សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទការចេញចូលជាបណ្តោះអាសន្នផ្សារក្រោមស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី បន្ទាប់ពីរកឃើញករណីអ្នកវិជ្ជមានជំងឺកូវីដ ១៩ ចំនួនម្នាក់នៅថ្ងៃទី ១២ ខែមេសានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ នេះឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ ២០ កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញវិជ្ជមានជំងឺកូវីដ ១៩ ថ្មី ចំនួនម្នាក់ ភេទប្រុស អាយុ ២១ ឆ្នាំ នៅថ្ងៃទី ១២ ខែមេសា នេះជាអ្នកលក់គ្រឿងក្រអូបនៅផ្សារក្រោម រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលឈ្មោះនេះបានធ្វើចត្តាឡីស័កដោយសារពាក់ព័ន្ធជាមួយនឹងបុរសវិជ្ជមានជំងឺកូវីដ ១៩ ឈ្មោះ ពុធ សំអាត កាលពីថ្ងៃទី ៨ ខែមេសា និងជាករណីជាប់ពាក់ព័ន្ធជាមួយអ្នកបើករថយន្តតាក់ស៊ី។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទផ្សារក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងបើកឡើងវិញ ក្រោយស្ថានភាពវិលទៅរកភាពប្រក្រតីឡើងវិញ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងអ្នកលក់ដូរ និងអ្នកចេញចូលផ្សារក្រោមចាប់ពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបានរំឭកថា ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាក ដើម្បីធ្វើតេស្ត ដោយសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