សៀមរាបៈ រដ្ឋបាលស្រុកបន្ទាយស្រីកាលពីថ្ងៃទី ១៣ ខែមករា បានផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មបូមខ្សាច់ទាំងអស់ក្នុងស្រុកនេះក្រោយពីពិនិត្យឃើញការដ្ឋានមួយចំនួនមិនមានច្បាប់អនុញ្ញាត និងមួយចំនួនអនុវត្ដផ្ទុយពីគោលការណ៍ច្បាប់ដែលបានធ្វើឲ្យទឹកអូរទឹកព្រែកឡើងកខ្វក់ ងាប់ត្រី បង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ក្រោយពីបានពិនិត្យ និងវាយតម្លៃឃើញភាគច្រើនលើសលប់នៃអាជីវកម្មបូមខ្សាច់នៅទូទាំងស្រុកបន្ទាយស្រីមិនបានអនុលោមតាមច្បាប់កំណត់របស់រដ្ឋបាលស្រុក និងដោយមានការឯកភាពពីមន្ទីររ៉ែ និងថាមពលខេត្តសៀមរាបក៏បានសម្រេចផ្អាកទាំងស្រុងជាបណ្តោះអាសន្ននូវការដ្ឋានបូមខ្សាច់ និងបកខ្សាច់ក្នុងស្រុកបន្ទាយស្រីសរុបចំនួន ១៦ កន្លែង ដើម្បីឱ្យម្ចាស់អាជីវកម្មស្នើសុំច្បាប់ និងអនុវត្ដឱ្យបានត្រឹមត្រូវតាមច្បាប់ឡើងវិញ។
លោកថ្លែងថា៖ «ចំណាត់ការនេះគឺជាវិធានការចាំបាច់ដើម្បីការពារប្រយោជន៍រួមធ្វើឱ្យមានរបៀបរៀបរយឡើងវិញនៃសណ្តាប់ធ្នាប់សាធារណៈ និងធានាមិនឱ្យមានផលប៉ះពាល់ដល់សហគមន៍ និងប្រជាពលរដ្ឋក៏ដូចជាដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្មបូមខ្សាច់នៅក្នុងស្រុកទាំងមូល»។
លោក ហ្វីណង់ បានបញ្ជាក់ថាក្រោយការត្រួតពិនិត្យវាយម្លៃយ៉ាងហ្មត់ចត់ពីសំណាក់មន្ទីរជំនាញរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលស្រុកបានរកឃើញថា ការដ្ឋានមួយចំនួនមិនមានច្បាប់អនុញ្ញាតមួយចំនួនអនុវត្តខុសពីទីតាំង និងទំហំដែលច្បាប់អនុញ្ញាត។ មួយចំនួនទៀតមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវដោយបិទបំពានយកអូរប្រឡាយដោយខុសច្បាប់ និងចាក់បញ្ចូលទឹកកខ្វក់ចូលទៅក្នុងប្រព័ន្ធប្រើប្រាស់ទឹករួមរបស់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «ការដ្ឋានបូមខ្សាច់មួយចំនួនបង្កផលប៉ះពាល់ដល់សហគមន៍ និងប្រជាពលរដ្ឋក្នុងការធ្វើកសិកម្មការប្រើប្រាស់ទឹកទូទៅ និងសម្រាប់សត្វពាហនៈក៏ដូចជាបង្កផលប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អូរប្រឡាយ និងបានបំផ្លាញប្រព័ន្ធជីវចម្រុះនានាផងដែរ»។
លោក ហ្វីណង់ ឱ្យដឹងថា រដ្ឋបាលស្រុកបន្ទាយស្រីបានចាត់វិធានការបឋមមួយចំនួនដោយផាកពិន័យឱ្យម្ចាស់អាជីវកម្មបូមខ្សាច់ទាំងអស់ត្រូវបើកមុខទឹកអូរប្រឡាយ និងរៀបចំទីតាំងដែលត្រូវបានរំលោភបំពានឱ្យបានដូចដើមវិញនឹងធានាឱ្យបានថាមិនមានទឹកកង្វក់ហូរចូលធ្វើឱ្យប៉ះពាល់ទៅដល់ទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ។
