ភ្នំពេញ៖ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់នៅ​ក្នុងភូមិ​សាស្ត្រ តំបន់​ក្រហម ត្រូវ​ទៅយក​សំណាក​ធ្វើតេស្ត​រក​វីរុស​កូវីដ១៩ បើ​អ្នកនោះ​ធ្លាប់​ប៉ះពាល់​ផ្ទាល់​ ឬ​ដោយ​ប្រយោល ជាមួយ​អ្នកជំងឺ​កូវីដ ១៩ អ្នក​កំពុង​រស់នៅ​កន្លែង​មាន​ករណី​វិជ្ជមាន​កូវីដ​ច្រើន និង​អ្នក​ដែលមាន​ការសង្ស័យថា​មាន​ឆ្លង​វីរុស​នេះ ខណៈ​ខេត្ត​បន្ទាយមានជ័យ​បានដាក់​ទីតាំង​មួយចំនួន​ជា​តំបន់​ក្រហម។

លោក​ ឃួង ស្រេង អភិបាលក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី ២៤ ខែមេសា បានចេញ​សេចក្តី​ជូនដំណឹង​បន្ថែម​ពី​ទីតាំង​យក​សំណាក និង​គោលការណ៍​ប្រមូល​សំណាក​តេស្ក​រក​វីរុស​កូវីដ១៩ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុងស្នាក់នៅ​ក្នុង​ភូមិសាស្ត្រ​តំបន់​ក្រហម​នៅ​រាជធានី​ភ្នំពេញ។

ក្នុងនោះដែរ លោក​ ឃួង ស្រេង បាន​លើកឡើង​ថា៖ «គោលការណ៍​ប្រមូល​សំណាក​តេស្ត​រក​វីរុស​កូវីដ១៩ ក្នុង​ភូមិសាស្ត្រ​តំបន់​ក្រហម គឺ​ត្រូវ​អនុវត្តន៍​តែ​ចំពោះ​ក្រុម​បុគ្គល​ទាំងឡាយ​ណា​ដែល​ធ្លាប់​ប៉ះពាល់​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូវីដ១៩ អ្នក​កំពុងស្នាក់នៅ​តំបន់​ប្រមូលផ្ដុំ​ដែលមាន​ករណី​វិជ្ជមាន និង​អ្នក​ដែល​មាន​អាការៈ​ក្តៅខ្លួន ក្អក កណ្តាស់ ពិបាក​ដកដង្ហើម ឬ​សង្ស័យថា​ខ្លួន​បាន​ឆ្លង​ជំងឺ​កូវីដ១៩»។

ចំពោះ​ប្រជាពលរដ្ឋ​ដែលជា​មនុស្ស​ចាស់ជរា ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ទើប​សម្រាលកូន ទារក ជនពិការ និង​អ្នកមាន​ជំងឺ​ប្រចាំកាយ ដែល​ត្រូវ​ទៅយក​សំណាក ត្រូវ​ផ្តល់​ព័ត៌មាន​មក​អាជ្ញាធរ​ភូមិ-សង្កាត់ ដើម្បី​ចាត់ចែង​ក្រុមការងារ​ចុះទៅ​យក​សំណាក​នៅ​ទីតាំង​ជិត​លំនៅឋាន​បំផុត ដើម្បី​ជួយ​សម្រួល​ការលំបាក​របស់​ពួកគាត់។

ទន្ទឹមនឹង​នេះដែរ អភិបាលខេត្ត​បន្ទាយមានជ័យ​លោក​ អ៊ំ រាត្រី នៅ​ថ្ងៃទី ២៤ ខែមេសា ក៏បាន​សម្រេច​កំណត់​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ភូមិ​សាមគ្គីមានជ័យ​និង​ភូមិ​ក្បាលស្ពាន១ ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ជា​តំបន់​ក្រហម ដែលមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ធ្ងន់ធ្ងរ។

លោក​ថា បុគ្គល​ ឬ​នីតិបុគ្គល​ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​តំបន់​ក្រហម ត្រូវ​អនុវត្ត​វិធានការ​រឹតបន្ដឹង​នូវ​វិធានការ ៣ ការពារ ៣ កុំ និង​វិធានការ​សុខាភិបាល និង​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើដំណើរ​ចេញពី​លំនៅឋាន ឬ​ទីសំណាក់​បច្ចុប្បន្ន​របស់ខ្លួន​ឡើយ លើកលែង​តែ​ការធ្វើដំណើរ​ទៅ​ជួប​មន្ត្រី​សុខាភិបាល ដើម្បី​យក​សំណាក​ ឬ ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូវីដ១៩ និង​ធ្វើដំណើរ​ចាំបាច់​មួយចំនួន​ប៉ុណ្ណោះ។

