ភ្នំពេញៈ លោក​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ និង​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយចំនួន​បាន​បើក​កិច្ចសន្ទនា​តាមរយៈ​បច្ចេកវិទ្យា​បន្ទាន់ (Hot Line) កាលពី​ម្សិលមិញ​ជាមួយ​សមភាគី​វៀតណាម ដែល​ដឹកនាំ​ដោយ​លោក ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម​ដោយ​ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូវីដ​ ១៩​។

លោក ទៀ បាញ់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា លោក​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​វៀតណាម​ដែល​បាន​ផ្ដល់​សម្ភារ​មួយចំនួន​ដល់​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ រួមទាំង​កិច្ចសន្ទនា​ទៅលើ​បញ្ហា​មួយចំនួន​ទៀត ដែល​ប្រទេស​ទាំង​ ២ ​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​បន្ថែមទៀត​។

លោក​បញ្ជាក់ថា មូលហេតុ​នាំឱ្យ​កើតមាន​កិច្ចសន្ទនា​នេះ គឺ​ដោយសារ​លោក និង​លោក ង៉ូស៊ុនលិច្ស ខាន​ជួប​ពិភាក្សា​គ្នា​យូរ​បន្ទាប់ពី​ផ្ទុះឡើង​ជំងឺឆ្លង​កូវីដ​ ១៩​។

លោក ទៀ បាញ់ បាន​ថ្លែងថា​៖ «​ធម្មតា! ការសន្ទនា​គ្នា​គឺ​បាន​ថ្លែង​ពី​ការយោគយល់ និង​ការយល់ដឹង​ពី​គ្នា​នូវ​អ្វី​ដែល​ត្រូវ​សហការ​គ្នា​ដើម្បី​ពង្រឹង​បន្តទៀត ក៏ដូចជា​ការថ្លែងអំណរគុណ​អំពី​ការគ្រប់គ្រង​កូវីដ​ជាមួយ​គ្នា​ដែល​ធ្វើ​បានល្អ ទាំង​សិក្ខាកាម​កម្ពុជា​រៀន​នៅ​វៀតណាម​។ ការសន្ទនា​គ្នា វា​សុទ្ធតែ​ផ្ដល់​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​សងខាង ដើម្បី​ពង្រឹង​កិច្ចការងារ​មួយចំនួន​ឱ្យ​វា​បាន​កាន់តែ​ល្អ​ថែមទៀត​។ (​យើង​) ​ពិភាក្សា​តែ​លើ​កិច្ចសហប្រតិបត្តិការ​តែ​ប៉ុណ្ណោះ​ហ្នឹងឯង​»​។

ថ្វីដ្បិត​លោក ទៀ បាញ់ ថា​កម្ពុជា-វៀតណាម​មាន​កិច្ចសហប្រតិបត្តិការ​គ្នា​ល្អ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​កន្លងមក​ក្រសួង​សុខាភិបាល​កម្ពុជា ធ្លាប់បាន​បដិសេធ​ចំពោះ​សេចក្ដី​រាយការណ៍​របស់​ក្រសួង​សុខាភិបាល​វៀតណាម​ដែល​អះអាង​ថា មាន​អ្នកដំណើរ​ចេញពី​កម្ពុជា​មួយចំនួន​បាន​ឆ្លង​ជំងឺ​នេះ និង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​។

កាលណោះ ក្រសួង​សុខាភិបាល​កម្ពុជា​បានចាត់ទុក​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​ភាគី​ក្រសួងសុខាភិបាល​វៀតណាម ថា​ជា​ព័ត៌មាន​មិន​ពិត និង​មិនបាន​ផ្ដល់​កិច្ចសហការ​ដើម្បី​ផ្ដល់​ដំណឹង​ឱ្យ​គ្នា​ទៅវិញទៅមក មុន​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​។

កាលពី​ថ្ងៃ​ម្សិលមិញ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​រាយការណ៍​ថា អ្នកជំងឺ​ម្នាក់ទៀត​បាន​ជា​សះស្បើយ និង​ចេញពី​មន្ទីរពេទ្យ​ដែល​បាន​ធ្វើឱ្យ​អ្នក​ជាសះស្បើយ​ពី​ជំងឺ​នេះ​សរុប​កើន​ដល់​ ២៧៣ ​នាក់​ក្នុង​ចំណោម​អ្នកឆ្លង​ទាំងអស់​ចំនួន​ ២៧៤ ​នាក់​ដែល​បាន​រកឃើញ​នៅ​កម្ពុជា​តាំងពី​ថ្ងៃទី​ ២៧ ខែមករា​។ ក្នុង​រយៈពេល​ជិត​ ៣០ ​ថ្ងៃ​ចុងក្រោយ​នេះ​គឺ​កម្ពុជា​បាន​រកឃើញ​ករណី​នាំចូល​ជំងឺ​កូវីដ​ ១៩​ តែ​ ១ ​ករណី​ប៉ុណ្ណោះ ក្រោយពី​មាន​ការបិទ​ជើងហោះហើរ​មកពី​ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ជា​ប្រទេស​កំពុង​ឆ្លង​រាលដាល​ខ្ពស់​។

ទោះជា​យ៉ាងណា​កាលពី​ថ្ងៃ​ម្សិលមិញ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សរសេរ​សារ​បង្ហោះ​នៅក្នុង​ហ្វេសប៊ុក​ដោយ​បាន​​អំពាវនាវ​គ្រូបង្រៀន និង​សិស្ស​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​ការអនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព​សុខភាព​ជានិច្ច ដើម្បី​ការពារ​ការចម្លង​ជំងឺ​កូវីដ​១៩ ជាពិសេស​បន្ត​បង្ហាត់​សិស្ស​ឱ្យ​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ​ជែល ទឹក​អាល់កុល និង​ពាក់​ម៉ាស់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។

ការអំពាវនាវ​នេះ​ធ្វើឡើង​ ១ ​ថ្ងៃ បន្ទាប់ពី​ការបើក​ដំណើរការ​សាលារៀន​ដំណាក់កាល​ទី​ ២ បានចាប់ផ្ដើម​នៅ​ថ្ងៃទី​ ៧ ​កញ្ញា ​គឺ​ការបើក​សាលារៀន​ចាប់ពី​ថ្នាក់​មតេ្តយ្យ​សិក្សា​រហូតដល់​មធ្យមសិក្សា​មួយចំនួន និង​ថ្នាក់​ទី​ ៩ ​ដល់​ ១២ ​នៅ​ទូទាំង​ប្រទេស​។

ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​ នេះ​ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក៏​បាន​ថ្លែងអំណរគុណ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បង្ហាញ​អំពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការប្រយុទ្ធប្រឆាំង​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​ ជា​សកល ដោយ​បាន​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ក្រុមគ្រូពេទ្យ និង​ក្រុម​ការងារ​មនុស្សធម៌​បាន​ទៅកាន់​ប្រទេស​មួយចំនួន ដើម្បី​ផ្ដល់​សេវា​ដល់​អ្នក​ងាយ​រងគ្រោះ​បំផុត​។ នេះ​យោងតាម​លិខិត​ ១ ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ៧ ខែ​កញ្ញា​៕