លោកថា៖ «ម្ចាស់អាជីវកម្មបូមខ្សាច់ ឬបកខ្សាច់ទាំងអស់នៅក្នុងស្រុកបន្ទាយស្រីទាំងមូលត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនទាំងស្រុងចាប់ពីថ្ងៃនេះ (ថ្ងៃទី ១៣ ខែមករា) តទៅទោះជាអាជីវកម្មនោះមានអាជ្ញាប័ណ្ណហើយក្តីនឹងត្រូវទំនាក់ទំនងមករដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីពិនិត្យសម្របសម្រួលស្នើសុំអាជ្ញាប័ណ្ណឡើងវិញ ប្រសិនបើចង់បន្តសកម្មភាពរបស់ខ្លួន»។
រដ្ឋបាលស្រុកបន្ទាយស្រីបានកំណត់ចាប់ពីថ្ងៃទី ១៣ ខែមករាតទៅរាល់ការដ្ឋានអាជីវកម្មបូមខ្សាច់ទាំងអស់នៅក្នុងស្រុកបន្ទាយស្រីនឹងតម្រូវឱ្យមានការលើកស្លាកសញ្ញាបញ្ជាក់ពីការទទួលបានអាជ្ញាប័ណ្ណថ្មីរបស់ខ្លួននៅមុខការដ្ឋានរណ្តៅខ្សាច់នីមួយៗ។ បើមិនដូច្នេះទេរដ្ឋបាលស្រុកនឹងមិនអនុញ្ញាតឱ្យប្រតិបត្តិការអាជីវកម្មឡើយ។
លោក ឃឹម តិល ប្រធានសហគមន៍ប្រើប្រាស់ទឹកទំនប់តាបិនក្នុងស្រុកបន្ទាយស្រីលើកឡើងថា ការដ្ឋានបូមខ្សាច់នៅក្នុងស្រុកបន្ទាយស្រីបានបង្កផលប៉ះពាល់ខ្លាំងដល់ប្រភពទឹកប្រើប្រាស់របស់ពលរដ្ឋនៅក្នុងភូមិថែមទាំងធ្វើឲ្យត្រីក្នុងអូរប្រឡាយងាប់អស់។
លោកបានលើកឡើងថា៖ «ពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីដែលរស់នៅពឹងពាក់លើការប្រើប្រាស់ទឹកអូរប្រឡាយបានរងគ្រោះព្រោះតែក្រុមហ៊ុនបូមខ្សាច់កាលពីពេលកន្លងមក ពួកគាត់បង្ហូទឹកកង្វក់ចូលអូរប្រឡាយធ្វើឱ្យទឹកឡើងល្អក់ប្រើប្រាស់លែងកើត សត្វគោ-ក្របីផឹកអត់កើត ហើយត្រីងាប់អស់។ កាលពីមុនពេលមិនទាន់មានក្រុមហ៊ុនបូមខ្សាច់ យើងអាចរកត្រីផ្គត់ផ្គង់គ្រួសារបាន ប៉ុន្ដែដល់ពេលមានក្រុមហ៊ុនបូមខ្សាច់ ពលរដ្ឋលែងរកត្រីបានទៀតហើយ។
ការចិញ្ចឹមសត្វរបស់ពលរដ្ឋនៅក្នុងភូមិក៏មិនអាចចិញ្ចឹមបានដែរ ព្រោះទឹកឡើងល្អក់សត្វផឹកលែងកើត»។ លោក តិល ស្នើថា បើសិនជាអាជីវករបូមខ្សាច់ក្នុងស្រុកបន្ទាយស្រីបន្តបើកដំណើការអាជីវកម្មឡើងវិញ ត្រូវធ្វើយ៉ាងណាកុំឱ្យបង្កផលប៉ះពាល់ដល់ទឹកក្នុងអូរប្រឡាយដែលពលរដ្ឋប្រើប្រាស់។
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលបានសាទរចំពោះការសហការគ្នាអនុវត្ដការងាររវាងរដ្ឋបាលខេត្ដ មន្ទីរជំនាញ និងរដ្ឋបាលស្រុកក្នុងការដោះស្រាយបញ្ហាកង្វល់បំពុលបរិស្ថានជូនប្រជាពលរដ្ឋនេះដោយលោកបញ្ជាក់ថា ការងារនេះជាការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលត្រូវអនុវត្ដ។
លោកថ្លែងថា៖ «អាជ្ញាធរស្រុក ខេត្ដ ពួកគាត់ជានគរបាលយុត្ដិធម៌ដែលមានតួនាទីចូលរួមសហការជាមួយក្រសួងក្នុងការគ្រប់គ្រងត្រួតពិនិត្យ និងលុបបំបាត់សកម្មភាពទាំងឡាយណាដែលខុសច្បាប់ល្មើសច្បាប់។ ក្រសួងអបអរសាទរនៅពេលដែលអាជ្ញាធរមូលដ្ឋានរួមសហការគ្នាបែបនេះ»៕
វីដេអូ៖