ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាលបានអះអាងថា ក្រសួង បានផ្ញើលិខិតដោយផ្ទាល់ទៅអភិបាលខេត្ត នៅទូទាំងប្រទេស ដើម្បីស្នើឲ្យអាជ្ញាធរដែនដីមានវិធានការ និងទប់ស្កាត់ទីតាំងខារ៉ាអូខេមួយចំនួនដែលលួចលាក់បើកដោយមិនស្ដាប់ការណែនាំវិធានការពារជំងឺកូវីដ ១៩ ក្នុងអំឡុងពេលដែលរដ្ឋាភិបាលហាមឃាត់ក្នុងន័យបញ្ចៀសការរីករាលដាលជំងឺនេះ។ ការអះអាងយ៉ាងដូច្នេះបានធ្វើឡើងនៅក្នុងអំឡុងពេលលោក រដ្ឋមន្ត្រី ដឹកនាំក្រុមការងារចូលរួមក្នុងពិធីដាក់ដំណើរការកម្មវិធី Smart Hospital e-Health Yoeung នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួងកាលពីថ្ងៃទី ២២ ខែមិថុនា។
លោក ម៉ម ប៊ុនហេង បានថ្លែងថា៖ «ខ្ញុំបានសរសេរសេចក្តីណែនាំផ្ញើទៅអាជ្ញាធរមូលដ្ឋានហើយ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានមានវិធានការលើរឿងនេះ។ ព្រោះខ្ញុំសង្កេតឃើញឥឡូវមានកន្លែងខ្លះ ខ្ញុំចេះតែតាមដានទៅមើលគឺមានកន្លែងខ្លះមានការលួចលាក់បើក ដោយបើកមិនចំហ។ អានេះជាបញ្ហាដែរ ពេលបើកលួចលាក់! ចាំគេឲ្យបើកសិនទៅ»។
លោក ម៉ម ប៊ុនហេង បន្ថែមថា៖ «យើងធ្វើយ៉ាងម៉េចកុំទាន់ឲ្យបើកខារ៉ាអូខេ ព្រោះខារ៉ាអូខេជាបន្ទប់ជិត ហើយស្រែកឮៗជាមួយគ្នា ដល់ពេលអ្នកណាមានផ្ទុកជំងឺកូវីដ គឺមានឆ្លងនៅពេញបន្ទប់នេះទាំងអស់គ្នា។ ចាំតិច ចាំដល់វាស្រាលទៅ ចាំយើងច្រៀង ចាំយើងបើកខារ៉ាអូខេវិញ ព្រោះបើបើកឥឡូវ បើវាឈឺទៅ វាស្លាប់ទៅ វាខានច្រៀងទៀត ពេលអស់កូវីដទៅ»។
ចាប់តាំងពីការរកឃើញករណីអ្នកឆ្លងកូវីដ ១៩ ជាលើកដំបូងនៅកម្ពុជា កាលពីដើមខែមីនា ឆ្នាំ ២០២០ មក រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យបិទបណ្តោះអាសន្ននូវអាជីវកម្ម និងកន្លែងសាធារណៈមួយចំនួនជាបន្តបន្ទាប់ ដូចជាសាលារៀន ខារ៉ាអូខេ រោងកុន កាស៊ីណូ ក្លិប និងមជ្ឈមណ្ឌលហាត់ប្រាណ។ល។ រហូតឈានដល់ការប្រកាសបិទប្រទេសក្នុងរយៈពេលខ្លីផងដែរ ដើម្បីបង្ការការឆ្លងជំងឺនេះ។
ប៉ុន្តែក្រោយស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជាមានលក្ខណៈល្អប្រសើរឡើងវិញ រដ្ឋាភិបាលក៏បានប្រកាសឲ្យដំណើរការកន្លែងសាធារណៈមួយចំនួន ដូចជា សារមន្ទីរជាតិទូទាំងប្រទេស និងការដើរហើរ ប៉ុន្តែកន្លែងកម្សាន្តដូចជា ខារ៉ាអូខេនោះគឺមិនត្រូវបានអនុញ្ញាតនោះឡើយ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា អាជ្ញាធរដែនដីបានដាក់ចេញវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការលួចលាក់បើកខារ៉ាអូខេក្នុងអំឡុងពេលនេះ។
លោកបានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចក៏បានបន្តយកចិត្តទុកដាក់ និងបញ្ជាឲ្យអាជ្ញាធរថ្នាក់ក្រោម ចុះតាមដានជាប្រចាំផងដែរ ខណៈលោកបារម្ភថា ប្រសិនបើមានករណីផ្ទុះឡើងជាថ្មី នោះគឺជាការទទួលខុសត្រូវមួយផ្នែករបស់អាជ្ញាធរដែនដី។
លោកបញ្ជាក់ថា៖ «យើងតាមដានគ្រប់សកម្មភាពទាំងអស់ ព្រោះខ្លាចមានការលួចលាក់ដូចការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ សម្រាប់ជាទូទៅនៅក្នុងខេត្តកំពង់ស្ពឺ មិនមានកន្លែងណាដែលគាត់លួចបើកនោះទេ។ យើងបានអនុវត្តតាមការចង្អុលបង្ហាញរបស់ក្រសួង»។
ក្នុងពេលបច្ចុប្បន្នកម្ពុជានៅមានអ្នកផ្ទុកជំងឺកូវីដ ១៩ ចំនួន ៣ នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លងចំនួន ១៣០ នាក់ នៅទូទាំងប្រទេស ខណៈអ្នកផ្សេងបានព្យាបាលជាសះស្បើយ៕
វីដេអូ៖