ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេង សាខុន បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អាមេរិក (US-ABC) ពិនិត្យ​លទ្ធភាព​ក្នុង​ការជួយ​កម្ពុជា​ប្រឆាំង​នឹង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ដើម្បី​គាំទ្រ​ដល់​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់​ក្រសួងកសិកម្ម​ពី​ម្សិលមិញ​។

សំណើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ក្នុង​ជំនួប​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​ស្ដីពី​ការ​ពិនិត្យមើល​កាលានុវត្តភាព​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​វិស័យ​ឯកជន​ក្នុង​ផលិតកម្ម​កសិកម្ម និង​ការផ្តួចផ្តើម​នានា​ដែល​ពាក់ព័ន្ធ​ដល់​ការពង្រីក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន និង​ចីរភាព​នៅ​កម្ពុជា​។

ក្រសួងកសិកម្ម​បាន​គូស​បញ្ជាក់​ថា​ដោយ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ចំពោះ​គោលនយោបាយ​គាំពារ​ជា​អាទិភាព​លើ​វិស័យ​កសិពាណិជ្ជកម្ម និង​កសិឧស្សាហកម្ម​នៅ​កម្ពុជា ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អាមេរិក​បាន​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ភ្លាមៗ បន្ទាប់ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​លើក​ទី​ ៤១ ​ដែល​ធ្វើឡើង​នៅ​ប្រទេស​ប្រ៊ុយណេ​ត្រូវ​បាន​បញ្ចប់​។

ឆ្លៀត​ក្នុងឱកាស​នោះ លោក​ សាខុន ​បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-​អាមេរិក ពិនិត្យ​លទ្ធភាព​ក្នុង​ការជួយ​ដល់​កម្ពុជា​ក្នុង​ការការពារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដើម្បី​ជួយ​គាំទ្រ​ដល់​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​។

ឆ្លើយតប​ទៅនឹង​សំណើ​នេះ ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អាមេរិក​បាន​សន្យាថា នឹង​នាំយក​នូវ​បច្ចេកវិទ្យា​កសិកម្ម​ថ្មីៗ​ដែល​ជួយ​កាត់បន្ថយ​ថ្លៃដើម​កសិកម្ម ជាពិសេស​ជួយ​សម្រួល​ដល់​បញ្ហា​ពលកម្ម​កសិកម្ម និង​កាត់បន្ថយ​ហានិភ័យ ដែល​បំផ្លាញ​ដោយ​សមាសភាព​ចង្រៃ និង​កាត់បន្ថយ​ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ (​ជី និង​ថ្នាំ​គីមី​) ​សម្រាប់​ការគាំទ្រ​ខ្សែចង្វាក់​ផលិតកម្ម​កសិកម្ម​នៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ​ក្រុមប្រឹក្សា​ធុរកិច្ច​នោះ​ក៏​បាន​សម្ដែង​ការចាប់​អារម្មណ៍​ចំពោះ​ការនាំចូល​ផលិតផល​មួយ​ចំនួន​ដែល​ជួយ​ដល់​ការកាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ពី​សារធាតុ​អាម៉ូញាក់​ដែល​មាន​នៅក្នុង​លាមក​សត្វ​ និង​បាន​ណែនាំ​នូវ​ផលិតផល​ដែល​ជួយ​ដល់​ផ្នែក​ជីវសុវត្ថិភាព​ក្នុង​បរិវេណ​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​ដើម្បី​ការពារ​ជំងឺឆ្លង​សត្វ​នានា​ដូចជា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ប្រភេទ​ផលិតផល​លាយ​ជាមួយ​ចំណី​សត្វ​ដែល​អាច​ជួយ​ផ្សុំា​ទៅ​នឹង​ជំងឺ និង​កាត់​បន្ថយ​ការប្រើប្រាស់​វ៉ាក់សាំង​ការពារ​ដល់​កសិករ​កម្ពុជា​ផងដែរ​។

ជុំវិញ​ការលើក​ឡើង​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អាមេរិក​នេះ​ លោក​សាខុន មាន​សុទិដ្ឋិនិយម​ថា​៖ «​តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក​កម្ពុជា​នឹង​អាច​ទទួល​បាន​នូវ​បច្ចេកទេស និង​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​ផលិតកម្ម​កសិកម្ម ហើយ​អាច​នឹង​ឈាន​ទៅ​ជួយ​ដល់​ការបង្កើន​ជីវភាព​កសិករ​នៅ​តាម​ទីជនបទ​»​។

លោក​ក៏​សង្ឃឹម​ថា ការបញ្ជូល​បច្ចេកវិទ្យា​នៅក្នុង​កសិកម្ម​ក៏​នឹង​អាច​ជួយ​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​ផង​ដែរ ហើយ​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​កំពុង​យក​ចិត្ត​ទុកដាក់​ក្នុង​ការទទួល​ទាន​ម្ហូបអាហារ​ដែល​មាន​គុណភាព និង​មាន​ការបញ្ជាក់​គុណភាព​ច្បាស់លាស់ ដើម្បី​ធានា​ដល់​សុខុមាលភាព​។

បើ​តាម​លោក នូ យុត្តិកា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា ការដែល​ថ្នាក់​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អាមេរិក​នូវ​បញ្ហា​ខាងលើនេះ ដោយសារ​តែ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ការលូតលាស់​ផ្នែក​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​ផលិតកម្ម ចិញ្ចឹម​ជ្រូក ហើយ​ផលប៉ះពាល់​នេះ​មិន​ចំពោះ​តែ​កម្ពុជា​នោះ​ទេ តែ​វា​បាន​ប៉ះពាល់​ជា​លក្ខណៈ​សកល​។

លោក​ថា​៖ «​ថ្វីបើ​បច្ចុប្បន្ន ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ស្ងប់ស្ងាត់ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​ការ​ជំនួយ​គាំទ្រ​ផ្នែក​បច្ចេកទេស វិទ្យាសាស្ត្រ​ថ្មីៗ​រួមទាំង​គ្រឿង​សម្ភារ​បរិក្ខារ និង​ថ្នាំ​ព្យាបាល ព្រមទាំង​វ៉ាក់សាំង បន្ថែមទៀត ដើម្បី​ការពារ​ការចម្លង​រីករាលដាល​នៃ​ជំងឺ​នេះ និង​ដើម្បី​គាំទ្រ​ដល់​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​»​។

យោង​តាម​តុល្យការ​ចុងក្រោយ​របស់​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​បសុព្យាបាល​គិត​ត្រឹម​ថ្ងៃទី​ ១២ ខែ​ កក្កដា ឆ្នាំ​ ២០១៩ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​សម្លាប់​សត្វ​ជ្រូក​នៅ​កម្ពុជា​សរុប​ចំនួន​ ២ ៥៥៧ ​ក្បាល​ ក្នុង​នោះ​សត្វ​ជ្រូក​ប្រមាណ​ជា​ជិត​ ៨០០ ​ក្បាល​ ត្រូវ​បាន​មន្ត្រី​ជំនាញ​រឹបអូស​យក​ទៅ​សម្លាប់ចោល​។ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ឡើង​ដំបូង​នៅ​កម្ពុជា​ក្នុង​អំឡុង​ខែ​មីនា​ដោយ​ចាប់ផ្ដើម​ពី​ខេត្ត​រតនគិរី ហើយ​បាន​រាលដាល​ទៅ​ខេត្ត​ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​ចុងក្រោយ​បាន​ផ្ទុះឡើង​នៅ​ឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល​៕