ភ្នំពេញៈ ​លោក​ឧបនាយករដ្ឋមន្ត្រី​​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​តំណាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅឯ​មហាសន្និបាត​អង្គការ​សហប្រជាតិ​(​អ.ស.ប) ​លើក​ទី​ ៧៤ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក​ចាប់ពី​ថ្ងៃទី​ ២៤ ​ដល់​ ២៨ ​ខែ​កញ្ញា​ជា​អ្វី​ដែល​អ្នក​តាមដាន​ចាត់ទុក​ជា​ឱកាស​បង្ហាញ​ឲ្យ​អន្តរជាតិ​យល់​ពី​ការពិត​នៅ​កម្ពុជា​។

មហាសន្និបាត​(​អ.ស.ប​) ​លើក​នោះ​​នឹង​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ «​ជំរុញ​កិច្ចប្រឹងប្រែង​ពហុភាគី​សម្រាប់​ការលុបបំបាត់​ភាពក្រីក្រ ការអប់រំ​ប្រកប​ដោយ​គុណភាព សកម្មភាព​អាកាសធាតុ និង​បរិយាប័ន្ន​»​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​សៅរ៍​។

សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា​លោក ប្រាក់ សុខុន នឹង​ថ្លែង​ពី​ការអភិវឌ្ឍ​​ឆ្ពោះ​ទៅ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ និង​កិច្ចប្រឹងប្រែង​ឆ្ពោះ​ទៅ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា​ និង​សារៈសំខាន់​នៃ​កិច្ចប្រឹងប្រែង​រួម​ក្នុងការ​ដោះស្រាយ​បញ្ហា​​ការប្រែប្រួល​អាកាសធាតុ ភេរវកម្ម​អំពើ​ជ្រុលនិយម​និង​អចន្តិនិយម និង​ការគំរាម​កំហែង​សន្តិសុខ​មិន​ប្រពៃណី​។

ជាមួយ​គ្នា​នេះ​លោក ប្រាក់​សុខុន ក៏​នឹង​ថ្លែង​ផងដែរ​ពី​បញ្ហា​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី ពហុភាគី​និយម តួនាទី​ច្បាប់​អន្តរជាតិ ផលប៉ះពាល់​ជា​អវិជ្ជមាន​នៃ​ព័ត៌មាន​ក្លែងបន្លំ និង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​មាន​ផលប្រយោជន៍ និង​ការព្រួយបារម្ភ​រួម​។

លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការចូលរួម​របស់​​កម្ពុជា​នេះ​គឺ​ក្នុង​នាម​ជា​សមាជិក​សកម្ម​មួយ​ដែល​គោរព​តាម​ធម្មនុញ្ញ​របស់​(​អ.ស.ប​) ​ព្រម​ទាំង​អនុវត្តតាម និង​ការពារ​ប្រព័ន្ធ​ពហុភាគី​និយម​។

លោក​ថា​៖ «​កម្ពុជា​ថ្វី​ដ្បិត​ជា​ប្រទេស​តូច តែ​ក៏មាន​តួនាទី​ចូលរួម​ជាមួយ​សមាជិក​ផ្សេង​ក្នុង​ការដោះស្រាយ​កិច្ចការ​សំខាន់ៗ​របស់​ពិភពលោក​ដែរ​» ។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា វា​ជា​ពេល​ដែល​កម្ពុជា​យក​ឱកាស​នេះ​បង្ហាញ​សមាជិក​ (​អ.ស.ប​) ​ឲ្យ​បាន​យល់​អំពី​សភាពការណ៍​ពិត​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា ។

លោក​បាន​បន្តថា វា​ក៏​ជា​ការបង្ហាញ​នូវ​ដំណើរ​នៃ​នយោបាយ​ការបរទេស​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ មធ្យោបាយ និង​គោលនយោបាយ​ផ្សេងៗ​ទៀត​ក្នុង​ន័យ​រក្សា​អធិបតេយ្យ ឯករាជភាព និង​ការពង្រីក​វិសាលភាព​នៃ​ទំនាក់ទំនង​ការទូត​។

លោក គិន ភា បញ្ជាក់​ថា​៖ «​កន្លងមក​នេះ​គឺ​មជ្ឈដ្ឋាន​នៃ​អតីត​បក្សប្រឆាំង​តែងតែ​លើក​ឡើង​អំពី​ការមិន​ទទួល​ស្គាល់​កម្ពុជា​ជា​រដ្ឋាភិបាល អី​ស្រប​ច្បាប់ ដោយសារ​តែ​ហេតុផល​ការបោះឆ្នោត​​ក្លែងក្លាយ ការស្លាប់​នៃ​ប្រជាធិបតេយ្យ​អី​ជាដើម​អ៊ីចឹង​។ ​នេះ​ជា​ពេលវេលា​មួយ​ដែល​បង្ហាញ​បន្ថែម​ទៀត​បន្ទាប់ពី​ការបង្កើតឡើង​រដ្ឋាភិបាល​រយៈពេល​ ១ ​ឆ្នាំ​ហើយ​ថា​តើ​ជំហរ​ ឬ​ក៏​តួនាទី​កម្ពុជា​នៅក្នុង​តំបន់​វា​មាន​សារៈសំខាន់​កម្រិតណា​ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ​បាន​ដឹង​ជាពិសេស​ឱ្យ​ពួក​មជ្ឈដ្ឋាន​បក្សប្រឆាំង​បាន​យល់​អំពី​ដំណើរ​ដ៏ត្រឹមត្រូវ​ក្នុង​នយោបាយ​ការបរទេស​របស់​កម្ពុជា​»​។

លោក ឯម សុវណ្ណរ៉ា អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា កម្ពុជា​អាច​បង្ហាញ​ពី​ជំហរ និង​ពី​ការប្តេជ្ញាចិត្ត និង​មោទនភាព​របស់​ខ្លួន​ដើម្បីឱ្យ​អន្តរជាតិ​គាំទ្រ​។

លោក​បាន​បញ្ជាក់ថា​៖ «...​អាច​ពញ្ញាក់​ស្មារតី​ខាង​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ឱ្យ​ពិនិត្យមើល​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​ដែល​កម្ពុជា​លើកឡើង​»​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក៏បាន​បញ្ជាក់​ដែរ​ថា​លោក ប្រាក់ សុខុន នឹង​ជួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ឆែក និង​រុស្ស៊ី​ហើយ​រំពឹងថា​នឹង​ជួប​ដាច់​ដោយ​ឡែក​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ផ្សេងទៀត និង​អគ្គលេខាធិការ​ អ.ស.ប ផងដែរ​៕