មណ្ឌលគិរី៖ រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ស្នើ​ក្រសួង​មហាផ្ទៃ​កាត់​ឆ្កៀល​ដី​ទំហំ​ជាង ៣ ពាន់​ហិកតា ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​ណាំលៀរ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន សម្រាប់​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាល​ច្រក​ទ្វារ​ព្រំដែន​ថ្មី។

យោង​តាម​លិខិត​មួយ​ច្បាប់​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃទី ៥ ខែ​កុម្ភៈ ដែល​ទើប​ត្រូវ​បាន​ចែកចាយ​ជា​សាធាណៈ​កាល​ពី​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ផ្ទៃដី​ដែល​បាន​ស្នើ​សុំ​នេះ នឹង​រៀបចំ​ជា​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស​ជាប់​ព្រំដែន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិពូលុ (វ៉ាល់យោង) ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។

លិខិត​នោះ បាន​បញ្ជាក់​ថា៖ «ស្ថិត​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ រដ្ឋបាល​ខេត្ត​សូម​គោរព​ស្នើសុំ​គោលការណ៍ ដើម្បី​គ្រប់គ្រង រក្សា​ការពារ​ផ្ទៃ​ដី​ទំហំ ៣ ២៦១,៣៦ ហិកតា ឲ្យ​បាន​គង់វង្ស​ចៀសវាង​បាត់​បង់​ដោយសារ​ការ​រំលោភ​បំពាន​កាប់​ទន្ទ្រាន​រុករាន​ហ៊ុម​ព័ទ្ធ​យក​ដី​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធិ​ពី​សំណាក់​ជន​អនាធិបតេយ្យ​ដោយ​ខុស​ច្បាប់»។

លោក ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌលគិរី បាន​លើក​ឡើង​ក្នុង​លិខិត​នោះ​ថា ទីតាំង​រដ្ឋបាល​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ណាំលៀរ​បច្ចុប្បន្ន ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ ឲ្យ​ក្រុមហ៊ុន​កូវីផាម៉ា​វិនិយោគ​លើ​ដំណាំ​កៅស៊ូ មាន​លក្ខណៈ​តូច​ចង្អៀត​មិន​អាច​រៀបចំ​ជា​តំបន់​រដ្ឋបាល​ឲ្យ​បាន​សមរម្យ​ឡើយ ការ​ធ្វើ​ដំណើរ​ចេញចូល​ត្រូវ​ឆ្លង​កាត់​តាម​ដី​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​ដែល​តែងតែ​មាន​ការ​ប៉ះពាល់​នានា​កើត​ឡើង​ជា​បន្តបន្ទាប់។

លោក​បញ្ជា្កក់​ថា៖ «ផ្អែក​តាម​ស្ថានភាព​បែប​នេះ រដ្ឋបាល​ខេត្ត​បាន​គ្រោង​សុំ​រក្សា​ផ្ទៃដី​មាន​ទំហំ​សរុប ៣ ២៦១,៣៦ ហិកតា កាត់​ឆ្វៀល​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ណាំលៀរ​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន និង​ស្នើសុំ​ប្តូរ​ទីតាំង​ច្រក​ទ្វារ​ព្រំដែន​ចាស់ មក​ទីតាំង​ថ្មី​វិញ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ០២ គីឡូម៉ែត្រ ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល​ច្រក​ទ្វារ​ព្រំដែន​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ និង​រៀបចំ​ប្រែ​ក្លាយ​បង្កើត​ជា​តំបន់​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិសេស»។

លោក ស្វាយ សំអ៊ាង បាន​អះអាង​ថា ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល​ច្រកទ្វារ​ព្រំដែន​ថ្មី​នេះ នឹង​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​តំបន់​ព្រំដែន ក្នុង​ការ​ប្រែ​ក្លាយ​តំបន់​ព្រំដែន​ទៅ​ជា​តំបន់​ព្រំដែន​មាន​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ។

តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ទំហំ​ដី​ដែល​បាន​ស្នើសុំ​នេះ នឹង​រៀបចំ​ជា​សំណង់​អគារ​រដ្ឋបាល ទីស្នាក់ការ​ច្រក​ទ្វារ​ត្រួត​ពិនិត្យ បង្កើត​តំបន់​ទីផ្សារ ឃ្លាំង​ផ្លាស់​ប្តូរ​ទំនិញ និង​កសិផល​នានា តំបន់​ឧស្សាហកម្ម តំបន់​លំនៅឋាន​ប្រជាពលរដ្ឋ​តាម​ព្រំដែន តំបន់​កសិកម្ម​ចម្រុះ។

