
ទីតាំងភូមិសាស្រ្តកំណត់តំបន់ពណ៍ ក្រហម លឿងទុំ និងលឿង ចេញដោយរដ្ឋបាលរាធានីភ្នំពេញ។ រូបថត រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្តីសម្រេច ស្តីពីការដាក់ចេញវិធានការរដ្ឋបាលថ្មីបន្ថែមទៀត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដោយបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល ៧ ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី ៦ ខែឧសភា រហូតដល់ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១។
យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី ០៥ ខែឧសភានេះ បានសម្រេចដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញដោយត្រូវបែងចែកជា ៣ តំបន់ គឺ តំបន់ក្រហម សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍។
តំបន់លឿងទុំ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ និងតំបន់លឿង សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍។
លោក ឃួង ស្រេង បញ្ជាក់ថា៖ «វិធានការរដ្ឋបាល ដែលត្រូវអនុវត្តន៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវចាប់ផ្តើមអនុវត្តន៍សម្រាប់រយៈពេល ៧ ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែ ឧសភា ឆ្នំា ២០២១»។
នៅក្នុងអំឡុងពេលនៃការអនុវត្តការបិទខ្ទប់ វិធានការដែលត្រូវបានអនុវត្តន៍សម្រាប់ភូមិសាស្រ្តតំបន់ក្រហម គឺបុគ្គលគ្រប់រូប ត្រូវបានហាមឃាត់ធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់របស់ខ្លួន។
ចំណែកអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ក៏បានចេញសេចក្តីសម្រេចផងដែរ ដោយបានកំណត់ភូមិសាស្រ្តក្រុងតាខ្មៅនៃខេត្តកណ្តាល ជា ២ តំបន់ គឺតំបន់ក្រហម និងតំបន់លឿង។
លោកបានលើកឡើងថា តំបន់ដែលត្រូវបិទខ្ទប់មានតំបន់អគារវប្បធម៌ក្នុងភូមិសាស្ត្រភូមិតាខ្មៅ ២ នៃសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយត្រូវកំណត់ជា «តំបន់ក្រហម» ដែលត្រូវចាប់ផ្តើមអនុវត្តន៍សម្រាប់រយៈពេល ៧ ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី ០៦ ខែឧសភា រហូតដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ចំណែកភូមិសាស្ត្រក្រុងតាខ្មៅត្រូវបានកំណត់ជា «តំបន់លឿង» លើកលែងតំបន់បិទខ្ទប់ដែលត្រូវបានកំណត់ជា «តំបន់ក្រហម» ដូចមានចែងខាងលើនេះ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ថា ទោះបីជាវិធានការកម្រិតណាក៏ដោយ គឺត្រូវនាំគ្នាចូលរួមអនុវត្តន៍វិធានការទាំងនេះ។
លោកថា នៅថ្ងៃស្អែកនេះ សាលារាជធានីភ្នំពេញនឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីពន្យល់លម្អិតពីវិធានការថ្មីនេះ៕