កំពង់ស្ពឺៈ ​ក្រៅពី​បានចេញ​ដីកា​សម្រេច​ដកហូត​អតីត​ដីព្រៃឈើ​ចំនួន​ ៩ ​ទីតាំង ​មាន​ផ្ទៃដី​សរុប​ចំនួន ២៦៦,៣១ ​ហិកតា ទុកជា​សម្បត្តិ​រដ្ឋ​វិញ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​តាសាល និង​ឃុំ​ត្រពាំងជោរ​ ស្រុក​ឱរ៉ាល់ រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ កាលពី​ថ្ងៃទី​ ១៦ ខែមីនា រដ្ឋបាល​ខេត្ត​ក៏​កំពុង​ស្វែងរក​ជនល្មើស​ដែល​បាន​ចូលទៅ​កាប់ទន្ទ្រាន​រាន​យក​ដីព្រៃ​រដ្ឋ​ទាំងនេះ យក​មក​ផ្តន្ទាទោស​ផងដែរ​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា មូលហេតុ​ដែល​រដ្ឋបាល​ខេត្ត​ដកហូត​អតីត​ដីព្រៃឈើ​យក​មក​ធ្វើជា​សម្បត្តិ​រដ្ឋ​វិញ​នេះ​ដោយសារ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចូល​ទៅ​កាប់ទន្ទ្រាន​កាន់កាប់​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ទៅនឹង​ច្បាប់​។

បើទោះបី​ពេលនេះ រដ្ឋបាលខេត្ត​បាន​ដកហូត​ដីព្រៃ​យក​មក​ធ្វើជា​សម្បត្តិ​រដ្ឋ​វិញ​ក្តី ប៉ុន្តែ​សម្រាប់​ជនល្មើស រដ្ឋបាលខេត្ត​មិន​លើកលែង​នោះទេ គឺ​ត្រូវតែ​ស្វែងរក​ជនល្មើស​នោះ និង​បុគ្គល​ទាំងឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ​ដើម្បី​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ អនុវត្ត​តាម​និតិវិធី​ច្បាប់​ជា​ធរមាន​។

ទោះជា​យ៉ាងណា​លោក វ៉ី សំណាង បាន​បញ្ជាក់ថា រហូត​មកទល់​ពេល​នេះ រដ្ឋបាលខេត្ត​មិនទាន់​បានកំណត់​អត្តសញ្ញាណ បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណាមួយ​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​កាប់​ទន្ទ្រាន​ដីព្រៃ​នេះ​នៅឡើយ​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​កំពុង​ស្រាវជ្រាវ​ស្វែងរក​ជន​ពាក់ព័ន្ធ​ទន្ទ្រាន​ដី​នេះ​ទាំងអស់​ចាប់ពី​ថ្ងៃ​ដែល​ជូនដំណឹង​តទៅ​។ ការស្រាវជ្រាវ​នេះ គឺ​មិន​ចប់​ឥឡូវ​ទេ​គឺ​នឹង​នៅតែ​បន្ត​ស្វែងរក​រហូតដល់ ១០ ឆ្នាំក្រោយ​ទៀត ដើម្បី​ស្វែងរក​មុខ​ជនល្មើស​ឱ្យឃើញ ដើម្បី​បញ្ជូន​ទៅ​តុលាការ​អនុវត្ត​វិធី​ច្បាប់​។ យើង​អត់​លែង​ទេ​» ។

លោក រ័ត្ន ថាវី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់ស្ពឺ​បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋបាល​ខេត្ត​ដែល​បាន​ដកហូត​ដីព្រៃ​ឈើ​ពី​ជន​មាន​អំណាច​យក​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​វិញ​នេះ​។ ប៉ុន្តែ​លោក​ថ្លែងថា ឱ្យ​តែ​ការដកហូត​នេះ​ស្រប​ទៅ​តាម​ច្បាប់ និង​ដកយក​មក​ទុកជា​សម្បត្តិ​រដ្ឋ​ពិតប្រាកដ​កុំ​ឱ្យ​ដក​ពី​អ្នកនេះ រួច​ឱ្យ​ទៅ​អ្នកនោះ​វិញ លោក​មិន​គាំទ្រ​នោះ​ទេ និង​មិនអាច​ទទួល​យក​បានទេ​។

យ៉ាងណា​ក៏ដោយ​លោក រ័ត្ន ថាវី ថ្លែងថា លោក​ពិបាក​កំណត់​ចំណាំ​ដី​នៅក្នុង​ខេត្តកំពង់ស្ពឺ​នេះ ព្រោះ​អាជ្ញាធរ​មិនបាន​បង្ហាញ​ជា​សាធារណៈ​ថា តើ​ដី​ណា​ជា​ដី​សាធារណៈ​របស់​រដ្ឋ ដី​ណា​ជា​ដីឯកជន​របស់​រដ្ឋ ឬ​ជា​ដីឯកជន​នោះទេ​។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា នៅក្នុង​ខេត្តកំពង់ស្ពឺ​នេះ ពិតជា​មាន​ការចូល​ទៅ​កាប់​ទន្ទ្រាន​ដី​រដ្ឋ ដែល​ភាគច្រើន​អាច​ជា​អ្នកមាន​លុយ ឬ​អ្នក​មាន​អំណាច ។

លោក រ័ត្ន ថាវី បញ្ជាក់ថា​៖ «​បើ​អាជ្ញាធរ​យក​ដី​របស់​ប្រជាពលរដ្ឋ ប្រាកដ​ណាស់​នឹង​មាន​ការតវ៉ា​ហើយ​។ ប៉ុន្តែ​បើ​ដី​នោះ​ជា​ដី​របស់​ឈ្មួញ ឬ​អ្នក​មាន​អំណាច​ចូល​ទៅ​ទន្ទ្រាន​យក​កាន់កាប់​ដោយ​ខុសច្បាប់ អ្នកនោះ​មិន​ហ៊ាន​ចូលខ្លួន​ប្តឹង​តវ៉ា​ទេ ។ យ៉ាងណា ការដកហូត​ដី​ពី​នរណា​ម្នាក់ គេ​ទុកពេល​ឱ្យ​មាន​ការប្តឹង​ជំទាស់​ដែរ​»​។

ជាមួយ​គ្នា​នេះ​លោក រ័ត្ន ថាវី បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ស្វែងរក​ចាប់​ជនល្មើស​ឱ្យបាន​ឆាប់ ដើម្បី​ផ្តន្ទាទោស​ទៅ​តាមច្បាប់​ព្រោះ​ករណីនេះ មិន​ពិបាក​រក​នោះទេ​។ លោក​ថ្លែងថា​៖ «​បើ​អាជ្ញាធរ​បង្ហាញ​ឆន្ទៈ​ក្នុង​ការស្វែងរក​គឺ​មិនយូរ​នោះទេ​នឹង​ចាប់​ជនល្មើស​យក​មក​អនុវត្ត​តាម​និតិវិធី​ច្បាប់​។ ប៉ុន្តែ បើ​អាជ្ញាធរ​មាន​​ចេតនា​ក្នុង​ការលាក់បាំង​ជនល្មើស ឬ​ពន្យារពេល​ក្នុង​ការស្វែង​នឹង​ធ្វើឱ្យ​ជនល្មើស​បាន​ចិត្ត និង​បន្ត​ឱ្យមាន​បទល្មើស​កើតឡើង​ថែមទៀត បើ​មិនបាន​ចាប់​យក​មក​ផ្តន្ទាទោស​តាមច្បាប់​»៕