ភ្នំពេញៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាននិង​កំពុង​ដំណើរការ​សាងសង់ បន្ទប់ទឹក​សាធារណៈ​ថ្មី​ចំនួន​ ១១ ​ទីតាំង​បន្ថែមទៀត​ នៅតាម​បណ្តោយ​ឆ្នេរអូឈើទាល​ ២ ឆ្នេរ​អូត្រេះ​រហូត​ដល់​ពយ​ឆ្នេរ​ជំទាវម៉ៅ ដើម្បី​បម្រើ​ដល់​ភ្ញៀវទេសចរ​ដែល​មកលេង​កម្សាន្ត​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ទាំងនោះ​។

លោក ឃាង ភារម្យ ​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ការសាងសង់​បន្ទប់ទឹក​សាធារណៈ​ថ្មី​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​នេះ​តាម​ផែនការ​គឺមាន​ ១១ ​ទីតាំង ប៉ុន្តែ​ពេលបច្ចុប្បន្ន បាននិង​កំពុង​សាងសង់​ ៩ ​ទីតាំង​សិន​។ នៅក្នុង​គម្រោង​បន្ទប់ទឹក​សាធារណៈ​នេះ ត្រូវបាន​សាងសង់​ជា ៣ ​ប្រភេទ​ដោយ​ទី១ គឺ​ប្រភេទ​បន្ទប់ទឹក​ ៨ ​ជ្រុង ដែលមាន​ទំហំ ១២,៩៦ ម៉ែត្រ X ១២,៩៦ ម៉ែត្រ​។ ប្រភេទ​ទី២ ជា​ប្រភេទ​បន្ទប់ទឹក​ដែល​មាន​រាង​ចតុកោណកែង និង​លម្អ​កណ្តាល​ដែលមាន​ទំហំ ២៦ ម៉ែត្រ x១៧ ម៉ែត្រ និង​ប្រភេទ​ទី៣ មាន​រាង​ជា​ការ៉េ​ដែលមាន​ទំហំ​ ៨,៨ ម៉ែត្រ x ៨,៨ ម៉ែត្រ​។

បើតាម​លោក ឃាង ភារម្យ គម្រោង​សាងសង់​បន្ទប់ទឹក​សាធារណៈ​នេះ ត្រូវបាន​ក្រុមហ៊ុន​ឯកជន​ចំនួន​ ៤ ​ទទួល​បន្ទុក​ក្នុងការ​សាងសង់​រួមមាន​ក្រុមហ៊ុន​ពិស្នុការ ក្រុមហ៊ុន​ហេងសម្បត្តិ ក្រុមហ៊ុន VT និង​កងវិស្វកម្ម​របស់​ក្រសួងមហាផ្ទៃ ដែល​រហូត​មក​ដល់ពេល​នេះ​សម្រេចបាន​ប្រមាណ ៣៥ ​ភាគរយ​ហើយ​។

គម្រោង​សាងសង់​បន្ទប់​ទឹក​សាធារណៈ​នេះ​ទទួល​បាន​ថវិកា​ពី​គណៈកម្មការ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា រដ្ឋបាលខេត្ត​ព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។ លោក​ថ្លែងថា​៖ «​បន្ទប់​សាធារណៈ​ទាំងនេះ​មិន​តម្រូវ​ឱ្យ​ភ្ញៀវទេសចរ​បង់ប្រាក់​នោះទេ ហើយ​មិន​ដូច​ការរិះគន់​ថា យកលុយ​នោះ​ទេ បន្ទប់ទឹក​ដែល​យកលុយ​គឺជា​បន្ទប់​ឯកជន​»​។

បច្ចុប្បន្ន​ក្រុមការងារ​កំពុង​ជំរុញ​ល្បឿន​នៃ​ការសាងសង់ ហើយ​អាច​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​មុន​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។

លោក តាំង សុចិត្រក្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ឱ្យដឹងពី​ម្សិលមិញ​ថា​ក្រៅពី​សាងសង់​បន្ទប់ទឹក​ចំនួន​ ១១ ​នេះ រដ្ឋបាលខេត្ត​មាន​គម្រោង​សាងសង់​បន្តបន្ទាប់​ទៀត ដើម្បី​បម្រើ​ដល់​តម្រូវការ​របស់​ភ្ញៀវទេសចរ​ឱ្យបាន​គ្រប់គ្រាន់​។ លោក សុចិត្រក្រឹស្នា រំពឹង​ថា​ក្រោយពី​ការបញ្ចប់​ការសាងសង់​រួចរាល់ និង​ដាក់ឱ្យ​ដំណើការ វា​នឹង​ចូលរួម​លើកកម្ពស់​មុខមាត់​ខេត្ត​ព្រះសីហនុ ជាពិសេស​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​មកលេង​កម្សាន្ត​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​។

លោក​ថ្លែងថា​៖ «​ជាធម្មតា​ក្នុង​ការរៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​មិន​ថា​រមណីយដ្ឋាន​តំបន់​ឆ្នេរ ឬ​តំបន់​ណា​នោះទេ គឺ​រៀបចំ​ឱ្យមាន​ស្តង់ដា មិនមែន​រៀបចំ​តែ​បន្ទប់ទឹក​មួយ​ឱ្យមាន​ស្តង់ដា​នោះទេ នៅក្នុង​ចំណោម​នោះ​ត្រូវតែ​រៀបចំ​ឱ្យ​មាន​ស្តង់ដា​ទាំង​សេវាកម្ម​»​។

លោក​ថ្លែង​បន្តថា​៖ «​វា​សំខាន់​ណាស់ ធម្មតា​ភ្ញៀវ​ដែល​មកលេង គឺ​ត្រូវការ​កន្លែង​ចត​យានយន្ត កន្លែង​បន្ទោបង់ និង​សេវា​ព័ត៌មាន និង​សន្តិសុខ​ជាដើម​។ បើ​យើង​ទៅលេង ហើយ​មិនមាន​បន្ទប់ទឹក តើ​យើង​ទៅលេង​យ៉ាង​ម៉េចកើត​។ បើ​មិន​ដូច្នេះ​ទេ វា​នឹង​ប៉ះពាល់​ដល់​បរិស្ថាន និង​អនាម័យ​បន្ថែមទៀត​»​។

លោក ស្រេង វ៉ាន់លី មន្ដ្រី​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​ចំពោះ​ការសាងសង់​បន្ទប់ទឹក​សាធារណៈ​នេះ ខណៈ​កន្លងមក​ក៏មាន​ការយក​លុយ​ពី​ប្រជាពលរដ្ឋ​ខ្លះ​ដែរ ជុំវិញ​ការប្រើប្រាស់​បន្ទប់ទឹក​នេះ​។

លោក​ថ្លែងថា​៖ «​ការសាងសង់​បន្ទប់ទឹក​សាធារណៈ វា​ល្អ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ក៏ត្រូវ​មាន​ការចូលរួម​ថែរក្សា​ការពារ​បរិស្ថាន ក៏​ដូចជា​ជួយ​សម្អាត និង​បូម​កាកសំណល់​ឱ្យបាន​ញឹកញាប់​ជាជាង​ដែល​យើង​បង្ហូរ​ (​ទឹក​លាមក​) ​ចូល​ទៅក្នុង​សមុទ្រ​វា​ធ្វើឱ្យ​ប៉ះពាល់​ទឹកសមុទ្រ​សម្រាប់​ភ្ញៀវ​ដែល​មកលេង​»៕