លោក អ៊ំ រាត្រី ​បាន​ព្រមាន​ថា៖ «អ្នកណា​ដែល​ល្មើស​នឹង​វិធានការ​នេះ​នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ និង​ទោសពិន័យ​ជា​ប្រាក់​តាមច្បាប់​ធរមាន»។

ដោយឡែក​ទាក់ទង​នឹង​ការដាក់ឱ្យ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រក​វីរុស​កូវីដ១៩​រហ័ស លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹង​កាលពី​ថ្ងៃទី ២៤ ខែមេសា​ថា ការដាក់ឱ្យ​ប្រើប្រាស់​នូវ​ការធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូវីដ១៩នេះ គឺជា​ការដាក់ចេញ​នូវ​វិធានការ​ថ្មី​មួយទៀត ដើម្បី​ជួយ​សម្រួល​ទៅ​ដល់​បងប្អូន​ទាំងអស់ ជាពិសេស​សម្រាប់​អ្នកមាន​ការសង្ស័យ​ថា​ឆ្លង​កូវីដ១៩។

លោកស្រី​បាន​បន្ថែមថា៖ «ក្រសួង​សុខាភិបាល​បានសម្រេច​ដាក់ឱ្យ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​នេះ បន្ទាប់ពី​យើង​បាន​ធ្វើការ​សិក្សា​រួចរាល់ ដោយ​យើង​សង្កេតឃើញ​ថា តេស្ត​ដែល​យើង​កំពុង​ប្រើប្រាស់​រាល់ថ្ងៃនេះ​ជា​ប្រភេទ​តេស្ត​មួយ​ដែល​យើង​អាច​ជឿទុកចិត្ត​បាន ប៉ុន្តែ​អ្នក​ដែល​ធ្វើតេស្ត​ឃើញថា​វិជ្ជមាន​ហើយ​នោះ​ក៏​មាន​តម្រូវការ​នៃ​ការធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍​ថែមទៀត​ដែរ»។

លោកស្រី ឱ វណ្ណឌីន ​បាន​ពន្យល់​បន្ថែមថា ការប្រើប្រាស់​តេស្ត​រហ័ស​នេះ​ក៏​ដើម្បី​ជា​វិធានការ​មួយ​ ដើម្បី​ដាក់ចេញ​នូវ​ការព្យាបាល​ និង​ការរុករក​រហ័ស​ផងដែរ។ នៅពេល​រកឃើញ​អ្នកណា​មាន​វិជ្ជមាន​ហើយ ក្រុមគ្រូពេទ្យ​ប្រញាប់​ដាក់​គាត់​ព្យាបាល​ភ្លាម​ ឬ​ដាក់​នៅ​ដាច់ដោយឡែក។

អ្នកនាំពាក្យ​រូបនេះ​ថា៖ «ភាពត្រឹមត្រូវ​របស់​តេស្ត​រហ័ស​នេះ​មាន​ភាគរយ​ច្រើន ខណៈ​ភាពលំអៀង​ប្រហែល​ជា ២ ទៅ ៣ ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ដែលមាន​លទ្ធផល​លំអៀង​នោះ គឺ​យើង​នៅតែ​ចាំបាច់​ដាក់​គាត់​ធ្វើ​ចត្តាឡីស័ក និង​រង់ចាំ​ធ្វើតេស្ត​នៅ​មន្ទីរពិសោធន៍​បន្តទៀត​ផងដែរ»។

ក្រសួង​សុខាភិបាល​កំពុង​សរសេរ​នូវ​គោលការណ៍​ប្រតិបត្តិ​ពី​ការប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​នេះ ហើយ​នៅពេល​ដែល​មាន​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​នេះ​ហើយ សេវា​សុខាភិបាល​ឯកជន​ទាំងអស់​អាច​នឹង​អនុវត្តន៍​ទៅតាម​គោលការណ៍​នោះ៕