ភ្នំពេញៈ លោករដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន សម្ពោធដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ ដែលផ្ដោតលើវិស័យចំនួន ៤ និងសៀវភៅមុខម្ហូប «រសជាតិនៃអង្គរ» ឬ The Taste of Angkor សម្រាប់មន្ត្រីការទូតកម្ពុជាអនុវត្ត និងធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យលើសពីការធ្វើការទូតតាមបែបប្រពៃណី។
ថ្លែងក្នុងពិធីដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រនេះកាលពីថ្ងៃទី ១៨ ខែមករា លោក ប្រាក់ សុខុន បានបញ្ជាក់ថា យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះផ្ដោតលើគោលដៅធំៗចំនួន ៤ រួមមានការជំរុញពាណិជ្ជកម្មអន្តរជាតិ, ការទាក់ទាញ ការវិនិយោគទុនផ្ទាល់ពីបរទេស, ការលើកកម្ពស់វិស័យទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរវប្បធម៌ បូករួមទាំងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរផងដែរ។ យុទ្ធសាស្ត្រនេះត្រូវបានតាក់តែងឡើងអស់រយៈពេលជាង ២ ឆ្នាំ។
ការអនុវត្តយុទ្ធសាស្ត្រនេះ ក្រសួងការបរទេសដើរតួជាអ្នកសម្របសម្រួល និងជំរុញយន្តការដែលមានស្រាប់ ដើម្បីទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ជំរុញឱ្យមានកំណើននៃការធ្វើពាណិជ្ជកម្មទ្វេភាគី និងពហុភាគី និងទាក់ទាញភ្ញៀវទេសចរតាមរយៈការពង្រឹងតម្លៃវប្បធម៌ខ្មែរនៅក្រៅប្រទេស។ ក្រសួងក៏ជាអ្នកអភិវឌ្ឍន៍ធនធានអ្នកការទូតជំនាន់ថ្មីប្រកបដោយវិជ្ជាជីវៈ សមត្ថភាពខ្ពស់សកម្មការពារ និងលើកស្ទួយផលប្រយោជន៍ជាតិលើគ្រប់វិស័យ។
លោកមានប្រសាសន៍ថា៖ «ក្រសួងការបរទេសបានប្តេជ្ញារៀបចំតាក់តែងនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះដើម្បីជាត្រីវិស័យក្នុងការពង្រឹងប្រសិទ្ធភាពការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទានពង្រឹងចន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ»។
ក្នុងរយៈពេលជាង ២ ឆ្នាំនេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានខិតខំជំរុញការងារការទូតសេដ្ឋកិច្ច តាមរយៈការពង្រឹងសមត្ថភាពធនធានមនុស្ស ការបណ្តុះបណ្តាលអ្នកការទូតឱ្យមានវិជ្ជាជីវៈការរៀបចំប្រមូល និងចងក្រងផ្ទាំងព័ត៌មានអំពីសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ នេះបើតាមលោក ប្រាក់ សុខុន។
លោកថា ទាំងអស់នេះគឺសម្រាប់អ្នកការទូតប្រើប្រាស់ និងជួបប្រាស្រ័យជាមួយភ្ញៀវ ធុរជន ពលរដ្ឋ និងថ្នាក់ដឹកនាំនៃប្រទេសម្ចាស់ផ្ទះជាមិត្ត។ លើសពីនេះផ្ទាំងព័ត៌មានក៏នឹងត្រូវប្រើប្រាស់នៅពេលចូលរួមពិធីតាំងពិព័រណ៍ ពាណិជ្ជកម្ម វប្បធម៌ការធ្វើបទបង្ហាញទាក់ទាញវិនិយោគ និងការជួយសម្របសម្រួលនូវដំណើរ និងសំណើរបស់ធុរជន និងក្រុមហ៊ុនបរទេសនានា។
