សៀមរាប៖ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​សម្រេច​បើក​ការ​ចេញ-ចូល​ឡើង​វិញ​នៅ​តំបន់​មួយ​ចំនួន​មុខ​បរិវេណ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​ទីតាំង​ផ្សេង​ទៀត​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប បន្ទាប់​ពី​តំបន់​ទាំង​នោះ​បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​ពី​ជំងឺ​កូវីដ ១៩។

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​សៀមរាប ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​សម្រេច​បើក​ចេញ-ចូល​ឡើង​វិញ នៅ​តំបន់​មួយ​ចំនួន​មុខ​បរិវេណ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត និង​បរិវេណ​ជុំវិញ​ផ្សារ​កណ្តាល ស្ថិតនៅ​ភូមិ​មណ្ឌល ១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប និង​ទីតាំង​ផ្ទះ អាជីវកម្មដ្ឋាន​ចំនួន ៩ ក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ចាប់​ពី​ថ្ងៃ​ទី ១៤ ឧសភា​នេះ​តទៅ។

រដ្ឋបាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា៖ «រដ្ឋបាល​ខេត្ត​សម្រេច​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​មុខ​បរិវេណ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​បរិវេណ​ជុំវិញ​ផ្សារ​កណ្តាល ស្ថិតនៅ​ភូមិ​មណ្ឌល ១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប និង​ទីតាំង​ផ្ទះ​ចំនួន ៩ កាល​ពី​ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២១»។

រដ្ឋបាល​ខេត្ត​បន្ត​ថា៖ «ក្រោម​ការ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​ការងារ​ជំនាញ និង​វិធាន​ចត្តាឡីស័ក បាន​ធ្វើ​ឱ្យ​ករណី​នេះ​បាន​វិល​ទៅ​រក​ភាព​ប្រក្រតី និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ដូច​នេះ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត សម្រេច​បើក​ការ​ចេញ-ចូល ឬ​ដំណើរការ​ឡើង​វិញ​នៅ​តំបន់​ទាំង​នោះ ចាប់​ពី​កាល​បរិច្ឆេទ​ជូន​ដំណឹង​នេះ​តទៅ។

រដ្ឋបាល​ខេត្ត​បន្ត​ថា គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ត្រូវ​ដឹកនាំ​កម្លាំង​មាន​សមត្ថកិច្ច ចុះ​អនុវត្ត​ប្រកាស​បើក​ដំណើរការ និង​ទីតាំង​ពាក់ព័ន្ធ​ទាំង​នោះ​ឡើង​វិញ។

រដ្ឋបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​យក​ចិត្ត​ទុក​ដាក់ អនុវត្ត​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​អនុសាសន៍​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឱ្យ​បាន​ខ្ជាប់ខ្ជួន​គឺ ៣ ការពារ (ត្រូវ​ពាក់​ម៉ាស់ ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ឬ​ជែល និង​ត្រូវ​រក្សា​គម្លាត​សង្គម) ៣ កុំ (កុំ​ចូល​ទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ-ចូល កុំ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ និង​កុំប៉ះពាល់​គ្នា)។

នៅ​ក្នុង​ខេត្ត​សៀមរាប​គិត​ត្រឹម​ថ្ងៃទី ១៤ ឧសភា​នេះ រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ សរុប ចំនួន ៧៩ នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន ២០ នាក់ ស្លាប់ ១ នាក់ និង ៥៨ នាក់​ផ្សេង​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប៕