ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ ឆ្នាំឡើងទៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ សម្រាប់ដូសទី ១ ចាប់ផ្តើមពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ តទៅ។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃនេះ បានចេញសេចក្តីជូនដំណឹងមួយបានឱ្យដឹងថា ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងរាជធានីភ្នំពេញបានសម្រេចនឹងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងខណ្ឌសែនសុខសម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី ១៨ ខែឧសភា ដល់ថ្ងៃទី ៣១ ខែឧសភា និងសម្រាប់ដូសទី ២ ចាប់ផ្តើមពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១។
លោកបន្តថា៖ «ដើម្បីជំរុញការចាក់វ៉ាក់សាំងឱ្យបានលឿន និងឆាប់រហ័ស សម្រាប់ប្រជាពលរដ្ឋដែលមានអាយុពី ១៨ ឆ្នាំឡើងទៅ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវ "យុទ្ធនាការជាតិចាក់វ៉ាក់សាំង ” ការពារជំងឺកូវីដ១៩ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិ សំដៅបង្កើតឱ្យមានភាពស៊ាំសហគមន៍ ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩»។
លោក ឃួង ស្រេង បន្តថា ផ្អែកតាមផែនការមេ ពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ទៅតាមជំហានកម្មវិធីការងារយ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១។
សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា អាជ្ញាធរមូលដ្ឋាននឹងអញ្ជើញពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងនៅក្នុងខណ្ឌទាំងពីរនេះដែលមាន ១៣ សង្កាត់ ខណៈអាជ្ញាធរបានត្រៀមទីតាំងសម្រាប់ចាក់វ៉ាក់សាំងចំនួន ២០ កន្លែងនៅតាមមូលដ្ឋានរៀងៗខ្លួន។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានក្រើនរំឭក និងអំពាវនាវសារជាថ្មីចំពោះប្រជាពលរដ្ឋដែលត្រូវទៅទទួលចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវរក្សាឱ្យបានដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរ និងចៀសវាងការឈរប្រជ្រៀតគ្នាជាដើម៕
វីដេអូ៖