ភ្នំពេញៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មី ២ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ ១ ត្រូវធ្វើការរុះរើសំណង់ដែលបានសាងសង់ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធបង្ហូរទឹកដែលនាំឱ្យមានទឹកជំនន់នៅពេលមានភ្លៀង។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានប្រកាសឱ្យដឹងថាចាប់ពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ អ្នកដែលបានសាងសង់សំណង់រំលោភលើមាត់លូ គម្របលូ ត្រូវរុះរើដោយខ្លួនឯងក្នុងរយៈពេល ១០ ថ្ងៃ បើមិនដូច្នោះទេ អាជ្ញាធរនឹងចុះរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាតសំណង់នោះទេ។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា មានប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីជាង ១០ គ្រួសារបានយល់ព្រមរុះរើដោយស្ម័គ្រចិត្ត ខណៈមួយចំនួនបានស្នើសុំពន្យារពេល។ ដូច្នេះរដ្ឋបាលខណ្ឌបានទុកពេលឱ្យពលរដ្ឋរុះរើដោយខ្លួនឯងតាមការស្នើសុំ។
លោក ដារិទ្ធិ ថ្លែងថា៖ «ហើយបើក្នុងករណីមានការរឹងទទឹង និងមិនព្រមរុះរើនោះអាជ្ញាធរនឹងចុះរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាតនោះឡើយ។ ការស្នើពន្យារពេលនេះគឺយើងពិនិត្យទៅលើស្ថានភាពជាក់ស្តែង។ ចំពោះករណីដែលសាងសង់ទៅលើរ៉ឺហ្គែរ គម្របលូ មិនអាចពន្យារពេលទេគឺត្រូវតែរុះជាបន្ទាន់ ហើយបើដល់ថ្ងៃហើយ (ឱសានវាទ ១០ ថ្ងៃ) មិនរុះគឺក្រុមការងារ ចុះទៅកាយហើយ»។
លោកបញ្ជាក់ថា៖ «យើងចាប់ផ្តើមដំបូងពីបុរីពិភពថ្មីត្រពាំងថ្លឹង ៤ ជាមុនសិន ព្រោះវាជាកន្លែងលិចរុំារ៉ៃដែលយើងត្រូវតែធ្វើមុនគេជាគំរូដល់បុរីដទៃទៀត ហើយជាបន្តទៀត យើងនឹងធ្វើនៅតាមបុរីផ្សេងទៀត»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានថ្លែងថា សំណង់ដែលបានសាងសង់បន្ថែម គឺពិតជាបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធបង្ហូរទឹក និងផ្លូវសាធារណៈមែន៕
វីដេអូ៖