ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​អំពាវនាវ​ដល់​ប្រជានេសាទ​សមុទ្រ និង ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដោយ​ជលយាន​ឲ្យ​ផ្អាក​សកម្មភាព​នេសាទ​ត្រី​ក្នុង​លម្ហសមុទ្រ និង​ផ្ដល់​សេវាកម្ម ដឹកជញ្ជូន​ភ្ញៀវទេសចរ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​និយម​ធ្វើដំណើរ​កម្សាន្ត​តាម​ប្រជុំ​កោះ​នានា​នៅក្នុង​ខេត្ត​នេះ ក្នុង​រយៈពេល​ ៥ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៥ ខែ​សីហា​នេះ​។

សេចក្ដី​អំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី​ ៣១ ខែកក្កដា ឆ្នាំ ២០២០ បាន​ព្យាករ​ថា សម្ពាធ​ទាប​សកម្ម​មួយ​ដែល​បាន​កើតឡើង​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​បាន​វិវឌ្ឍ​ទៅជា​វិសម្ពាធ​ទាប និង​កំពុង​បង្កើន​ឥទ្ធិពល​របស់​វា​ជា​បន្តបន្ទាប់​ទៅជា​ព្យុះ​ទី​ ៣ ដែលមាន​ឈ្មោះថា «​ស៊ីនឡាគូ ( SINLAKU )»​។

បើ​តាម​ការព្យាករ ឥទ្ធិពល​នៃ​ព្យុះ​នេះ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​កើនឡើង​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៥ ខែ​សីហា​នេះ​ដែល​ធ្វើឲ្យ​តំបន់​ជាប់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ឦសាន​នឹង​តំបន់​មាត់សមុទ្រ​អាច​ប្រឈម​ទៅនឹង​ជំនន់​ទឹកភ្លៀង​។ ដោយឡែក​នៅក្នុង​លំហ​នៃ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​ធំៗ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជានេសាទ​សមុទ្រ និង​អ្នក​និយម​ធ្វើដំណើរ​កម្សាន្ត​តាម​សមុទ្រ​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភ្លៀង​នៅតែ​បន្ត​ធ្លាក់ ហើយ​នៅក្នុង​លម្ហ​នៃ​ផ្ទៃសមុទ្រ​ខេត្ត​ព្រះសីហនុ មាន​រលក​ធំៗ និង ខ្យល់​បក់បោក​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ទូក​ទេសចរណ៍​ចំនួន​ ៣ ​គ្រឿង​ដែល​ចត​នៅ​ចោល​នៅតាម​បណ្ដោយ​ឆ្នេរ​នៃ​កោះរ៉ុង​សន្លឹម ស្ថិត​ក្នុង​ក្រុង​កោះរ៉ុង​បាន​លិច​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​នៅលើ​ទូក​ទាំង​ ៣ ​នោះ​គ្មាន​មនុស្ស​ជិះ​ទេ​។ នៅពេល​នេះ​ប្រជាពលរដ្ឋ និង ក្រុមអាជីវករ​ផ្នែក​សេវា​ទូកទេសចរណ៍ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​នាំគ្នា​ជួយ​អូស​ និង​ស្ដារទូក​ទាំងនោះ​បាន​មកវិញ​ហើយ​»​។

លោក ភារម្យ បាន​ឲ្យ​ដឹង​ទៀតថា កាលពី​រសៀល​ថ្ងៃទី​ ១ ខែ​សីហា ឆ្នាំ ២០២០ ទូកទេសចរណ៍​មួយ​ដែល​មាន​ផ្ទុក​មនុស្ស​ ១៥ ​នាក់​ត្រូវ​បាន​រលក​សមុទ្រ​បោក​ពន្លិច​នៅ​ចំណុច​កោះរ៉ុង ប៉ុន្តែ​ក្នុង​ហេតុការណ៍​នោះ​មិន​មាន​អ្នកដំណើរ​ណា​ម្នាក់​រងគ្រោះថ្នាក់ ឬ​បាត់បង់​ជីវិត​នោះទេ ដោយសារ​មាន​ការជួយ​អន្តរាគមន៍​សង្គ្រោះ​ពី​ក្រុម​ឆ្មាំ​សមុទ្រ​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ និង​ប្រជានេសាទ​សមុទ្រ​។

លោក ភារម្យ ​បាន​បញ្ជាក់ថា​៖ «​ដោយសារ​ករណី​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​យើង​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ជលយាន ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និង​ប្រជានេសាទ​ទាំងអស់ សូម​ផ្អាក​ការធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ក្នុង​អំឡុង​ពេលនេះ បើ​មិន​មាន​ការចាំបាច់​»​។

បើ​តាម​ការប្រាប់​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ នៅពេល​នេះ​កំណាត់​ផ្លូវ​លេខ​ ១៤៦B ត្រង់​ចំណុច​ស្ពាន​ទី​ ៥ និង​ស្ពាន​ទី​ ៨ បាន​បាក់ស្រុត​ស្ទើរ​មួយ​ចំហៀង​ផ្លូវ ដោយសារ​ទឹកភ្លៀង​ហូរ​ច្រោះ​កាលពី​យប់​ថ្ងៃ​សៅរិ៍ ហើយ​នៅពេល​នេះ​អាជ្ញាធរ​បាន​សម្រេច​ធ្វើការ​ហាមឃាត់​ការធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​នេះ​ជា​បណ្ដោះអាសន្ន​។

លោក ភារម្យ ថា​ អាជ្ញាធរ​បានសម្រេច​បិទ​ការធ្វើ​ចរាចរណ៍​លើផ្លូវ​នេះ​ជា​បណ្ដោះអាសន្ន​ក្នុង​អំឡុងពេល​នេះ​ដោយ​ឲ្យ​អ្នកដំណើរ​វាង​តាម​ផ្លូវ​ជាតិ​លេខ​ ៤៕