កំពង់ឆ្នាំងៈ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង​គ្រោង​ដាំ​កូនឈើ​ប្រភេទ​ព្រៃ​លិច​ទឹក​ប្រមាណ​ ៨ ០០០ ​ដើម​ ឡើងវិញ​នៅលើ​ផ្ទៃដី​ ៤ ​ហិកតា ​ស្ថិត​នៅ​ចំណុច​ត្រពាំងត្រាវ​ក្នុង​ភូមិសាស្ត្រ​ភូមិ​សេះស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បន្ទាប់ពី​ទីតាំង​នេះ​ត្រូវ​បាន​ជន​មិន​ស្គាល់មុខ​លួច​កាប់បំផ្លាញ និង​លើក​ជា​ភ្លឺ​ហ៊ុមព័ទ្ធ ក្នុង​គោលបំណង​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិឯកជន​។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​​ព្រហស្បតិ៍​មុន​ថា ក្រុមការងារ​របស់លោក​បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​តំបន់​ព្រៃ​លិចទឹក ហើយ​បាន​ប្រទះឃើញ​ករណី​កាប់​រាន​ដីព្រៃ​លិច​ទឹក​អស់​ប្រមាណ​ ៤ ​ហិកតា ហើយ​ទីតាំង​នោះ​ត្រូវ​បាន​គេ​លើក​ជា​ភ្លឺ​តូចៗ​ខណ្ឌ​ខ្វាត់ខ្វែង​ដូចជា​ភ្លឺស្រែ​ក្នុង​គោលបំណង​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ​។

លោក ឡា បាន​បញ្ជាក់ថា​៖ «​នៅពេលនេះ​ក្រុមការងារ​យើង​កំពុង​ឈូស​ពង្រាប​ភ្លឺ​តូចៗ​ទាំងនោះ ដើម្បី​ត្រៀម​ដាំ​កូនឈើ​ស្ដារ​ព្រៃ​លិច​ទឹក​នៅលើ​ទីតាំង​នោះ​ឡើងវិញ សម្រាប់​ជាទី​ជម្រក​ត្រី​ពង​កូន និង​ថនិកសត្វ​ផ្សេងៗ​រស់នៅ ។ កូនឈើ​ដែល​យើង​ត្រៀម​យក​ទៅ​ដាំ​ក្នុង​តំបន់​នោះ​រួមមាន​ដើម​រាំង ច្រកែង ត្រស់ និង​ដើម​រំដេញ​ដែល​ជា​ប្រភេទ​ឈើ​ព្រៃ​លិចទឹក​សរុប ​៨ ០០០ ​ដើម​»​។

លោក លី ឡា ថ្លែងថា កូនឈើ​ទាំងនោះ​នឹងត្រូវ​ដាំ​នៅ​ពាក់កណ្ដាល​ខែឧសភា ឬ​យ៉ាង​យូរ​នៅ​ដើមខែ​មិថុនា​ខាងមុខ​នេះ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ជោកជាំ ដែល​អនុគ្រោះ​ដល់​ការរស់រាន​នៃ​កូនឈើ​ប្រភេទ​ព្រៃ​លិច​ទឹក​នេះ​។ ក្រៅពី​តំបន់​ខាងលើ​នេះ ខណ្ឌ​រដ្ឋបាល​​ព្រៃឈើ​ក៏​គ្រោង​ដាំ​កូនឈើ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ព្រៃ​រេចរឹល​មួយចំនួន​ទៀត​នៅ​ស្រុក​ជលគិរី និង ស្រុក​កំពង់លែង​ផងដែរ​។

លោក​បាន​បន្តថា ជា​រៀងរាល់​ឆ្នាំ​កូនឈើ​ប្រមាណ​ ៥ ០០០ ​ដើម​ ត្រូវ​បាន​នាំយក​ទៅ​ដាំ​នៅ​តាម​តំបន់​ព្រៃ​រេចរឹល និង​ចែក​​ពលរដ្ឋ​នៅ​តាម​សហគមន៍​៕