
ពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅសាលារៀនមួយក្នុងខេត្តកំពង់ចាម។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
កំពង់ចាមៈ រដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញពីលទ្ធផល នៃការរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៩៣ នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន ២៣ នាក់។
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២១ ខែឧសភានេះ បានឲ្យដឹងថា មន្ត្រីសុខាភិបាល បានរកឃើញវិជ្ជមានកូវីដ ១៩ ចំនួន ៩៣ នាក់ ក្នុងនោះស្រុក ជើងព្រៃ ៣៤ នាក់ ស្រុកបាធាយ ៣៤ នាក់ ស្រុកព្រៃឈរ ៩ នាក់ ស្រុកកំពង់សៀម ៦ នាក់ និងមកពីខេត្តកំពង់ឆ្នាំង ៣ នាក់ ខេត្តកំពង់ធំ ៧ នាក់ ចំណែកករណីជាសះស្បើយចំនួន ២៣នាក់។
សេចក្តីប្រកាសបញ្ជាក់ថា៖ «រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ត្រីសុខាភិបាល យកសំណាកលើអ្នកសង្ស័យចំនួន ៨០១ នាក់ នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២១ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ១៩ វិជ្ជមានកូវីដ ១៩ ចំនួន ៩៣ នាក់»។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជូនអ្នកជំងឺទាំងនោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ ឬដោយប្រយោល និងអ្នកជំងឺកូវីដ ១៩ ខាងលើបន្ថែមទៀត។
ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទង នឹងអ្នកជំងឺខាងលើ ទៅពិនិត្យសុខភាពនិងយកសំណាក នៅមន្ទីរពេទ្យបង្អែកស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ។
ដោយឡែក ករណីជាសះស្បើយ មានចំនួន ២៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មេគង្គមានចំនួន ២៧០នាក់។
អ្នកជំងឺទាំង ២៣ នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលតេស្តអវិជ្ជមានកូវីដ ១៩ ចំនួន ២ លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាមហើយ៕