កណ្តាល៖ អាជ្ញាធរ​ខេត្ត​កណ្ដាលបាន​ចេញ​សេចក្តី​សម្រេច​ឱ្យ​បិទ​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ផ្អាក​ការ​ទទួល​អតិថិជន​ឲ្យ​ចូល​មក​ទទួល​ទាន​ក្នុង​ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវកម្ម​ផ្នែក​អាហារ ភេសជ្ជៈ​គ្រប់​ប្រភេទ ប៉ុន្តែ​អាច​លក់​ដោយ​វេចខ្ចប់ ជា​វិធានការ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​កណ្តាល នៅ​ថ្ងៃទី ១២ ខែ​មេសា​នេះ បាន​ឲ្យ​ដឹង​ថា សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ចាប់​ពី​ថ្ងៃទី ១២ ខែ​ មេសា ឆ្នាំ ២០២១ ដល់​​ថ្ងៃ​ទី ១៨ ខែ មេសា ឆ្នាំ ២០២១។ ក្នុង​សេចក្តី​សម្រេច​នោះ រដ្ឋបាល​ខេត្តកណ្តាល​បាន​ដាក់​ចេញ​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅ​ផ្សារ​រដ្ឋ ផ្សារ​ទំនើប ផ្សារ​ម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូប ស្តង់​លក់​អាហារ និង​ហាង​លក់​ភេសជ្ជៈ​គ្រប់​ប្រភេទ។

រដ្ឋបាល​ខេត្ត​កណ្តាល​បាន​សរសេរ​ថា «អាហារដ្ឋាន តូប​អាហារ ហាង​ភេសជ្ជៈ ហាង​កាហ្វេ និង​អាជីវកម្ម​ផ្នែក​អាហារ ភេសជ្ជៈ​គ្រប់​ប្រភេទ ដែល​ទទួល​អតិថិជន​ឲ្យ​ចូល​មក​ទទួល​ទាន​ក្នុង​បរិវេណ​ទីតាំង​អាជីវកម្ម​អាហារដ្ឋាន​ទាំង​នោះ អាច​លក់ដូរ​ជា​លក្ខណៈ​វេច​ខ្ចប់​បាន»។

រដ្ឋបាល​ខេត្ត​កណ្តាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា មន្ទីរ​ទេសចរណ៍​ខេត្ត មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ស្នងការដ្ឋាន​គរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត រដ្ឋបាល​ក្រុង​ស្រុក ឃុំ​សង្កាត់ ត្រូវ​ចុះ​ត្រួត​ពិនិត្យ តាម​បណ្តា​គោលដៅ​ផ្សារ​រដ្ឋ ផ្សារ​ទំនើប ផ្សារ​ម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវកម្ម​ផ្នែក​អាហារ​គ្រប់​ប្រភេទ។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា៖ «បុគ្គល ឬ​នីតិបុគ្គល​ទាំង​ឡាយ​ណា ដែល​មិន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តី​សម្រេច​នឹង​ត្រូវ​ទទួល​ទោស​ដូច​មាន​កំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដទៃ​ទៀត និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន»។

រដ្ឋបាល​ខេត្ត​កណ្តាល​បញ្ជាក់​ថា សេចក្តី​សម្រេច សេចក្តី​ជូន​ដំណឹង សេចក្តី​ណែនាំ ពាក់ព័ន្ធ​វិធានការ​រដ្ឋបាល​ខេត្ត ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​មាន​មុន​ពេល​សេចក្តី​សម្រេច​ថ្មី​នេះ​ចូល​ជា​ធរមាន ហើយ​ដែល​មិន​ផ្ទុយ​នឹង​សេចក្តី​សម្រេច​នេះ ត្រូវ​មាន​អានុភាព​អនុវត្ត​រហូត​ដល់​មាន​លិខិត​បទដ្ឋាន​គតិយុត្ត​ថ្មី​មក​ជំនួស៕