សៀមរាប: រដ្ឋបាល​ខេត្ត​សៀមរាប​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ចំពោះ​ជនខិលខូច ដែល​កាប់​រាន ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដី​ព្រៃឈើ ដី​ព្រៃ​លិច​ទឹក និង​ដី​តំបន់​ការពារ​ធម្មជាតិ​យក​ធ្វើ​ជា​កម្មសិទ្ធិ និង​បាន​ជំរុញ​ឲ្យ​អង្គភាព​ជំនាញ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការបញ្ជាក់​លើ​លិខិត​ទិញ-លក់​ដី​រដ្ឋ ការផ្ទេរសិទ្ធិ ឬ​បញ្ជាក់​លើ​ប្លង់​ដែល​មាន​ទីតាំង​នៅលើ​ដី​ការពារ​របស់​រដ្ឋ ឬ​ដី​សហគមន៍​។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​ចុះ​ថ្ងៃទី ១៩ ខែ​កញ្ញា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​ឲ្យ​ដឹងថា ដោយ​ពិនិត្យឃើញ​តំបន់​សហគមន៍​ព្រៃឈើ តំបន់​ព្រៃ​លិច​ទឹក និង​តំបន់​ការពារ​ធម្មជាតិ​មួយ​ចំនួន​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប​ត្រូវ​បាន​បុគ្គល​មួយចំនួន​បាន​បំផុសបំផុល​ឲ្យ​ធ្វើការ​កាប់​រាន ដុត ឈូសឆាយ​រុករាន​ទន្ទ្រាន ហ៊ុមព័ទ្ធ បែងចែក​កាន់កាប់​ដី​ព្រៃឈើ ដីព្រៃ​លិច​ទឹក ដី​តំបន់​ការពារ​ធម្មជាតិ ការទិញ-លក់​ដី​រដ្ឋ ក្រោម​លេស​ខ្វះ​ដី​អាស្រ័យ​ផល ឬ​បង្កបង្កើនផល និង​លេស​ថា មាន​ការកាត់​ដី​សម្រាប់​សហគមន៍​ប្រើប្រាស់​អាស្រ័យ​ផល​។

រដ្ឋបាល​ខេត្ត​សៀមរាប​បន្តថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​តំបន់​សហគមន៍​ព្រៃឈើ តំបន់​ព្រៃ​លិច​ទឹក និង​តំបន់​ការពារ​ធម្មជាតិ​ទាំងនេះ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការ​បំផុសបំផុល ទោះ​នីតិបុគ្គល ឬ​រូបវន្តបុគ្គល​ណា​ក៏ដោយ ក៏​ពុំមាន​សិទ្ធិ​កាប់​រាន​ដីព្រៃ កាន់កាប់ និង​បែងចែក​ដី​នៅក្នុង​តំបន់​សហគមន៍​ព្រៃឈើ តំបន់​ព្រៃ​លិច​ទឹក តំបន់​ដីព្រៃ​ឈើ សហគមន៍​តំបន់​ការពារ​ធម្មជាតិ និង​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​នោះទេ​។

រដ្ឋបាល​ខេត្ត​បន្តថា​ក្នុង​នោះ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​ល្មើសច្បាប់​ដូចជា​ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន​ទន្ទ្រាន​ហ៊ុមព័ទ្ធ​បែងចែក​ដីព្រៃ​ឈើ ដីព្រៃ​លិច​ទឹក និង​ការដាំដុះ​ដំណាំ​លើដី​សហគមន៍​ព្រៃឈើ ដីព្រៃ​លិច​ទឹក​។

សេចក្ដី​ជូនដំណឹង​បញ្ជាក់​ថា​៖ «​អាជ្ញាធរ​មូលដ្ឋាន​ជាពិសេស​មេភូមិ មេឃុំ-ចៅសង្កាត់ និង​រដ្ឋបាល​ក្រុង-ស្រុក និង​មន្ទីរ​អង្គភាព​ជំនាញ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការបញ្ជាក់​លើ​លិខិត​ទិញ-លក់​ដី​រដ្ឋ ការផ្ទេរសិទ្ធិ ឬ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី​នៅក្នុង​តំបន់​សហគមន៍​ព្រៃឈើ តំបន់​ព្រៃ​លិច​ទឹក តំបន់​ដីព្រៃ​ឈើ និង​តំបន់​ការពារ​ធម្មជាតិ និង​ត្រូវ​និរាករណ៍​រាល់​លិខិត​បញ្ជាក់​ទិញ-លក់​ដី​រដ្ឋ ការផ្ទេរសិទ្ធិ ឬ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី បើ​មិន​ដូច្នេះ​នឹង​ចាត់​វិធានការ​តាមច្បាប់​ជា​ធរមាន​»​។

