ឧត្តរ​មាន​ជ័យៈ រដ្ឋបាល​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​សម្រេច​ធ្វើ​ការបិទ​ផ្អាក​ជាបណ្តោះ​អាសន្ន នូវ​ទីតាំង​ចំនួន​ ៦​ កន្លែង ដែល​មាន​អ្នក​ពាក់​ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ប្រមាណ​ជាង ​២០​ នាក់ បន្ទាប់​ពី​រ​ក​ឃើញ​មាន​អ្នក​ឆ្លង​វីរុសកូវីដ ១៩ ​ម្នាក់​​​ មាន​ការ​ពាក់​ព័ន្ធ​នឹង​ទីតាំង​ទាំង​នេះ​។ ​

លោក​ ឌី រ៉ាដូ អភិបាល​រង​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៦ ខែ​ឧសភានេះ​ថា ទីតាំង​ចំនួន​ ៦​ ត្រូវ​បាន​ផ្អាក​ជាបណ្តោះ​អាសន្ន​​ក្នុ​ងក្រុង​សំរោង ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ដោយ​សារ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​បុរសអាយុ​ ២៦ ​ឆ្នាំ​ម្នាក់​ ដែល​ជាអ្នក​ដើរ​លក់​សំបក​កង់​រថយន្ត​មាន​វិជ្ជ​មាន​ជំងឺ​កូវីដ ​១៩។

ទី​តាំង​ដែល​ត្រូវ​បាន​បិទ​ផ្អាក​ជាបណ្តោះ​អាសន្ន​នោះ​មាន យាន​ដ្ឋាន​ជួស​ជុល​រថ​យន្ត និង​លក់​សំបកកង់​រថយន្ត​យី​ហោសួស​សុភា​ ២ ​ស្ថិត​ក្នុង​ភូមិ​គោកគ សង្កាត់​សំរោង ក្រុង​សំរោង ផ្ទះ​សំណាក់​សោភា​ស្ថិត​ក្នុង​ឃុំអន្លង់​វែង ស្រុក​អន្លង់​វែង ទីតាំង​លក់​សំបក​កង់ប៉ះ​កង់​រថយន្ត​យីហោ​ចក់ វុទ្ធា​ក្នុង​ស្រុកង​ន្លង់​វែង។

ក្រៅ​ពី​នេះ​មាន​ទីតាំង​លក់បាយ ឈ្មោះ ឈុំ ពៅនៅ​ឃុំអន្លង់​វែង ស្រុក​អន្លង់​វែង ផ្ទះ​ប្រជាពលរ​ដ្ឋ​ឈ្មោះ នុល ឈុន​លី នៅភូមិ​ពពេល ឃុំផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ និង​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ ​ឌី ឌុច។

លោក​ ឌី រ៉ាដូ បាន​មាន​ប្រសាសន៍​ថា ៖ «យើង​បាន​សម្រេច​ឱ្យ​មាន​ការ​បិទផ្អាក​សិននិង​បាន​ឱ្យ​ពួក​គាត់​ធ្វើ​ចត្តា​ឡីស័ក​នៅ​តាម​លំនៅដ្ឋាន​របស់​ពួក​គាត់​​ឱ្យ​បាន​ត្រឹម​ត្រូវ​រួចហើយ ហើយយើង​នឹង​បើក​វិញ​រហូត​​ដឹងថា ​កន្លែង​ទាំង​នេះ​មាន​សុវត្ថិភាព​»។

សម្រាប់​ទូទាំង​ខេត្ត​ឧត្តរមាន​ជ័យ មក​ដល់​ពេល​នេះ​ មាន​ទីតាំង​ចំនួន​ ៧​ កន្លែង​ហើយ ​ដែល​បាន​បិទបណ្តោះអាសន្ន​ បន្ទាប់​ពី​រក​ឃើញ​មាន​ការ​ពាក់​ព័ន្ធ​នឹង​អ្នកមាន​វិជ្ជមាន​កូវីដ​ ១៩។

បើ​តាម​ការ​ឱ្យ​ដឹងពី​លោក​អភិបាលរង​ខេត្ត​​រូបនេះ ​ខេត្តឧត្តរមានជ័យ ​មិន​ទាន់​មាន​ករណី​ឆ្លង​​វីរុស​កូវីដ ១៩ ​​ក្នុង​សហគមន៍​ទេ ប៉ុន្តែ​មាន​តែ​ករណី​​​ឆ្លង​ពី​ពលករ​ខ្មែរ​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ ដែល​មាន​រហូត​ដល់​ ៩ នាក់​ ប៉ុន្តែ​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន​ ២​ នាក់​ហើយ។

លោក​ ឌី រ៉ាដូ មានប្រសាសន៍ថា ៖ «មក​ដល់​ពេល​នេះ​ មិន​មាន​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​មក​ក្នុង​ខេត្ត​របស់​យើង​ទេ ប៉ុន្តែ​យើង​នៅ​តែបន្ត​ធ្វើ​ការ​ការពារ​​យ៉ាង​តឹង​រ៉ឹង​បំ​ផុត​​ និង​ប្រកាន់​នូវ​វិធាន​ការ ៣ ការពារ​ និង​ ៣ កុំ»។

បុរស​ដែល​​មានវិជ្ជា​មានកូវីដ​​នេះ​ បាន​ធ្វើដំណើរ​មក​ពី​ខេត្តព្រះ​វិហារ ​ទៅ​ស្រុក​អន្លង់​វែង ខេត្តឧត្តរ​មានជ័យ​​កាល​ពី​ថ្ងៃទី ១៣​ ខែឧស​ភា ដោយ​បាន​សម្រាក​មួយ​យប់ និង​បាន​ចេញ​ដំណើរ​ពី​ខេត្ត​នេះ​ ទៅកាន់​ខេត្ត​បាត់​ដំបង ​ដោយ​បាន​ឆ្លងកាត់​ខេត្ត​ប៉ៃលិន។

បុរស​រូប​នេះ ត្រូវ​បាន​​ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរសុខាភិបាល​ខេត្ត​ប៉ៃលិន​ ធ្វើតេស្ត​ ២​ ដង ​រក​ឃើញ​​វិជ្ជ​មាន​កូវីដ​ ១៩​។

ជាមួយ​គ្នានេះដែរ អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ ក៏​បាន​សម្រេច​ធ្វើ​ការ​ផ្អាក​អាជីវ​កម្ម​ផ្ទះ​សំណាក់​ម៉ាលីម៉ា ជា​បណ្តោះ​អាសន្ន​ផង​ដែរ ដែល​ស្ថិត​ក្នុង​ភូមិ​ភារកិច្ច ​សង្កាត់​ប៉ាល​ហាល​ ក្រុង​ព្រះវិហារ ដែល​មាន​អ្នក​មាន​វិជ្ជមាន​កូវីដ ១៩ បាន​មក​ស្នាក់​នៅ​កាល​ពី​ថ្ងៃទី​ ១២ ខែឧសភា​កន្លងមក​នេះ។

លោក​ ប្រាក់ សុវណ្ណ បាន​ឱ្យ​ដឹងថា ការ​ផ្អាកនេះ​​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី​ ១៥ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជាថ្មី៕