ភ្នំពេញៈ ប្រជាកសិករ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង និង​បណ្ដា​ខេត្ត​មួយចំនួន​ទៀត​បាន​អះអាងថា រដូវប្រាំង​ឆ្នាំនេះ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំមុនៗ ដោយ​មាន​ភ្លៀង​កក់ខែ​ធ្លាក់​ជា​បន្តបន្ទាប់ អនុគ្រោះ​ដល់​ការងារ​បង្កបង្កើនផល​របស់​ពួកគាត់ ជាពិសេស​មិន​បង្ក​ឱ្យ​មាន​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់ និង​ស្រោចស្រព​ដូច​បណ្ដា​ឆ្នាំមុនៗ​ទេ​។

ជាមួយ​គ្នា​នេះ ក្រសួង និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​ជួសជុល​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព ដែល​រួមមាន​ប្រឡាយ ស្ទឹង ព្រែក និង​ស្រះ​ទឹកជា​ច្រើន​កន្លែង​ផងដែរ នៅក្នុង​មូលដ្ឋាន​ធ្វើឱ្យ​ពលរដ្ឋ​លែងមាន​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ដូច​ឆ្នាំមុនៗ​។

លោក ប៉ក់ អិត អាយុ​ ៥៨ ​ឆ្នាំ​ ជា​ប្រជាកសិករ​នៅ​ភូមិ-ឃុំសឿ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​នៅ​រដូវប្រាំង​ឆ្នាំមុន ដោយសារ​បញ្ហា​ខ្វះ​ទឹក អ្នកភូមិ​ខ្ញុំ​ភាគច្រើន​មិនបាន​បង្កបង្កើនផល​ស្រូវ ឬ ដាំ​ដំណាំ​ហូប​ផ្លែ​ផ្សេងទៀត​នោះទេ ប៉ុន្តែ​ឆ្នាំនេះ​ពួកយើង​ខ្លះ​ដាំ​ឪឡឹក​ល្ពៅ ត្រសក់​ផ្អែម ហើយ​ខ្លះ​ធ្វើ​ស្រូវប្រាំង​ទៅ​តាម​ស្ថានភាព​ដី​រៀងៗ​ខ្លួន ព្រោះ​រដូវប្រាំង​ឆ្នាំនេះ​មាន​ភ្លៀង​កក់ខែ​ជា​បន្តបន្ទាប់​ហើយ​ប្រភពទឹក​មួយចំនួន​នៅមាន​ទឹក​ដក់​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​»​។

លោក​ ប៉ាង វណ្ណាសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តបន្ទាយមានជ័យ ថ្លែង​ថា ថ្វីបើ​តំបន់​ខ្លះ​គ្មាន​ប្រភពទឹក និង​ស្ថិតនៅ​ឆ្ងាយ​ពី​ប្រព័ន្ធ​ខ្សែបណ្ដាញ​ធារាសាស្ត្រ ប៉ុន្តែ​ដោយសារ​អាកាសធាតុ​នៅ​ឆ្នាំនេះ​អំណោយផល​ជាង​ឆ្នាំមុន ពិសេស​មាន​ភ្លៀង​កក់ខែ​ធ្លាក់​ជា​បន្តបន្ទាប់ បានធ្វើឱ្យ​ផលដំណាំ​របស់​ប្រជាកសិករ​លូតលាស់​បានល្អ​។

លោក​ ហួត ច័ន្ទតារារិទ្ធិ ប្រធានការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​ធនធានទឹក​ខេត្តបាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ថ្វើ​បើ​ពេលនេះ​ប្រព័ន្ធ​ធារាសាស្ត្រ​ជាច្រើន​ត្រូវ​បាន​ជួសជុល​ស្ដារឡើងវិញ និង​មាន​សមត្ថភាព​ស្តុក​ទឹកបាន​ច្រើនជាង​មុន​ក៏ដោយ ប៉ុន្តែ​តំបន់​មួយចំនួន​ក្នុងស្រុក​មោងឫស្សី និង​ស្រុក​គាស់ក្រឡ​ពុំ​មាន​ប្រភពទឹក​គ្រប់គ្រាន់ ហើយ​ប្រព័ន្ធ​ស្រោចស្រព​ក៏​គ្មាន​នោះដែរ​។

លោក​ ហួត ច័ន្ទតារារិទ្ធិ ក្រុមការងារ​កងវិស្វកម្ម​នៃ​មន្ទីរ​ធនធាន​ទឹក​ខេត្តបាត់ដំបង​ថ្លែងថា ប្រព័ន្ធ​ប្រឡាយមេ និង​ប្រព័ន្ធ​ស្រោចស្រព​ជាច្រើន​ខ្សែ សម្រាប់​នាំ​ទឹក​ពី​ទំនប់​ដូនទ្រី និង​សំណង់​ស្ទាក់​ទឹក​រាម​គុណ ព្រមទាំង​ទំនប់​កង្ហត​ទៅ​កាន់​តំបន់​ភាគខាងលើ​នៃ​ស្រុក​មោងឫស្សី​ និង​ស្រុក​គាស់ក្រឡ​ត្រូវបាន​ស្តារ​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ថ្លែង​ថា ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ ទំនប់​ធារាសាស្ត្រ និង​ប្រព័ន្ធធារាសាស្ត្រ​ជាច្រើន​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​ត្រូវបាន​អភិវឌ្ឍន៍ កសាង និង​ជួសជុល​ឡើងវិញ ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​ចាំបាច់​របស់​កសិករ​។

លោក​ថា​៖ «​តំបន់​ខ្លះ​នៅក្នុង​ស្រុក​ថ្ពង​ធ្លាប់មាន​បញ្ហា​ខ្វះ​ទឹក​នៅ​រដូវប្រាំង ប៉ុន្តែ​ឆ្នាំនេះ​អាកាសធាតុ​មាន​អំណោយផល​ល្អ មាន​ភ្លៀង​កក់ខែ​ធ្លាក់​ជា​បន្តបន្ទាប់ ដែល​មកទល់​ពេល​នេះ​នៅ​មិនទាន់​មាន​អ្នកភូមិ​ណា​ម្នាក់​រាយការណ៍​ពី​បញ្ហា​ខ្វះ​ទឹក​នោះទេ​៕