ព្រះសីហនុៈ រដ្ឋបាល​ក្រុង​ព្រះសីហនុ​នឹង​បន្ត​ចាត់​វិធានការ​ក្តៅ​ក្នុង​ការចុះ​រុះរើ​តូប និង​សំណង់​អ្នកលក់​ម្ហូបអាហារ​អនាធិបតេយ្យ​ដោយ​បាន​រំលោភ​លើផ្លូវ​សាធារណៈ ខណៈ​ដែល​អាជ្ញាធរ​កំពុង​បន្ត​គម្រោង​សាងសង់​ផ្លូវ​ចំនួន​ ១២ ​ខ្សែ​នៅ​ទូទាំង​ក្រុង ដើម្បី​ស្ដារ​សោភណភាព​ឡើងវិញ​។

លោក អ៊ី សុខឡេង អភិបាលក្រុង​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គម្រោង​នៃ​ការចុះ​រុះរើ​នេះ​ធ្វើ​ឡើង​សម្រាប់​ស្ថាបនា​ផ្លូវ​ចំនួន​ ១២ ខ្សែ​ ដែល​មាន​ប្រវែង​ជិត​ ៦០ គីឡីម៉ែត្រ​ ក្នុង​ក្រុង​ព្រះសីហនុ​ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការស្ថាបនា​ធ្វើ​ផ្លូវ​ឲ្យ​ទាន់ពេល​តាម​ការគ្រោងទុក​។

លោក អ៊ី សុខឡេង បាន​បន្តថា អាជ្ញាធរ​ធ្លាប់បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​តាំងពី​ថ្ងៃ ៦ ខែ​មីនា​ កន្លង​ទៅ ដើម្បី​ឲ្យ​ធ្វើការ​ចុះ​រើ​ដោយ​ខ្លួនឯង ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំងនោះ​នៅ​តែ​មិន​ព្រម​រុះរើ និង​បន្តសកម្មភាព​ដដែល​។

លោក​បញ្ជាក់ថា​៖ «​អាជ្ញាធរ​បាន​នាំយក​គ្រឿងចក្រ​មក​ឈូស​សម្អាត ដើម្បី​សម្រួល​ដល់​ក្រុម​វិស្វកម្ម​ស្ថាបនា​ពង្រីក​ផ្លូវជាតិ​លេខ​ ៤ តាម​ប្លង់​ប្រព័ន្ធ​ទំហំ ៦០ ​ម៉ែត្រ​ និង​លែង​ឲ្យ​មាន​ការលក់​រំលោភ​បែបនេះ​រហូត​។ ​សកម្មភាព​ដូចគ្នា​នេះ​យើង​នឹង​ចុះ​អនុវត្ត​ទៅ​លើ​អ្នកលក់ដូរ​ម្ហូបអាហារ​អនាធិបតេយ្យ​នៅលើ​ចិញ្ចើមផ្លូវ​ដទៃទៀត ជាពិសេស​នៅលើ​ផ្លូវជាតិ​លេខ​ ៤ ដែលមាន​ការសង់​ជា​តូប និង​ដាក់​ឆត្រ​ពេញ​ផ្លូវ​»​។

លោកស្រី ជៀប សុធារី អ្នកសម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា បញ្ហា​រំលោភ​យក​ចំណីផ្លូវ​នេះ គឺជា​រឿង​មួយ​ដែល​កើតមាន​យូរណាស់​មក​ហើយ និង​មិនអាច​ដោះស្រាយ​បាន​នោះទេ​។ បើសិន​ក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​លើក​នេះ​ពិតជា​រំដោះ​ចំណីផ្លូវ បាន​មក​វិញ​មែន​នោះ​គឺ​រឿង​មួយ​ដែល​ប្រសើរ​៕