បន្ថែម​ពី​នេះ រដ្ឋបាល​ខេត្ត​ក៏​គ្រោង​រៀបចំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប សណ្ឋាគារ កាស៊ីណូ ឃ្លាំង​ស្តុក​ទំនិញ ស្ថានីយ​ចម្រោះ​ទឹក​ស្អាត កសិដ្ឋាន​បណ្តុះ និង​ដាំ​ស្តារព្រៃ​ឡើង​វិញ​ជាដើម។ នេះ​បើ​តាម​លិខិត​ស្នើសុំ​ដដែល​នេះ។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​នេះ​ថា សំណើ​នេះ គឺ​មិន​ទាន់​មាន​សេចក្តី​សម្រេច​ពី​ថ្នាក់​លើ​នោះ​ទេ​ ខណៈ​លោក​បាន​ទទួល​ព័ត៌មាន​ដែរ​ថា ថ្នាក់​ខេត្ត​បាន​ស្នើ​ដី​ជាង ៣ ពាន់​ហិកតា​នេះ ដើម្បី​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាល​ច្រកទ្វារ​ព្រំដែន​ថ្មី។

លោក​បន្ត​ថា៖ «ច្រក​ព្រំដែន​ចាស់ គឺ​មាន​តែ​មិនទាន់​មាន​ទី​វាល​សម្រាប់​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាល​ច្រក​ទ្វារ​ព្រំដែន​ធំ ដោយសារ​តែ​តំបន់​នេះ ជា​តំបន់​ដែល​មាន​ការ​គ្រប​ដណ្តប់​ដោយ​ក្រុមហ៊ុន​កៅស៊ូ​បារាំង។ ភាព​ជាក់ស្តែង​ដែល​ខ្ញុំ​មើល​ឃើញ​គឺ បើ​ចង់​ពង្រីក​បន្ថែម​នៅ​កន្លែង​ចាស់ គឺ​ប៉ះពាល់​ដល់​ដី​របស់​ក្រុមហ៊ុន»។

យ៉ាងណា លោក កែវ សុភគ៌ ទទួល​ស្គាល់​ថា បើ​សិន​ជា​មាន​ការ​សម្រេច​ពី​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​មាន​ការ​អភិវឌ្ឍ​តំបន់​នោះ​ពិត​មែន គឺ​ពិត​ជា​មាន​ការ​ប៉ះពាល់​នូវ​ធនធាន​ធម្មជាតិ ដែល​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ពី​ផល​ប៉ះពាល់​នៃ​ធនធាន​ធម្មជាតិ ដែល​កំពុង​មាន​លើ​ផ្ទៃ​ដី​ជាង ៣ ពាន់​ហិកតា​នេះ។

លោក ខៀវ សុភក៌ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ និង​លោក នេត្រ ភត្ត្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​លោក សុំ​ពេល​ស្រាវជ្រាវ​ព័ត៌មាន​បន្ថែម​ទៀត​សិន។

លោក គ្រើង តុលា អ្នក​ប្រឹក្សា​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី បាន​ថ្លែង​ដោយ​យល់​ឃើញ​ថា បើ​រដ្ឋាភិបាល​ផ្តល់​ការ​អនុញ្ញាត នោះ​មាន​ន័យ​ថា​ រដ្ឋាភិបាល​ចូលរួម​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ការពារ​នេះ ខណៈ​ធនធាន​ទាំង​នេះ កំពុង​នៅ​មាន​តិច​តួច​បំផុត ហើយ​ត្រូវ​បាន​អភិរក្ស​ក្នុង​តំបន់​នេះ។

លោក​បារម្ភ​ថា សំណើ​នេះ ក៏​ហាក់​បង្កប់​នូវ​ភាព​អាថ៌​កំបាំង និង​ភាព​មិន​ច្បាស់​លាស់​នោះ​ដែរ ខណៈ​សំណើ​របស់​ខេត្ត​កន្លង​ទៅ គឺ​អ្នក​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ដ៏​ច្រើន​លើស​លប់ គឺ​អ្នក​មាន​លុយ​មាន​អំណាច។

លោក​បញ្ជាក់​ថា៖ «សំណើ​នេះ គឺ​មិន​មាន​ការ​ស្មោះត្រង់​នោះ​ទេ ហើយ​បើ​មាន​ការ​សម្រេច​ឯកភាព​បែប​នោះ ហាក់​ដូច​ជា​ការ​បំផ្លាញ​ដីធ្លី ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់​ក្នុង​ដែន​ជម្រក​នេះ។ ហើយ​វា​ក៏​បាន​រំលោភ​លើ​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច​ផង​ដែរ ព្រោះ​កន្លែង​នេះ គឺ​ជា​កន្លែង​ស្រែ​ចម្ការ​វិល​ជុំ​របស់​ប្រជាពលរដ្ឋ»៕