ព្រះសីហនុៈ ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ចេញ​លិខិត​ណែនាំ​ដល់​ពលរដ្ឋ​ជាង ៥០ ​គ្រួសារ​នៅ​ក្រុង​កោះរ៉ុង​ឱ្យ​ចូលមក​ដាក់​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការពិនិត្យ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​លើ​ការកាន់កាប់​ដីធ្លី​នៅ​ទីតាំង​នោះ ដែល​ពួកគាត់​បាន​ធ្វើការ​តវ៉ា​កន្លងមក​។

លិខិត​ចុះ​ថ្ងៃទី​ ២៩ កញ្ញា បាន​តម្រូវឱ្យ​ពលរដ្ឋ​យក​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដីធ្លី​មក​ជូន​រដ្ឋបាល​ក្រុង​កោះរ៉ុង​ឱ្យ​បាន​មុន​ថ្ងៃទី​ ១៦ ​ខែតុលា​ជា​កំហិត​បើ​មិនដូច​នោះ​ទេ​រដ្ឋបាលខេត្ត​នឹងមិន​ទទួល​ពិនិត្យ​ទៀតឡើយ​។ ពលរដ្ឋ​ត្រូវ​យក​ឯកសារ​ពាក់ព័ន្ធ​រួមមាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់នៅ​ឯកសារ​បញ្ជាក់​ការកាន់កាប់​ដីធ្លី (​លិខិត​ទិញ-លក់ ពាក្យស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី លិខិត​ផ្ទេរសិទ្ធិ និង​វិញ្ញាបនបត្រ​អចលនវត្ថុ​។​ល​។​) ។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ ឱ្យដឹងថា កន្លងមក​ប្រជាពលរដ្ឋ​ធ្លាប់​ធ្វើការ​តវ៉ា​ទាមទារ​កម្មសិទ្ធិ​ដីធ្លី​នៅក្នុង​តំបន់​ដែល​កំពុង​ឈូសឆាយ​ធ្វើការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​។ «​អ៊ីចឹង​បាន​យើង​ស្នើ​សុំឱ្យ​គាត់​ដាក់​លិខិត ឬ​ក៏​ឯកសារ​ពាក់ព័ន្ធ​នានា ដែល​គាត់​បញ្ជាក់ថា​ជា​ដី​របស់គាត់ ដែល​ត្រូវ​បាន​គេ​រំលោភបំពាន​ហ្នឹង​ឱ្យ​គាត់​ដាក់​ឯកសារ​ទាំងអស់​ហ្នឹង​មក​ក្រុម​ការងារ​រដ្ឋបាលខេត្ត​ដើម្បី​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​»​។

កន្លងមក​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ព្រមាន​ថា នឹង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​ជន​ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​ការញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ជាង​ ៥០ ​គ្រួសារ​ធ្វើការ​តវ៉ា​ទាមទារ​កម្មសិទ្ធិ​ដីធ្លី​នៅក្នុង​តំបន់​អភិវឌ្ឍន៍ ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប​ស្ថិត​ក្នុង​ភូមិសាស្ត្រ​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​។

កាលពី​ថ្ងៃទី​ ២៧ ខែមិថុនា រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ទីតាំង​ដែល​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ធ្វើការ​ឈូសឆាយ​នោះ​គឺមាន​ទំហំ​ដី ៣៥ ​ហិកតា​ជា​ដី​ដែល​រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់​សិទ្ធិ​ជួល​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​រយៈពេល ៩៩ ឆ្នាំ តាំងពី​ឆ្នាំ​ ២០០៨​។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ទៀតថា កាលពី​ឆ្នាំ​ ២០០៨ រាជរដ្ឋាភិបាល​បានសម្រេច​ធ្វើ​អនុប្រយោគ​កោះរ៉ុង​ពី​ដី​សាធារណៈ​របស់​រដ្ឋ​មក​ជា​ដីឯកជន​របស់​រដ្ឋ និង​បាន​អនុញ្ញាត​ឱ្យ​ធ្វើការ​ចុះ​បញ្ជីចេញ​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ចំនួន ៣៦ ​បណ្ណ​ក្នុងនោះ​មាន​ ៣០ ​បណ្ណ រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​សិទ្ធិ​ជួល​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខូអិលធីឌី រយៈពេល ៩៩ ​ឆ្នាំ​។

មិនមាន​ប្រភព​ទាក់ទង​តំណាង​ពលរដ្ឋ​ដើម្បី​សុំ​ការបញ្ជាក់​លើ​បញ្ហា​នេះ​បាន​ទេ​ពី​ម្សិលមិញ​៕