ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រាប់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ និង​ម្ចាស់​អាជីវកម្ម​ទាំងអស់ ស្នើសុំ​លិខិត​អនុញ្ញាត​ធ្វើដំណើរ​ជាថ្មីទៀត ដើម្បី​ឆ្លងកាត់ «​តំបន់​លឿងទុំ​» និង «​តំបន់​ក្រហម​» ខណៈ​លិខិត​ចាស់​ត្រូវអស់​សុពលភាព​នៅ​ថ្ងៃទី​ ៦ ​ខែ​ឧសភា​នេះ​។

សេចក្តី​ជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ៥ ខែ​ឧសភា ឆ្នាំ ២០២១ បាន​ប្រាប់​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​អាជីវកម្ម​ទាំងអស់ ដែល​ធ្លាប់​បាន​ទទួល​លិខិត​អនុញ្ញាត​ធ្វើដំណើរ ឬ​ធ្វើ​ចរាចរណ៍​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ នៃ​រាជធានី​ភ្នំពេញ​ត្រូវ​អស់​សុពលភាព​ប្រើប្រាស់​ចាប់ពី​ថ្ងៃទី​ ៦ ​ខែ​ឧសភា ឆ្នាំ​ ២០២១​។

ដើម្បី​ធានា​ស្ថិរភាព​នៅក្នុង​ការ​ដំណើរការ​ប្រក្រតី​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ក៏ដូចជា​ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ និង​កាត់ផ្តាច់​ចរន្ត​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏សាហាវ​នេះ​ទៅ​តំបន់​ផ្សេងទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​អាជីវកម្ម​ទាំងអស់​ដែល​ត្រូវការ​ចាំបាច់​ស្នើសុំ​លិខិត​អនុញ្ញាត​ធ្វើដំណើរ ឬ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់ «​តំបន់​លឿងទុំ​» និង «​តំបន់​ក្រហម​» អាចដាក់​ពាក្យស្នើសុំ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ ចាប់ពី​ថ្ងៃទី​ ៦ ខែឧសភា ឆ្នាំ​ ២០២១ នេះ​តទៅ​។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ​កំបូល​ថ្លែងថា ម្ចាស់​អាជីកម្ម​ ឬ​ម្ចាស់​ក្រុមហ៊ុន​ត្រូវតែ​ស្នើសុំ​ទៅ​តាម​ទីតាំង​ដែលមាន​ហានិភ័យ ប៉ុន្តែ​សម្រាប់​ឧស្សាហកម្ម ផលិត​ឱសថ និង​ផលិត​ចំណីអាហារ គឺ​មិនចាំបាច់​ស្នើសុំ​លិខិត​ធ្វើដំណើរ​នោះទេ គឺ​អាច​ធ្វើដំណើរ​ទៅបាន​ធម្មតា​។

លោក​ ឃឹម ស៊ុនសូដា ថ្លែងថា ម្ចាស់​អាជីវកម្ម ឬ ម្ចាស់​ក្រុមហ៊ុន​អាច​ស្នើសុំ​លិខិតអនុញ្ញាត​ធ្វើដំណើរ ឬ នៅក្នុង​ «​តំបន់​លឿងទុំ​» និង «​តំបន់​ក្រហម​» ទៅតាម​ការអនុញ្ញាត​របស់​រាជរដ្ឋាភិបាល​ដែល​អនុញ្ញាត​ដល់​ម្ចាស់​អាជីវកម្ម ប្រើប្រាស់​មនុស្ស​ប្រមាណ ២ % ​នៃ​បុគ្គលិក​សរុប​ទាំងអស់​។

លោក ​ឃឹម ស៊ុនសូដា ​ថ្លែងថា​៖ «​ខណ្ឌ​អាច​ចេញ​លិខិតអនុញ្ញាត​ឱ្យទៅ​ម្ចាស់​អាជីវកម្ម ឬ​ម្ចាស់​ក្រុមហ៊ុន សម្រាប់​ធ្វើដំណើរ និង​ចរាចរណ៍​ទៅតាម​មនុស្ស​ប៉ុណ្ណោះ ឧទាហរណ៍​កន្លែង​មនុស្ស ១០០ ​នាក់ គេ​អនុញ្ញាត​ឱ្យ ២% យើង​ចេញ​ឱ្យតែ ២ ​នាក់ អ៊ីចឹងទៅ​»​។

បើតាម​លោក ឃឹម ស៊ុនសូដា កន្លងមក ខណ្ឌ​បាន​ចេញ​ឱ្យ​គ្រប់​ម្ចាស់​អាជីវកម្ម និង​ម្ចាស់​រោងចក្រ​អស់​ហើយ ប៉ុន្តែ​ត្រូវបាន​អស់​សុពលភាព​នៅ​ថ្ងៃទី​ ៦ ​ខែ​ឧសភា​។

ឥឡូវ​ថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យចេញ​លិខិតអនុញ្ញាត​ថ្មី សម្រាប់​ធ្វើដំណើរ​នៅក្នុង​ «​តំបន់​លឿងទុំ​» និង «​តំបន់​ក្រហម​» ដល់​ម្ចាស់​អាជីវកម្ម​ និង​ម្ចាស់​ក្រុមហ៊ុន​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៥ ​ខែឧសភា​ឆ្នាំ​ ២០២១ ​បានដាក់​ចេញ​វិធានការ​រដ្ឋបាល សម្រាប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ដោយ​បែងចែក​ជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​» សម្រាប់​រយៈពេល​ ៧ (​ប្រាំពីរ​) ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​នា​ថ្ងៃទី​ ៦ ខែ​ឧសភា ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី​ ១២ ខែឧសភា ឆ្នាំ​ ២០២១៕