
ភោជនីយដ្ឋានមួយកន្លែងនៅក្នុងសង្កាត់ស្ទឹងមានជ័យ ដាក់ទឹកអាល់កុលសម្រាប់លាងដៃនៅមុខទ្វារច្រកចេញ-ចូល។ ហុង មិនា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំដល់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ឲ្យគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរៀបចំសម្ភារកម្ចាត់មេរោគនៅតាមទីតាំងរបស់ខ្លួន។ ជាមួយគ្នានេះដែរក៏ព្រមានបិទបណ្តោះអាសន្ននូវអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទាំងឡាយណាដែលមិនបានអនុវត្តតាម។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃចន្ទបានឲ្យដឹងថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ ១៩ ហើយនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រោយពីក្រសួងនេះបានប្រកាសជាសាធារណៈពីការព្យាបាលអ្នកជំងឺកូវីដ ១៩ ទាំង ១២២ នាក់ ជាសះស្បើយអស់នៅកម្ពុជា និងមិនទាន់រកឃើញករណីថ្មី។
លោក ឃួង ស្រេង បានឲ្យដឹងទៀតថា៖ «ដូច្នេះដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ដោយត្រូវគោរពតាមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩»។
លោកបានឲ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញក៏បានណែនាំឲ្យម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬជែលសម្រាប់លាងដៃនៅមុខទ្វារច្រកចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កម្តៅភ្ញៀវទាំងអស់មុននឹងអនុញ្ញាតឲ្យចូលភោជនីយដ្ឋាន ឬអាហារដ្ឋាន។
លោក ស្រេង បានឲ្យដឹងថា៖ «ត្រូវរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានណាមិនបានអនុវត្តតាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាននោះជាបណ្តោះអាសន្ន»។
លោក ប៉េងពេជ្យ ករុណា បុគ្គលិកផ្នែកគិតលុយនៃភោជនីយដ្ឋានគុយទាវទូកម្ចាស់ដើមបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ចាប់តាំងពីខែកុម្ភៈ ក្នុងអំឡុងពេលផ្ទុះខ្លាំងនៃជំងឺនេះ ភោជនីយដ្ឋានដែលលោកបម្រើការគឺតែងតែអនុវត្តទៅតាមគោលការណ៍របស់ក្រសួង។ លោកបន្តថា រហូតមកដល់ពេលនេះខាងភោជនីយដ្ឋានក៏នៅតែបន្តអនុវត្តគោលការណ៍នេះដដែល ខណៈលោកក៏សង្កេតឃើញថា មានភោជនីយដ្ឋាន ជាពិសេសភ្ញៀវហាក់លែងសូវខ្វល់ខ្វាយនឹងការការពារខ្លួន។
លោក ករុណា ថ្លែងថា៖ «ពិតជាមានការលែងដៃពិតមែន ព្រោះពីមុនភ្ញៀវមក ១០ នាក់ គាត់ពាក់ម៉ាស់ទាំង ១០ នាក់ តែពេលនេះ ១០ នាក់អី គាត់ពាក់ម៉ាស់តែ ៣ នាក់ទេ។ ប៉ុន្តែយ៉ាងណាហាងយើងបានអនុវត្តតាមគោលការណ៍នេះហើយ ដោយបុគ្គលិកយើងពាក់ម៉ាស់ទាំងអស់គ្នា ហើយមានទឹកអាល់កុល វាស់កម្តៅរាល់ពេល ហើយភ្ញៀវខ្លះក៏គាត់សប្បាយចិត្ត នៅពេលឃើញយើងធ្វើបែបនេះ»។
លោក ករុណា បានឲ្យដឹងដោយបង្ហាញការពេញចិត្តចំពោះវិធានការដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញដើម្បីទប់ស្កាត់ និងបង្ការការរីករាលដាលជំងឺកូវីដ១៩ ដែលតម្រូវឲ្យប្រជាពលរដ្ឋ ជាពិសេសកន្លែងដែលមានមនុស្សចេញចូលច្រើន អនុវត្តឲ្យបានខ្ជាប់ខ្ជួនបន្តទៀត កុំឲ្យលែងដៃ និងសុំចិត្តដល់អតិថិជនទាំងអស់ដែលចូលហាងអាហារ និងភោជនីយដ្ឋាន បន្តការប្រុងប្រយ័ត្នបន្ថែមទៀត។
លោក ហែន ភារៈ វេជ្ជបណ្ឌិតផ្នែកផ្លូវដង្ហើមបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាលោកនៅតែមានការបារម្ភ ចំពោះការផ្ទុះឡើងវិញនូវជំងឺកូវីដ១៩ ដូចទៅនឹងប្រទេសដទៃទៀត ខណៈដែលប្រជាពលរដ្ឋលែងសូវខ្វល់ខ្វាយក្នុងការការពារខ្លួនដូចពីមុន។
លោក ភារៈ បានឲ្យដឹងទៀតថា ការផ្ទុះឡើងវិញនេះគឺមិនអាចធ្វើការប៉ាន់ប្រមាណទុកបាននោះទេ ដែលទាមទារឲ្យមានការចូលរួមទាំងអស់ពីសំណាក់ប្រជាពលរដ្ឋគ្រប់ៗគ្នា ខណៈបម្រាមទាំងនោះគឺជាវិធានការមួយដ៏មានប្រសិទ្ធភាពដែលអង្គការសុខភាពពិភពលោកដាក់ចេញក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
លោក ភារៈ បញ្ជាក់ថា៖ «គេមិនឲ្យយើងធ្វេសប្រហែសទេ ព្រោះមានការលាប់ឡើងវិញ ព្រោះមានអ្នកដែលជាហើយហ្នឹង គាត់មិនមានប្រព័ន្ធភាពសុំាការពារខ្លួនទេ ដែលងាយនឹងលាប់ឡើងវិញ ហើយបង្កការលំបាក។ ការនាំចូលមេរោគថ្មីពីក្រៅ គឺយើងអាចការពារបានតាមរយៈការបិទជើងហោះហើរ តែការឆ្លងក្នុងប្រទេសនេះ គឺខ្លាំងបំផុតហ្នឹង កន្លែងសាធារណៈ ដូចជា ផ្សារទំនើប រោងកុន ភោជនីយដ្ឋាន និងខារ៉ាអូខេនេះហើយ ដែលប្រឈមខ្លាំង។ កន្លែងដែលមានការប្រមូលផ្តុំគ្នាច្រើន និងសាលារៀនជាដើម»៕
វីដេអូ៖