ព្រះវិហារៈ រដ្ឋបាល​ស្រុក​គូលែន​កំពុង​ស្រាវជ្រាវ​បញ្ហា​​ដីធ្លី​នៅ​ភូមិ​ក្តាក់ ឃុំ​ត្បែងពីរ ស្រុក​គូលែន បន្ទាប់ពី​មាន​ការវាយ​ទៅលើ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ក្នុង​ពេល​ដឹកនាំ​កម្លាំង ចុះ​ទៅ​បង្ក្រាប​ការកាប់​ទន្ទ្រាន​ដីព្រៃ​ស្រោង​កាលពី​ថ្ងៃ​ទី​ ២៤ ខែមីនា ខណៈ​ដែល​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​តុលាការ​។

លោក​ ប៉ាង យៀក អភិបាលស្រុក​គូលែន​ថ្លែង​ថា ជុំវិញ​បញ្ហា​រឿងរ៉ាវ​ដែល​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​លោក វុធ សារី និង​លោក​ ចក់ សម្បត្តិ ចុះទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​នៅ​ភូមិ​ក្តាក់ ឃុំ ត្បែងពីរ លោក​មិនទាន់​អាច​ផ្តល់​បទសម្ភាស​ថា យ៉ាងណា​នោះ​ទេ​ព្រោះ​លោក​មិន​បាន​ចុះផ្ទាល់​នៅពេល​កើតហេតុ​នោះ​។ លោក​បាន​បញ្ជាក់ថា ពេលនេះ​លោក​កំពុង​ឱ្យ​មន្ត្រី​របស់លោក​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ករណី​កាប់រាន​ដីព្រៃ​នៅ​ទីនោះ​។

លោក​ថ្លែង​យ៉ាងដូច​ច្នេះ​ថា​៖ «​បញ្ហា​ដីព្រៃ​នៅ​ទីនោះ​មាន​បញ្ហា​ស្មុគស្មាញ​ណាស់ ខ្លះ​ឆ្លើយ​ថា អ៊ីចេះ ខ្លះទៀត​ឆ្លើយថា អ៊ីចុះ វា​ពាក់ព័ន្ធ​ដី​ជិត​ភូមិ​។ ខ្ញុំ​មិនទាន់​ហ៊ាន​បកស្រាយ​ទេ ចាំមើល​ឱ្យ​ក្រុមការងារ​ខ្ញុំ​ចុះទៅ​ស្រាវជ្រាវ​មើល​ប្រវត្តិ​ដី​ហ្នឹង​យ៉ាងម៉េច​សិន ហើយ​ចំណែក​រឿង​ហិង្សា​បង្ក​របួសស្នាម​យ៉ាងណា លើ​ព្រះរាជអាជ្ញារង​នោះ​ទាល់​តែ​សួរ​ទៅ​ម្ចាស់​ខ្លួនគេ​ផ្ទាល់ ខ្ញុំ​មិនដឹង​ទេ​»​។

លោក ឡាញ់ លីស៊ីវឡេង អធិការ​ស្រុក​គូលែន​ថ្លែង​ថា ក្នុង​ថ្ងៃកើតហេតុ​លោក​ក៏​មិន​បាន​ចុះទៅ​ផ្ទាល់​ដែរ​ដោយសារ​ជាប់រវល់ តែ​បើ​តាម​ការឱ្យ​ដឹងពី​កម្លាំង​មូលដ្ឋាន​របស់​លោក​ដែល​បាន​ចុះទៅ​បានឱ្យ​ដឹងថា ក្រោយពេល​ចុះទៅ​ដល់​ខាង​អយ្យការ​បាន​ឱ្យ​កម្លាំង​ដក​ត្រឡប់​ទៅវិញ ហេតុនេះ​មិនដឹង​រឿងរ៉ាវ​ពិតប្រាកដ​កើតឡើង​យ៉ាងណាទេ​។

លោក​បញ្ជាក់ថា​៖ «​ខាង​មន្ត្រី​ប៉ុស្តិ៍​មូលដ្ឋាន​បាន​ចុះទៅ ប៉ុន្តែ​ទៅ​មិនទាន់​គេ​ដែរ ព្រោះ​ខាង​មេព្រៃ​ និង​ស្ថាប័ន​អយ្យការ គេ​ទៅដល់​មុន ហើយ​មាន​រឿង​បាន​គេ​ហៅ​យើង​។ អ៊ីចឹង​យើង​ទៅក្រោយ​ក្តាប់​ព័ត៌មាន​អត់​ច្បាស់​ទេ ព្រោះ​ក្រោយពេល​មាន​បញ្ហា យើង​ទៅ​ដល់​គេ​ឡើង​ឡាន​ត្រឡប់​ទៅវិញ កម្លាំង​យើង​ក៏​ដក​ទៅវិញ​ដែរ​ទៅ​»​។

លោក នួន សុខុម នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​ថ្លែង​ថា ក្រោយពី​ការចុះ​ត្រួតពិនិត្យ និង​កំណត់​ផែនទី​ទិន្នន័យ​ជាក់ស្តែង​នៅក្នុង​ទីតាំង​ដីព្រៃ ដែល​ក្រុម​ឈ្មួញ​ប្រើប្រាស់ គ្រឿងចក្រ​ឈូស​បំផ្លិចបំផ្លាញ​ព្រៃ​នោះ​មាន​ទំហំ​ប្រមាណ​ជា​ ៧ ​ហិកតា​ដែល​ជា​ប្រភេទ​ព្រៃស្រោង​គ្រប់គ្រង ដោយ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​។

លោក​បញ្ជាក់ថា មន្ត្រី​ជំនាញ​បានកំណត់​មុខសញ្ញា​ជនសង្ស័យ​អស់​ហើយ ចំពោះ​ក្រុម​ឧក្រិដ្ឋជន​ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​បទល្មើស​បំផ្លិចបំផ្លាញ​ព្រៃឈើ​នៅ​ទីតាំង​ខាងលើ​នេះ ហើយ​សំណុំរឿង​លោក​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី​ ២៩ ខែមីនា​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​រឿងហេតុ​ជាក់ស្តែង លោក​អាច​ទាក់ទង​ទៅ​លោក​ព្រះរាជអាជ្ញារង​ដែល​ចុះ​ផ្ទាល់​។ ថ្ងៃនោះ​ខ្ញុំ​ពុំបាន​ចុះ​ផ្ទាល់​ទេ ព្រោះ​ជាប់​ប្រជុំ​ជាមួយ​អង្គការ RECOFTC គឺ​បាន​ចាត់​ឱ្យកម្លាំង​សង្កាត់​ចូលរួម​»​។

ព្រះរាជអាជ្ញារង​នៃ​អយ្យការ​​អម​សាលាដំបូង​ខេត្តព្រះវិហារ​លោក វុធ សារី ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា លោក​កំពុង​ពិនិត្យ​សំណុំរឿង​មិន​ទាន់​អាច​បញ្ជាក់ថា មាន​ការសម្រេច​យ៉ាងណា​នោះទេ​។ លោក​ថា​៖ «​សូម​អធ្យាស្រ័យ​លោក​អាច​ចាំ​ទាក់ទង​សួរ​ទៅខាង​អ្នក​នាំពាក្យ​នៅពេល​ក្រោយ​»​។

ភ្នំពេញ ​ប៉ុស្តិ៍​ មិនអាច​ទាក់ទង​លោក ចក់ សម្បត្តិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ ដើម្បី​សុំ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បានទេ​កាលពី​ម្សិលមិញ​៕