លោកបានរៀបរាប់ថា កម្ពុជារងនូវផលប៉ះពាល់បណ្ដាលមកពីកូវីដ១៩ ឥទ្ធិពលនៃការប្រកួតប្រជែងនៃមហាអំណាចក៏ដូចជាការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ ភាគរយដោយសហភាពអឺរ៉ុប។ ប៉ុន្តែកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងការកំណែទម្រង់មុតស្រួចជាច្រើនដើម្បីជួយដល់អ្នកវិនិយោគ និងស្ដារសេដ្ឋកិច្ចឡើងវិញ។
លោកមានប្រសាសន៍ថា៖ «ស្ថានការណ៍ដូចបានរៀបរាប់នេះ កាន់តែបញ្ជាក់ឱ្យយើងឃើញច្បាស់ពីភាពត្រឹមត្រូវ និងចាំបាច់បំផុតក្នុងការផ្លាស់ប្តូររបៀបរបបការងារ ពីការធ្វើការទូតប្រពៃណីមកជាការទូតដែលផ្តោតសំខាន់ដល់ការលើកស្ទួយសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ពោលគឺការអនុវត្តគោលនយោបាយការបរទេសមួយដែលយកវិបុលភាពសេដ្ឋកិច្ចធ្វើជាស្នូល។ គ្មានប្រទេសណាដែលបានទទួលជោគជ័យ ដោយមិនយកបញ្ហាសេដ្ឋកិច្ចធ្វើជារបៀបវារៈសំខាន់របស់ខ្លួនឡើយ»។
លោកក៏ស្នើឱ្យមន្ត្រីស្ថានទូតខ្មែរជ្រើសរើសយកមុខម្ហូបពីសៀវភៅ The Taste of Angkor ដើម្បីទទួលភ្ញៀវដែលមានមុខម្ហូបជាង ៣០ មុខរួមមានទាំងប្រហុកខ្ទិះ និងអាម៉ុក។ សៀវភៅនេះក៏នឹងត្រូវជូនជាវត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវដើម្បីពួកគាត់អាចសាកល្បងម្ហូបខ្មែរ។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានថ្លែងថា ក្រោមការជួយជ្រោមជ្រែងពីក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា លោកផ្ទាល់ និងមន្ត្រីការទូតនៅស្ថានទូតផ្សេងៗទៀតបានអនុវត្តបណ្ដើរៗហើយនូវយុទ្ធសាស្ត្រនេះ។ កិច្ចការដែលលោកបានធ្វើមានដូចជាការផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយវិស័យឯកជននៅប្រទេសកូរ៉េឱ្យយល់ដឹងអំពីបរិយាកាសវិនិយោគនៅកម្ពុជា។ តាមការណែនាំរបស់លោក ប្រាក់ សុខុន មន្ត្រីស្ថានទូតគឺជាភ្នាក់ងារលក់។ យ៉ាងណាក៏ដោយ នៅពេលមានសៀវភៅយុទ្ធសាស្ត្រនេះវានឹងក្លាយជាត្រីវិស័យដែលកាន់តែច្បាស់ជាងមុន។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងទេដើម្បីឱ្យយើងទាំងអស់គ្នាធ្វើការងារជំរុញគោលដៅទាំង ៤ ចំណុចនោះ វាទាល់តែអ្នកការទូតយើងទាំងអស់មានមូលដ្ឋានច្បាស់លាស់ ដូចជាគោលការណ៍ណែនាំ គោលនយោបាយ ថាតើការទូតសេដ្ឋកិច្ចធ្វើលើផ្នែកអ្វីខ្លះ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការរៀបចំយុទ្ធសាស្ត្របែបនេះគឺជាការធ្វើកំណែទម្រង់ការទូតពីបែបប្រពៃណីមកជាការទូតសេដ្ឋកិច្ច ដែលអ្នកការទូតកម្ពុជានៅក្រៅប្រទេសមិនមែនត្រឹមតែជាអ្នកតំណាងឱ្យកម្ពុជាតែផ្នែកនយោបាយទេ ប៉ុន្តែជាអ្នកទាក់ទាញអ្នកវិនិយោគមករកស៊ីនៅកម្ពុជា។
លោកថ្លែងថា៖ «ចុងក្រោយយើងឃើញក្រសួងការបរទេសខិតខំជំរុញឱ្យអ្នកការទូតកាន់តែមានសមត្ថភាពខ្ពស់អាចតំណាងឱ្យផលប្រយោជន៍កម្ពុជាលើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិស័យផ្សេងទៀត»។
លោកថា ការធ្វើកំណែទម្រង់នេះកើតចេញពីឆន្ទៈនយោបាយរបស់រដ្ឋាភិបាល កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋមន្ត្រីការបរទេស និងស្របទៅតាមការវិវឌ្ឍស្ថានការណ៍នៅក្នុងតំបន់ និងពិភពលោក៕