កំពង់ចាមៈ រដ្ឋបាលខេត្តកំពង់ចាមបានសម្រេចបន្តសុពលភាពក្នុងការពង្រឹងវិធានការរដ្ឋបាល និងវិធានការសុខាភិបាលរយៈពេលពេល ២ សប្តាហ៍បន្ថែមទៀតចាប់ពីថ្ងៃទី ១៤ ឧសភា នេះតទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខណៈស្ថានភាពឆ្លងរាលដាលក្នុងខេត្តនេះនៅមិនទាន់ធូរស្រាលនៅឡើយ។
សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ចុះថ្ងៃទី ១៣ ឧសភា បានសម្រេចបន្តសុពលភាពការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រយៈពេល ២ សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១។
សេចក្តីជូនដំណឹងបន្តថា៖ «យោងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៅមិនទាន់មានសភាពធូរស្រាលនៅឡើយ ពិសេសការរកឃើញនូវករណីវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់នៅក្នុងខេត្តកំពង់ចាម ដូចនេះរដ្ឋបាលខេត្តសូមបន្តសុពលភាពនៃការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ»។
រដ្ឋបាលខេត្តក៏បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២១ ស្តីពីការបន្តពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល។
យោងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី ៧ ឧសភា បានឱ្យដឹងថា កន្លងមក រដ្ឋបាលខេត្តកំពង់ចាមបានដាក់ចេញនូវវិធានការរដ្ឋបាល រួមនឹងវិធានការបិទខ្ទប់ភូមិមួយចំនួន ដែលរកឃើញករណីវិជ្ជមានកូវីដ១៩ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពីសហគមន៍មួយទៅសហគមន៍មួយទៀត។
រដ្ឋបាលខេត្តបញ្ជាក់ថា៖ «ដោយផ្អែកលើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅមិនទាន់មានសភាពធូរស្រាលនៅឡើយ ១៩ រដ្ឋបាលខេត្តកំពង់ចាមបន្តដាក់ចេញវិធានការរដ្ឋបាលចាំបាច់មួយចំនួនចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១»។
ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម លោកស្រី សំ ផល្លា បានថ្លែងថា ជារួមរដ្ឋបាលខេត្តទទួលបានជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមរោងចក្រ សហគ្រាស។
ប៉ុន្តែទីកន្លែងប្រជុំជនមួយចំនួន ស្ថានភាពមិនទាន់ធូរស្រាលនៅឡើយ ទើបរដ្ឋបាលខេត្តសម្រេចបន្តសុពលភាពវិធានការនេះរយៈពេល ២ សប្តាហ៍ទៀត។
លោកស្រីបញ្ជាក់ថា៖ «យើងអនុវត្តដោយគ្រប់គ្រងទៅតាមរោងចក្រ សហគ្រាសបានជោគជ័យជាបន្តបន្ទាប់ ហើយមានន័យថាប្រសិទ្ធភាពគ្រប់គ្រងតាមសហគ្រាសប្រសើរឡើងច្រើន ប៉ុន្តែនៅមានតំបន់ដែលប្រឈមផ្សេង ដែលយើងត្រូវបន្តអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍»។
លោកស្រី ផល្លា ឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី ១៣ ខែឧសភានេះ អ្នកឆ្លងជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ចាមមានចំនួនសរុប ១៥១ នាក់ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៧ នាក់។
រដ្ឋបាលខេត្តបានរំឭកថា អំឡុងពេលអនុវត្តវិធានការរដ្ឋបាល ប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍នៅភូមិសាស្ត្រខេត្តកំពង់ចាម៕