
កម្មករកំពុងប្រមូលសំរាមតាមដងផ្លូវនៅភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសេចក្ដីជូនដំណឹងដោយព្រមានដល់ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នឯកជន និងប្រជាពលរដ្ឋដែលមិនបានគោរពនូវកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងអាចប្រឈមនឹងវិធានរដ្ឋបាលដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្ដោះអាសន្ន រួមទាំងការបញ្ចេញបញ្ជីឈ្មោះអ្នកជំពាក់បំណុលជាសាធារណៈតាមបណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី ២៥ ខែ ឧសភា បានឲ្យដឹងថា៖ «ក្រោយពីបានចាប់ផ្ដើមអនុវត្តទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញក្នុងដំណាក់កាលអន្តរកាលតាមប្រព័ន្ធអេឡិចត្រូនិករហូតមកទល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋភាគច្រើនបានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងរួចហើយ។ ប៉ុន្ដែនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនេះនៅឡើយ»។
កាលពីខែតុលា ឆ្នាំ ២០១៩ រាជរដ្ឋាភិបាលបានសម្រេចបង្វែរថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅក្នុងរាជធានីភ្នំពេញពីក្រុមហ៊ុនស៊ិនទ្រីមកជូនរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណង់រឹងរាជធានីភ្នំពេញធ្វើការគ្រប់គ្រងបណ្តោះអាសន្នវិញមុននឹងរកក្រុមហ៊ុនថ្មីមកជំនួសបាន ព្រោះតែក្រុមហ៊ុនស៊ិនទ្រីមិនមានសមត្ថភាពបន្តក្នុងការប្រមូលសំរាម។
លោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម សំណល់រឹងរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍តាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃអង្គារថា សេចក្តីជូនដំណឹងនេះគឺជាការរំឭកជាមុនទៅដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ដែលមិនបានបង់ថ្លៃសេវាប្រមូលសំរាម។ លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញមានចំនួនប្រជាពលរដ្ឋដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាមនៅក្នុងដៃ ហើយក្នុងករណីដែលដល់ពេលកំណត់នឹងមានវិធានការដូចបានដំណត់។
លោកបញ្ជាក់ថា៖ «ក្នុងសេចក្តីជូនដំណឹងនេះ យើងបានជម្រាបអស់ហើយ ដោយយើងមិនទាន់បង្ហាញជាក់លាក់នូវចំនួន និងឈ្មោះអតិថិជនដែលមិនបានបង់ទេ។ យើងរំឭកគាត់សិនបានន័យថា អ្វីៗយើងមាននៅក្នុងដៃអស់ហើយ នៅពេលដែលយើងចាប់ផ្តើមអនុវត្ត គឺយើងនឹងបញ្ចេញ (ឈ្មោះ) តែម្តង»។
លោក នួន សំណាវុធ ក៏បានឲ្យដឹងដែរថា ចំពោះការគ្រប់គ្រងការប្រមូលសំរាម និងសំណល់រឹងនៅក្នុងរាជធានីភ្នំពេញវិញ គឺនៅតែស្ថិតក្នុងការដឹកនាំរបស់សាលារាជធានីបណ្តោះអាសន្នដដែល ព្រោះតែការដាក់ដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មីចំនួន ៣ មិនទាន់ត្រូវបានបញ្ចប់។
លោកក៏បានបញ្ជាក់ផងដែរថា យ៉ាងយូរនៅចុងឆ្នាំ ២០២០ ខាងមុខ នីតិវិធីនៃការដាក់ដេញថ្លៃដំណាក់កាលទី ២ នឹងចាប់ផ្តើមអនុវត្ត ហើយក្រុមហ៊ុនដែលទទួលសិទ្ធិគ្រប់គ្រងការប្រមូលសំរាមក្នុងតំបន់ចំនួន ៣ ក្នុងរាជធានីភ្នំពេញក៏នឹងអាចអនុវត្តការងាររបស់ពួកគេបានក្នុងពេលនោះផងដែរ។
លោកបានឲ្យដឹងថា៖ «យើងកំពុងស្ថិតក្នុងដំណាក់កាលទី ២ ដែលជាការដាក់ដេញថ្លៃ ហើយយើងកំពុងតែធ្វើការងារនេះ។ ពាក់ព័ន្ធនឹងដំណើរការដែលយើងរៀបចំដាក់ដេញថ្លៃនេះ ប្រហែលជាចុងឆ្នាំ ព្រោះពេលដែលយើងដេញថ្លៃចប់ ហើយចុះកិច្ចសន្យានោះ យើងនឹងអនុញ្ញាតឲ្យក្រុមហ៊ុននាំសម្ភារ និងចុះបញ្ជីក្រុមហ៊ុនហើយក្រុមហ៊ុននាំសម្ភារចូល ដើម្បីអាចដំណើរការបាន»។
លោក សំណាវុធ បានថ្លែងថា ដោយសារតែនីតិវិធីនៃការដាក់ដេញថ្លៃនេះ គឺជាការសម្ងាត់មិនអាចឲ្យដឹងពីចំនួនក្រុមហ៊ុនប៉ុន្មានចូលរួមដេញថ្លៃនៅក្នុងដំណាក់កាលនីមួយៗនោះទេ តែដំណាក់ចុងក្រោយក្នុងការជ្រើសរើសក្រុមហ៊ុនចំនួន ៣ សម្រាប់ធ្វើការគ្រប់គ្រងការប្រមូលសំរាម។
តាមរបាយការណ៍របស់ក្រសួងបរិស្ថានកាលពីចុងឆ្នាំមុនបានឲ្យដឹងថា សំរាមដែលបានបង្កើតឡើងនៅកម្ពុជាក្នុង ១ ថ្ងៃៗមានជាង ១ ម៉ឺនតោនសរុបគឺស្មើនឹងជិត ៤ លានតោនក្នុង ១ ឆ្នាំ។ សំរាមទាំងនោះមាន ៦៥ ភាគរយជាសំណល់សរីរាង្គ ២០ ភាគរយ ជាសំណល់ថង់ប្លាស្ទិក និងនៅសេសសល់គឺជាសំណល់រឹង និងសំណល់ផ្សេងទៀត។ សម្រាប់ទីក្រុងភ្នំពេញសំរាមត្រូវបានបង្កើតឡើងប្រមាណ ៣ ពាន់តោនក្នុង ១ ថ្ងៃ៕
វីដេអូ៖