លោក ទៀ គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប​បាន​ថ្លែង​ពី​ម្សិលមិញ​ថា នៅ​ខេត្ត​សៀមរាប​មាន​ករណី​កាប់​រុករាន​ដីព្រៃ​មួយ​ចំនួន​ដែរ ប៉ុន្ដែ​មិនមាន​សកម្មភាព​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទេ​។ ជាក់ស្ដែង​នៅ​តំបន់​ស្រុក​ស្វាយ​លើ​មាន​ប្រជាពលរដ្ឋ​មួយក្រុម​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដីព្រៃ​លិច​ទឹក​ហើយ​អាជ្ញាធរ​បាន​ចុះ​ហាមឃាត់​ទាន់​ពេលវេលា​។

លោក​បន្តថា​កន្លង​មក​នេះ​អាជ្ញាធរ​ធ្លាប់​បាន​ធ្វើការ​ឃាត់ខ្លួន​ជនខិលខូច​ដែល​ដើរ​បំផុសបំផុល​ពលរដ្ឋ​ឲ្យ​ទៅ​កាប់​រាន​ដីព្រៃ​លិច​ទឹក និង​ដីព្រៃ​សហគមន៍​ដោយ​ក្នុង​រយៈពេល​ ៩ ខែ​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​សមត្ថកិច្ច​បាន​បង្ក្រាប​សកម្មភាព​បទល្មើស​ឈូសឆាយ​ដីព្រៃ​នេះ​បាន​ប្រមាណ ៨ ​ករណី​ដោយ​អាជ្ញាធរ​បាន​ធ្វើការ​អប់រំ​មួយចំនួន និង​ខ្លះទៀត​បាន​ពិន័យ​ជា​អន្តរការណ៍​។

លោក​បញ្ជាក់ថា​៖ «​យើង​នៅតែ​បន្ត​ជំរុញ​ពង្រឹង​ការអនុវត្ត​ច្បាប់​បន្ថែម​ទៀត​ជាពិសេស​យើង​នឹង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ថា ដី​ណា ដី​រដ្ឋ ដី​ណា​យើង​ការពារ ដី​ត្រូវ​បែង​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ហើយ​ដី​ណា ជា​ដី​របស់​ក្រុមហ៊ុន ព្រោះ​មិន​ចង់​ឲ្យ​មាន​បញ្ហា​ទំនាស់​នេះ​ច្រើន​ទេ​។ ម្យ៉ាង​ទៀត​សេចក្ដី​ជូនដំណឹង​នេះ គឺ​ចង់​ក្រើនរំឭក​ពលរដ្ឋ​កុំ​ឲ្យ​គាត់​ទៅ​ប៉ះពាល់​ដី​ដែល​គេ​ហាមឃាត់​ហ្នឹង​»​។

លោក​ ចាន់ ចំរើន មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​សៀមរាប​បាន​ថ្លែង​ថា ដីព្រៃ​លិច​ទឹក និង​ព្រៃឈើ​សហគមន៍​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប​បាន​និង​កំពុង​រង​ការកាប់​បំផ្លាញ​ដោយ​ជន​មានអំណាច និង អ្នកមាន​លុយ​មួយ​ចំនួន ប៉ុន្ដែ​សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច​មាន​ភាពយឺតយ៉ាវ​។

លោក​បន្តថា​ការចេញ​សេចក្ដីជូនដំណឹង​របស់​សាលា​ខេត្ត​សៀមរាប​នេះ លោក​គាំទ្រ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​ និង​បង្ក្រាប​ឲ្យ​ទាន់ពេលវេលា​។ លោក​រំពឹងថា​អាជ្ញាធរ​ពាក់ព័ន្ធ​អាច​នឹងមាន​វិធានការ​តឹងរ៉ឹង និង​អនុវត្ត​ច្បាប់​ស្មើៗ​គ្នា ទោះបី​ជា​អ្នកមាន​អំណាច ឬ​ពលរដ្ឋ​ក្រីក្រ​ក៏ដោយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ប្រសិន​មន្ត្រី​ពាក់ព័ន្ធ​គាត់​អនុវត្ត​តាម​សេចក្ដីប្រកាស​នេះ ខ្ញុំ​សង្ឃឹម​ថា​ការទប់ស្កាត់ និង​ការបង្ក្រាប​បទល្មើស​កាប់​ទន្ទ្រាន​ដីព្រៃ​នេះ​នឹង​ទទួល​បាន​ជោគជ័យ ប៉ុន្ដែ​បើ​ពួកគាត់​នៅ​ខ្លាច​អំណាច​អ្នកមាន ខ្លាច​អំណាច​ទឹក​លុយ គឺ​វា​មិនអាច​អនុវត្ត​សេចក្ដី​ប្រកាស​នេះ​មាន​ប្រសិទ្ធភាព​ទេ​»​។

លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង ដើម្បី​សុំ​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​៕