
គ្រឿងចក្រឈូសឆាយដីចំនួនពីរគ្រឿង ដែលសមត្ថកិច្ចខេត្តសៀមរាប បានចាប់ឃាត់យកទៅរក្សាទុក។ រូបថត នគរបាល
ខេត្តសៀមរាបៈ រដ្ឋបាលព្រៃឈើខេត្តសៀមរាប នៅថ្ងៃទី ១៧ ខែឧសភា បានបញ្ជូនសំណុំរឿងទៅតុលាការ ករណីចាប់ឃាត់គ្រឿងចក្រ [អេស្កាវ៉ាទ័រ] ចំនួន ២ គ្រឿង ដែលបានឈូសឆាយដីព្រៃស្ថិតនៅភូមិត្រពាំងឫស្សី ឃុំបឹងមាលា ខណៈដែលរដ្ឋបាលព្រៃឈើស្រុកស្វាយលើ ទើបតែស៊ើបដឹងពីតម្រុយអ្នកដែល អះអាងថា ជាម្ចាស់ដីនោះ។
លោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកថ្ងៃទី ១៧ ខែឧសភាថា កម្លាំងរដ្ឋបាលព្រៃឈើ បានចុះទៅឃាត់គ្រឿងចក្រដែលកំពុងឈូសឆាយដី ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំបឹងមាលា ស្រុកស្វាយលើ កាលពីរសៀលថ្ងៃទី ១៤ ខែឧសភា ព្រោះដីនោះជាដីស្ថិតក្នុងគម្របព្រៃឈើរបស់រដ្ឋ។
បើតាមលោក ប៊ុនលឹម ពេលកម្លាំងមន្ត្រីរដ្ឋបាលព្រៃឈើចុះទៅដល់ឃើញនៅតែគ្រឿងចក្រ ចំណែកមនុស្សបានរត់គេចខ្លួនបាត់អស់ ហើយមន្ត្រីជំនាញក៏បានដឹកយកតែគ្រឿងចក្រយកទៅរក្សាទុក និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយនៅថ្ងៃទី ១៧ មេសា។
លោកថ្លែងថា៖ «យើងដាក់រយៈពេល ៣០ ថ្ងៃ ដើម្បីស្រាវជ្រាវរកម្ចាស់គ្រឿងចក្រ និងម្ចាស់ដី ឲ្យចេញមកដោះស្រាយចំពោះមុខច្បាប់។ បើលើសពីនេះ មិនឃើញមានអ្នកចេញមកដោះស្រាយទេ អាហ្នឹងគឺផុតដៃយើងខ្ញុំហើយ ពេលហ្នឹងដល់ពេលតុលាការគេធ្វើតាមនីតិវិធីម្តង»។
នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ លោក ម៉ែន វុទ្ធី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកថ្ងៃទី១៧ ខែឧសភា នេះថា គ្រឿងចក្រអេស្ការវ៉ាទ័រចំនួន ២ គ្រឿងនោះ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ចំណែកម្ចាស់គ្រឿងចក្រ និងម្ចាស់ដីនោះ សមត្ថកិច្ចជំនាញទើបបានស្រាវជ្រាវស្គាល់អត្តសញ្ញាណ។
លោកថ្លែងថា៖ «យើងទើបតែស្រាវជ្រាវដឹងពីសាវតារបស់ពួកគាត់ខ្លះៗ ហើយបើតាមដឹងព័ត៌មានគឺ គាត់ [ម្ចាស់ដី] មិនបានទៅរំលោភយកដីទីនោះទេ គឺគាត់បានប្រមូលទិញបន្តពីគេ ដោយមានឯកសារស៊ីញ៉េពីភូមិឃុំ។ អីចឹងពេលទិញបានហើយទើបគាត់ជួលគ្រឿងចក្រទៅឈូសឆាយ» ។
យ៉ាងណាក៏ដោយ មេឃុំបឹងមាលា លោក ហ៊ុន ហត្ថ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅរសៀលថ្ងៃទី ១៧ ខែឧសភាថា លោកមិនបានដឹងពីរឿងចុះហត្ថលេខា លើការទិញលក់ដី នៅភូមិត្រពាំងឫស្សី ឃុំបឹងមាលា ស្រុកស្វាយលើនោះទេ។
មិនមានប្រភពទាក់ទងទៅម្ចាស់គ្រឿងចក្រដើម្បី សុំការបញ្ជាក់ពីបញ្ហានេះបានទេ៕