
ភូមិសាស្ត្រក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានកំណត់ជា ២ តំបន់ គឺ តំបន់លឿងទុំ។ រដ្ឋបាលខេត្តកណ្តាល
កណ្តាល៖ រដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីសម្រេចកំណត់ភូមិសាស្ត្រក្រុង តាខ្មៅ ជាពីរតំបន់គឺ «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់បនន្តរយៈពេល ៧ ថ្ងៃទៀត ដែលចាប់អនុវត្តន៍ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា។
សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានកំណត់ជា ២ តំបន់ គឺ តំបន់លឿងទុំ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ និង តំបន់លឿង សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។
យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅយប់ថ្ងៃទី ២៧ ខែមេសា នេះបានបញ្ជាក់ថា វិធានការដែលត្រូវអនុវត្តន៍ចំពោះភូមិសាស្ត្រក្រុងតាខ្មៅនេះ គឺត្រូវចាប់ផ្តើមអនុវត្តន៍សម្រាប់រយៈពេល ៧ ថ្ងៃ ដែលគិតចាប់ពីម៉ោងសូន្យថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ៥ ខែឧសភា។
លោក គង់ សោភ័ណ្ឌ បានលើកឡើងថា៖ «សង្កាត់តាខ្មៅ សង្កាត់ដើមមៀន សង្កាត់កំពង់សំណាញ់ និងសង្កាត់ស្វាយរលំ ត្រូវបានកំណត់ជាតំបន់លឿងទុំ ឯតំបន់លឿង មានសង្កាត់ព្រែកឫស្សី សង្កាត់តាក្តុល សង្កាត់ព្រែកហូរ សង្កាត់រកាខ្ពស់ សង្កាត់សិត្បូ និងសង្កាត់កោះអន្លង់ចិន»។
លោកបានបន្តថា បុគ្គលគ្រប់រូបដែលរស់នៅក្នុងតំបន់លឿងទុំ ត្រូវបានហាមឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែ ការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្ន អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ ហើយត្រូវបានផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និង រាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្មចាប់ពីម៉ោង ២០ដល់ម៉ោង៥។
សេចក្តីសម្រេចនេះបានបញ្ជាក់ថា សម្រាប់តំបន់លឿងវិញ ការធ្វើចរាចរណ៍គ្រប់ប្រភេទ សកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទនៅក្នុងតំបន់ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ជាធម្មតា លើកលែងតែសាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន អាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលបើកដំណើរការនៅក្នុង តំបន់លឿង ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់។
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ៖ «បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការដែលបានកំណត់ក្នុងភូមិសាស្ត្រតំបន់លឿងទុំ និងតំបន់លឿង នឹងត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាល ដោយអនុលោមតាមបទប្បញ្ញត្តិ និង នីតិវិធីជាធរមានផងដែរ»៕