សៀមរាប៖ រដ្ឋបាល​ខេត្ត​សៀមរាប ​នៅ​ថ្ងៃទី ១៣ មេសា​នេះ បាន​សម្រេច​បិទ​ផ្សារ​វត្តអធ្វារ ស្ថិត​នៅ​ភូមិក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​ថែម​ទៀត បន្ទាប់​ពី​បាន​បិទ​ខ្ទប់​ផ្សារ​ក្រោម​ជា​បណ្តោះអាសន្ន កាល​ពី​ថ្ងៃទី ១២ ខែ​មេសា ដោយសារ​តែ​តំបន់​ទាំង​នេះ​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។

រដ្ឋបាល​ខេត្ត​សៀមរាប​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​បុគ្គល​គ្រប់​រូប ត្រូវ​បាន​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចេញចូល ពី​លំនៅឋាន​មួយ​ទៅ​លំនៅឋាន​មួយ​ទៀត ឬ​ទី​សំណាក់​បច្ចុប្បន្ន លើកលែង​តែ​ក្នុង​ករណី​ដូចជា ការ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ ឬ​ប្រកប​មុខ​របរ អាជីវកម្ម​ក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវ​បិទ​ខ្ទប់ និង​ដែល​មិនមាន​ការ​ហាមឃាត់ ដោយ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​លិខិត​បញ្ជាក់​ពី​ការងារ មុខរបរ ឬ​អាជីវកម្ម​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​លក់​ម្ហូប​អាហារ ឬ​គ្រឿង​ឧបភោគ​បរិភោគ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ ដែល​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ហើយ​ការ​ធ្វើ​ដំណើរ​ក្នុង​គោល​បំណង​នេះ មិន​ឲ្យ​លើស​ពី ២ នាក់​ឡើយ។

ការ​ធ្វើ​ដំណើ​ទៅ​កាន់​មន្ទីរពេទ្យ មណ្ឌល​សុខភាព សម្ភព ទីកន្លែង​ព្យាបាល ឬ​ឱសថស្ថាន ដោយ​មូលហេតុ​សុខភាព​បន្ទាន់ ចេញ​ក្រៅ​ពី​រង្វង់​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​នេះ​អាច​ធ្វើ​បាន ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដែល​ទទួល​បន្ទុក​អនុវត្ត​វិធានការ​ខ្ទប់ រួម​នឹង​ចំណុច​លើកលែង​ចាំបាច់​ជាច្រើន​ទៀត។

សេចក្តី​ប្រកាស​បន្ត​ថា អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់ ត្រូវ​ហាម​ឃាត់​រាល់​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​លើកលែង​តែ​ក្នុង​ករណី​ចាំបាច់ ដូចជា​ការ​ជួបជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ ដែល​រស់នៅ​ក្នុង​លំនៅឋាន ទី​សំណាក់ជាមួយ​គ្នា។

ការ​រៀបចំ​ពិធី​បុណ្យ​សព ដោយ​គោរព​តាម​ការ​កំណត់​របស់​អាជ្ញាធរ មាន​សមត្ថកិច្ច។ ការ​ជួបជុំ របស់​បុគ្គលិក​សុខាភិបាល ដើម្បី​យក​វត្ថុ​សំណាក​បុគ្គល​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​ផ្ទុក​ជំងឺ​កូវីដ ១៩ ក៏​ដូច​ជា​បុគ្គលិក​សុខាភិបាល ដែល​បំពេញ​ការងារ​សង្គ្រោះ​បន្ទាន់​ផ្សេង​ទៀត​ជាដើម។ អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ត្រូវ​បាន​ហាម​ឃាត់​រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​មិនមែន​ជា​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ៕