ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារចំនួន ៨ ក្នុងក្រុងបាត់ដំបង រយៈពេល ៧ ថ្ងៃ ដោយនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២១ ក្នុងគោលបំណង ដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ។
យោងតាមសេចក្តីសម្រេចលេខ ០៦៧/២១ សសរ ចុះថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ ដែលចុះហត្ថលេខាដោយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ផ្នែកខាងក្នុងផ្សារនៃចំនួនផ្សារទាំង ៨ ដែលត្រូវបានបិទជាបណ្តោះអាសន្នរួមមាន ផ្សារបឹងឈូក ផ្សារ ១៣ មករា ផ្សារអប្សរា ផ្សារលើ ផ្សាររោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិ៍វង្ស និងផ្សារទំនើបភូពុយ។
សេចក្តីសម្រេចនេះបញ្ជាក់ថា អនុញ្ញាតឱ្យអាជីវករលក់នៅផ្នែកខ្លះនៃបរិវេណខាងក្រៅផ្សារដូចជា បន្លែ ត្រី សាច់ គ្រឿងឧបភោគបរិភោគដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃ ដោយត្រូវអនុវត្តនូវវិធានការ សុខាភិបាលក្នុងការរក្សាគម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី ១,៥ ម៉ែត្រឡើងទៅ) ពាក់ម៉ាស់ និងលាងដៃ៕