ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញរយៈពេល ៧ ថ្ងៃទៀត គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១។
យោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១ បានបញ្ជាក់ថា ការផ្អាកដំណើរការផ្សារជាបណ្តោះអាសន្ននេះគឺដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ។
ជាមួយនឹងការសម្រេចនេះ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យនាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលខណ្ឌទាំង ១៤ ប្រធានមន្ទីរ អង្គភាពជំនាញក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ និងគណៈគ្រប់គ្រងផ្សារ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ ធ្លាប់បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា បើមិនមានការប្រកាសបន្តផ្អាកដំណើរការផ្សារទាំងផ្សាររដ្ឋ និងផ្សារមិនរៀបរយទាន់ពេលវេលាទេនោះ កំណើននៃការឆ្លងជំងឺកូវីដ១៩នឹងមានកាន់តែច្រើនដែលធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញមិនអាចគ្រប់គ្រងបាន៕
វីដេអូ៖