភាព​ផ្លូវចិត្ត ឬ​វិវត្តន៍​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​។ មាន​មនុស្ស​ជាច្រើន​អាច​ប្រឈម​នឹង​ការកើនឡើង​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន ការគេង​មិន​លក់​ស្រមើស្រមៃ​ច្រើន និង​ការថប់​អារម្មណ៍​»​។

បើ​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឱ្យ​ដឹងថា ការស្ទង់មតិ​នេះ​ត្រូវ​បាន​ចេញផ្សាយ​មុន​ព្រឹត្តិការណ៍​សុខភាព​ផ្លូវចិត្ត​ដែល​ជា​ព្រឹត្តិការណ៍​ដ៏ធំ​មួយ​របស់ខ្លួន​នៅ​ថ្ងៃទី​ ១០ ខែ​តុលា​។ វា​ជា​ព្រឹត្តិការណ៍​តស៊ូ​មតិ​តាម​អ៊ីនធឺណិត​ទូទាំង​ពិភពលោក​ដែល​នឹង​ប្រមូលផ្តុំ​ដោយ​មេដឹកនាំ​ពិភពលោក​ល្បីៗ​ និង​អ្នកតស៊ូ​មតិ​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការបង្កើន​ការវិនិយោគ​លើ​សុខភាព​ផ្លូវចិត្ត ក្នុង​អំឡុងពេល​កូវីដ​១៩​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​កាលពី​ថ្ងៃទី​ ៤ តុលា ថា​នៅពេល​ជំងឺ​កូវីដ​ ១៩ កំពុង​វាយលុក​នៅ​ទូទាំង​ពិភពលោក​ធ្វើឱ្យ​មាន​ការផ្លាស់ប្តូរ​នូវ​ទម្លាប់​រស់នៅ​ទម្លាប់​ធ្វើ​ការងារ និង​ទម្លាប់​ប្រាស្រ័យ​ទាក់ទង​គ្នា​ដែល​មិន​ធ្លាប់​មាន​ពីមុន ដូចជា​ការពាក់​ម៉ាស់ និង​នៅ​ឆ្ងាយ​គម្លាត​ដាច់​ពី​គ្នា​ជាដើម​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ដោយសារ​ជំងឺ​កូវីដ​ ១៩ ពុំទាន់​មាន​ថ្នាំ​ព្យាបាល ហើយ​ឆ្លង​រីករាលដាល​លឿន សូម្បីតែ​ប្រធានាធិបតី​អាមេរិក​ក៏មាន​ឆ្លង​ជំងឺ​នេះដែរ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល ទឹក​អាល់កុល និង​ពាក់ម៉ាស់​ទៅតាម​ស្ថានភាព​ និង​តម្រូវការ​ចាំបាច់​ជាក់ស្តែង​។ សូមកុំ​មើលស្រាល​នឹង​ធ្វេសប្រហែស​ចំពោះ​ជំងឺ​កូវីដ​ ១៩ ​ឱ្យសោះ​»​។

លោក​ ស៊ាន សុខផៃ ​នាយកប្រតិបត្តិ​នៃ​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ដែល​ជា​អង្គការ​ផ្តល់​ប្រឹក្សា​ផ្នែក​បញ្ហា​ផ្លូវចិត្ត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ស្ថានភាព​បញ្ហា​ផ្លូវចិត្ត​នៅ​ប្រទេស​កម្ពុជា​កាលពី​មិនទាន់​មាន​ជំងឺ​កូវីដ​ ១៩ គឺមាន​ចំនួន​ច្រើន​ស្រាប់​មកហើយ ព្រោះ​ក្នុង​ ១ ​ឆ្នាំៗ​មាន​អ្នក​ហៅ​ទូរស័ព្ទ​មក​ប្រឹក្សា​យោបល់​ពី​បញ្ហា​ផ្លូវចិត្ត​ចន្លោះ​ពី​ ៦ ០០០-៧ ០០០ ​នាក់​។ លោក​ថា ដល់​ដំណាក់កាល​ស្ថិតក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​នេះ​ទៀត អ្នកមាន​បញ្ហា​ផ្លូវចិត្ត​ក៏​កាន់តែ​មាន​ចំនួន​ច្រើនឡើង​ទ្វេដង​ផងដែរ ខណៈ​កន្លែង​ផ្តល់​ប្រឹក្សា​ផ្នែក​ផ្លូវចិត្ត​មាន​ការខ្វះខាត​។

លោក​បន្ថែមថា​៖ «​យើង​មាន​កង្វះ ធនធាន​ថវិកា​គឺ​មាន​ ២ ​ផ្លូវ ដោយ​ ១ គឺ​មកពី​ស្ថាប័ន​ដែល​មិនមាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ដំណើរការ​កម្មវិធី និង​ ១ ​ទៀត​គឺ​ប្រជាជន​ខ្មែរ​មិន​មាន​ថវិកា​ដើម្បី​ទទួល​បាន​សេវា​ប្រឹក្សា​យោបល់​ផ្នែក​បញ្ហា​ផ្លូវចិត្ត​។ រាល់​ឆ្នាំ​តាម​ដែល​ខ្ញុំ​ដឹង​ថវិកា​សម្រាប់​គាំទ្រ​កម្មវិធី​សុខភាព​ផ្លូវចិត្ត គឺ​តិចតួច​បំផុត​»៕

វីដេអូ៖