ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក​ វេង សាខុន ​បាន​ថ្លែងថា ធនធាន​ព្រៃឈើ​បាននិង​កំពុង​ចូលរួម​ចំណែក​លើកកម្ពស់ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​សហគមន៍​ព្រៃឈើ រក្សា​និរន្តរភាព​បរិស្ថាន អេកូធម្មជាតិ​ដែល​បាន​ទាក់ទាញ​ទេសចរ ហើយ​លោក​បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ស្តារ​ព្រៃឈើ​ឡើងវិញ​។

លោក វេង សាខុន ​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​ ២០២០ ​របស់​រដ្ឋបាល​ព្រៃឈើ​ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី-ខេត្ត និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រមាណ​ ៤០០ ​នាក់​កាលពី​ថ្ងៃ​ទី​ ៥ ខែ ​កុម្ភ: ឆ្នាំ​ ២០២០​។

លោក​លើកឡើង​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ធ្វើការ​គ្រប់គ្រង​ធនធានធម្មជាតិ​ទាំងអស់​ឱ្យបាន​គង់វង្ស និង​ត្រូវខិតខំ​ប្រឹងប្រែង​រួបរួម​គ្នា​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ ការទន្ទ្រាន​យក​ដី​ព្រៃឈើ​កាន់កាប់​ខុសច្បាប់ ការធ្វើ​អាជីវកម្ម​ឈើ និង​សត្វព្រៃ​ខុសច្បាប់ ការប្រើប្រាស់​សម្បទាន​ដី​សេដ្ឋកិច្ច​ខុស​ពី​គោលការណ៍​។

លោក​បន្ថែមថា សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ក៏​ត្រូវ​យក​ចិត្តទុកដាក់​ក្នុង​ការស្តារ​ព្រៃឈើ​ឡើងវិញ​តាម​គ្រប់​រូបភាព​ដែលជា​ឆន្ទ:​ដ៏ចម្បង​របស់​រដ្ឋបាល​ព្រៃឈើ ដើម្បី​ធ្វើការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​គម្រប​ព្រៃឈើ​បៃតង​ដោយ​និរន្តរភាព ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ប្រើប្រាស់​ឈើ​ក្នុង​ស្រុក​ដែល​ចេះតែ​កើនឡើង​ជា​លំដាប់ និង​ចូលរួម​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាសហគមន៍​ព្រៃឈើ និង​កំណើន​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ធនធាន​ព្រៃឈើ​ដែល​ជា​ប្រភពធនធាន​ធម្មជាតិ​ដ៏មានតម្លៃ ហើយ​បាននិង​កំពុង​ចូលរួម​​លើក​កម្ពស់​សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​សហគមន៍​ព្រៃឈើ រក្សា​និរន្តរភាព​បរិស្ថាន​អេកូធម្មជាតិ និង​ទេសចរណ៍​ជា​ប្រព័ន្ធ​ការពារ​ទីជម្រាល​ការពារ​ជីវចម្រុះ ផ្តល់​ជម្រក និង​អាហារ​សម្រាប់​ជីវិត​រស់នៅ​របស់​មនុស្ស និង​សត្វព្រៃ​គ្រប់​ប្រភេទ​»​។

លោក​បន្ថែមថា​៖ «​ភាពឆកល្វែង​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​។​ល​។ ទាំងអស់​នេះ​គឺជា​កម្មវត្ថុ​ដ៏សំខាន់​ដែល​យើង​ត្រូវ​លើកកម្ពស់​ស្មារតី​ទទួល​ខុសត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន ស៊ីជម្រៅ ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​»​។ លោក​លើក​ឡើង​ទៀតថា សមត្ថកិច្ច​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​ទទួល​ខុសត្រូវ និង​ផ្តល់​កិច្ចសហការ​ឲ្យ​បានល្អ​ប្រសើរ​ជាមួយ​នឹង​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ពាក់ព័ន្ធ​នៃ​ការងារ​គ្រប់គ្រង​ធនធាន​ព្រៃឈើ ដោយ​ប្រើប្រាស់​យន្តការ​ ឬ​យុទ្ធសាស្ត្រ​ និង​វិធាន​ផ្សេងៗ ដើម្បី​អនុវត្ត​ការងារ និង​ដោះស្រាយ​បញ្ហា​ឱ្យទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​សម្រាប់​ឆ្នាំ​ ២០២០​។

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ ​(ACNCIPO) ​បាន​ថ្លែងថា មន្ត្រី​មាន​សមត្ថកិច្ច​មួយចំនួន​មិន​បាន​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​ដោយ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​អនុញ្ញាត​ឲ្យ​មាន​ការបន្ត​កាប់បំផ្លាញ​ធនធាន​ធម្មជាតិ​ដែល​ធ្វើឲ្យ​ប៉ះពាល​ដល់​សហគមន៍​ព្រៃឈើ និរន្តរភាព​បរិស្ថាន អេកូធម្មជាតិ ជម្រក​ និង​ចំណីអាហារ​សត្វព្រៃ​។

លោក​បញ្ជាក់ថា បទល្មើស​ធនធាន​ធម្មជាតិ​បាន​កើតឡើង​នៅ​គ្រប់​តំបន់​ដូចជា​ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ធំ កំពង់ស្ពឺ ពោធិ៍សាត់ និង​កោះកុង​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ «​ហាក់ដូចជា​ពុំមាន​វិធានការ​ទប់ស្កាត់​បទល្មើស​ទាំង​នោះ​ទេ​។ គាត់​ (​វេង សាខុន​) និយាយ​បាន​ត្រឹមតែ​ជា​ទ្រឹស្តី​​តែ​ប៉ុណ្ណោះ​» ​តែ​ការអនុវត្ត​ជាក់ស្តែង​នៅមាន​កម្រិត​នៅឡើយ​។

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ លោក ស្រី វុឌ្ឍី មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះ​បាន​ទេ​៕